ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ រកឃើញ​សាលារៀន​ឯកជន ២​ទៀត ដែល​ប្រាស្រ័យ​ទាក់ទង​នឹង​ប្រមុខ​ការទូត​ហុង​គ្រី
07, Nov 2020 , 11:55 am        
រូបភាព
​ក្រសួង​អប់រំ យុវជន និង​កីឡា រកឃើញ​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​២​បន្ថែមទៀត ដែលមាន​ប្រាស្រ័យ​ទាក់ទង​នឹង​គណ​:​ប្រតិភូ​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ដែល​ត្រូវបាន​គេ​រកឃើញ​ជំងឺ​កូ​វីដ​-១៩​។ នេះ​តាម​ការលើកឡើង​របស់ លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ដោយ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៧​វិច្ឆិកា​នេះ មាន​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​៦ ដែល​ពាក់ព័ន្ធ​នឹង​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុកគ្រី​នោះ មក​កម្ពុជា កាលពី​ថ្ងៃទី​៣​វិច្ឆិកា ឆ្នាំ​២០២០ កន្លងមក​។​

 
​លោក រស់  សុ​វាចា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey)​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នា​ព្រឹក​ថ្ងៃទី ៧ វិច្ឆិកា​នេះ ថា គ្រឹះស្ថានសិក្សា​ឯកជន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុកគ្រី​ទាំងនោះ  គឺ​បាន​ផ្អាក​ដំណើរ​ការសិក្សា​ក្នុង​ថ្នាក់រៀន ដោយ​បន្ត​ការសិក្សា​តាម​អន​ឡាញ​(Online) ក្នុង​រយ​:​ពេល​១៤​ថ្ងៃ​។ 
 
​បើតាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ​រូបនេះ គ្រឹះស្ថានសិក្សា​ឯកជន​ទាំង​៦​នេះ គឺ​សុទ្ធសឹង​ដែល​បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។ គ្រឹះស្ថានសិក្សា​ទី​១៖ មាន​បុគ្គលិក​១​រូប​, គ្រឹះស្ថានសិក្សា​ទី​២៖ មាន​សិស្ស​២​រូប​ដែលមាន​ឪពុកម្តាយ ដែល​បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។ 
 
​គ្រឹះស្ថានសិក្សា​ទី​៣៖ មាន​សិស្ស​២​រូប​ដែលមាន​ឪពុកម្តាយ​, គ្រឹះស្ថានសិក្សា​ទី​៤៖ មាន​សិស្ស​២​រូប​ដែលមាន​ឪពុកម្តាយ​, គ្រឹះស្ថានសិក្សា​ទី​៥៖ មាន​សិស្ស​២​រូប​ដែលមាន​ឪពុកម្តាយ បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។ រីឯ​គ្រឹះស្ថាន​ទី​៦៖ មាន​សិស្ស​២​រូប​មាន​ឪពុកម្តាយ ដែល​បាន​ទទួលទាន​អាហារ​ជាមួយ​អ្នក​ដែល​បាន​ប៉ះពាល់​នឹង​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។​
 
​សូម​រម្លឹកថា លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​ទើបតែ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ថ្ងៃទី​៣​វិច្ឆិកា គឺ​ត្រូវបាន​រកឃើញថា​មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​(COVID-19) ក្នុងអំឡុងពេល​ដាក់​ច​ត្តា​ឡី​ស័ក​ពេលទៅដល់​ប្រទេស​ថៃ​។  គិត​ត្រឹម​ថ្ងៃទី​៧​វិច្ឆិកា ឆ្នាំ​២០២០២ កម្ពុជា​រកឃើញ​មនុស្ស​ជាង​៨០០​នាក់ មាន​ជាប់​ព័ន្ធ​ពាន់​នឹង​លោក Peter Szijjarto ដោយ​ក្នុងនោះ​មាន​ទាំង សម្តេច ហ៊ុន សែន​, លោក ប្រាក់ សាខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ,  លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក សួស យ៉ា​រ៉ា សមាជិកសភា​កម្ពុជា​។ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម និង​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល ក៏បាន​ជួប​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី នៅក្នុង​ពិធី​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​រវាង​ភាគី​ទាំងពីរ រួមទាំង​អ្នកសារព័ត៌មាន​ជាច្រើនរូប​ផងដែរ​៕ 
 

Tag:
 COVID-19
  សាលារៀន​
© រក្សាសិទ្ធិដោយ thmeythmey.com