ជាតិ
ក្រៅពី​តំបន់ឆ្នេរ ខេត្ត​កែប​កំពុង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍​បន្ថែម​ដើម្បី​បង្កើន​ភាពសម្បូរ​បែប​
07, Nov 2020 , 4:59 pm        
រូបភាព
ដោយ:
​ខេត្ត​កែប បាន​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងច្រើន ដ្បិតថា​សម្រស់​ឆ្នេរកែប មាន​ខ្សាច់​សក្បុស​។ ជាមួយនឹង​សក្តានុពល​ទេសចរណ៍​ឆ្នេរ​ខ្សាច់ ខេត្ត​កែប​កំពុង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​-​ទេសចរណ៍​ដើម្បី​ធ្វើ​ឲ្យ​តំបន់​ទេសចរណ៍​ខេត្ត​នេះ​កាន់តែ​មាន​ភាព​សម្បូរបែប ដើម្បី​ជា​ផ្នែក​មួយ​ទាក់ទាញ​ទេសចរ​បន្ថែម​។ នេះ​បើតាម​លោក សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប ប្រាប់​សារព័ត៌មាន ThmeyThmey25 កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។

 
​លោក សោម ចិន្តា បាន​ថ្លែង​ដូច្នេះ​ថា « យើង​មាន​គម្រោង​ពង្រីក​ផ្លូវ​នៅតាម​មាត់សមុទ្រ​។ ទី​ពីរ​ការពង្រីក ផលិតផល​ទេសចរណ៍​ថ្មី​នៅ​ឆ្នេរ​អង្កោល ព្រោះ​ទីនោះ​មាន​ឆ្នេរ​ក្សាច់​វែង​ស្អាត ប៉ុន្តែ​ត្រូវការ​លម្អរ​ឲ្យ​កាន់តែ​ស្អាត​។ ឆ្នេរ​អង្កោល នឹង​ប្រែ​មុខមាត់​ថ្មី​នៅពេល​ឆាប់ៗ​នេះ »​។ លោក​បន្តថា ភ្ញៀវទេសចរ ទៅ​កម្សាន្ត​នៅ​ខេត្ត​កែប អាច​ងូតទឹក​លេង​កម្សាន្ត​បាន ដែល​ធ្វើ​ឲ្យ​ឆ្នេរកែប​តែងមាន​ទេសចរ​ច្រើន​ទៅលេង​មិនចេះ​ដាច់​។ 
 
​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​រូបនេះ បាន​បន្ថែមថា សហគមន៍​អេកូ​-​ទេសចរណ៍​ភ្នំ​វ​ល្លិ៍ ក៏​ជា​ទិសដៅ​ទេសចរណ៍​ថ្មី​ដ៏​សំខាន់​មួយទៀត​ផងដែរ​ក្នុង​ខេត្ត​កែប​។ រដ្ឋបាលខេត្ត​កែប​ក៏​កំពុង​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និង​ការពង្រឹង​សេវាកម្ម​ម្ហូបអាហារ​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​។ 



 ឆ្នេរកែប រូបភាពពីទំព័រហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្តកែប

​លោក ចិន្តា បញ្ជាក់​ដូច្នេះ​ថា​៖ «​តំបន់ (​ទេសចរណ៍​)​សំខាន់​មួយទៀត គឺ​នៅ​តំបន់​ប្រវត្តិសាស្ត្រ សម័យ​សង្គ្រាម​ភ្នំ​វ​ល្លិ៍​ដែលជា​តំបន់​មាន​សក្តានុពល អេកូ​-​ទេសចរណ៍ និង​ក​សិ​-​ទេសចរណ៍ ដំណាំ​ហូប​ផ្លែ និង​ម្រេច ។ សក្តានុពល​ទេសចរណ៍​នៅ​តំបន់​នោះ​មាន​ភ្នំ មាន​ធម្មជាតិ​ស្រស់ស្អាត ម្យ៉ាងវិញទៀត តំបន់​នេះ​ជា​តំបន់​ខ្មែរក្រហម អ៊ីចឹង​នរណា​ក៏​ចង់​ស្គាល់​តំបន់​មួយ​នេះដែរ​»​។
 
​គួរបញ្ជាក់​ផងដែរ ខេត្ត​កែប​ទទួលបាន​ការគាំទ្រ​ជាខ្លាំង​ពី​សំណាក់​ភ្ញៀវទេសចរ ដោយ​កាលពី​ថ្ងៃ​ឈប់សម្រាក ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​នរោត្តម សីហមុនី និង​ពិធី​បុណ្យអុំទូក ខេត្ត​កែប​ទទួលបាន​ទេសចរ​ជិត ៤​ម៉ឺន​នាក់​៕


រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប


Tag:
 តំបន់ឆ្នេរ​
  សហគមន៍​ទេសចរណ៍​
  ខេត្ត​កែប​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com