ពីនេះ ពីនោះ
សុខភាព
ជំងឺ​ទាំង ៥ ដែល​នាំ​ឲ្យ​ឈឺ​ក្នុង​ទ្រូង​ដែរ​
08, Nov 2020 , 8:59 pm        
រូបភាព
​ការឈឺ​ទ្រូ​វ​មិនមែន​តែងតែ​បញ្ជាក់ថា​មាន​ជំងឺ​គាំងបេះដូង​ទាំងអស់​នោះទេ​។ វា​អាចជា​សញ្ញា​មួយ​នៃ​ការបង្ក​រោគ ឬ​ការ​រលា​កនៅ​សួត ឆ្អឹងខ្នង ឬ​បញ្ហា​ចំណីអាហារ​ដែរ​។ យ៉ាងណាមិញ ការបង្ក​រោគ​លើ​រចនាសម្ព័ន្ធ ឬ​ការ​រលា​កលើ​ជាលិកា​បេះដូង​ក៏​អាច​នាំ​ឲ្យ​មាន​ជំងឺ​ឈឺទ្រូង​ធ្ងន់ធ្ងរ​បានដែរ​។ ខាងក្រោម​នេះ​គឺជា​ជំងឺ​មួយចំនួន​ដែល​អាចធ្វើ​ឲ្យ​ឈឺទ្រូង ប៉ុន្តែ​មិនមែនជា​ជំងឺ​គាំងបេះដូង​ឡើយ​។​

 
​ការ​រលាក ឬ​ការបង្ក​រោគ​របស់​បេះដូង​
​អាកា​រៈ​នេះ​ស្តាប់ទៅ​ដូច​គាំងបេះដូង​ដែរ ប៉ុន្តែ​មិនមែន​ទេ គឺ​អ្នកជំងឺ​មាន​អារម្មណ៍​ឈឺ​ខ្ទ​កៗ​នៅ​ទ្រូង​ខាងឆ្វេង ហើយ​ឈឺ​ចាក់​ទៅ​ដៃ​ខាងឆ្វេង​។ ការ​រលាក​នៅ​សាច់ដុំ​បេះដូង​អាច​បណ្តាល​ឲ្យ​ឈឺ​តិចតួច​នៅ​ចំ​កណ្តាល​ទ្រូង​តែម្តង​។ មាន​ជំងឺ​ច្រើនណាស់​ដែលមាន​លក្ខណៈ​នៃ​ការឈឺ​ដូច​គាំងបេះដូង ប៉ុន្តែ​មិន​បញ្ជាក់ថា​ជាការ​ស្ទះ​បេះដូង​ទេ ដូចជា ការ​រលាក​សាច់ដុំ​បេះដូង ឬ​រលាក​ស្រោម​បេះដូង​ជាដើម​។​
 
​រចនាសម្ព័ន្ធ​មិនធម្មតា​របស់​បេះដូង​
​ថ្វីត្បិតតែ​រឿងនេះ​មិនកើត​មាន​ជា​ញឹកញាប់​ក៏ដោយ តែ​រចនាសម្ព័ន្ធ​បេះដូង​មិនធម្មតា អាច​បណ្តាល​ឲ្យ​ឈឺទ្រូង​ដែរ​។ បើសិនជា​អ្នក​ឈឺទ្រូង និង​ពិបាក​ដកដង្ហើម​ក្រោយពី​ហាត់ប្រាណ​រួច នោះ​វា​អាច​បញ្ជាក់ថា​ជា ជំងឺ​សាច់ដុំ​បេះដូង​រីក​ធំ (Hypertrophic Cardiomyopathy) ទៅវិញ​ទេ​។ វា​គឺជា​ជំងឺ​ហ្សែ​ន ដែល​សាច់ដុំ​បេះដូង​មាន​លក្ខណៈ​ក្រាស់​ខុសធម្មតា​។ ចំពោះ​ជំងឺ​ទាក់ទង​នឹង​ប្រើស​បេះដូង​ក៏​អាច​បណ្តាល​ឲ្យ​ឈឺ​ក្នុង​ទ្រូង​ដែរ​។​
 
​បញ្ហា​សួត​
​មូលហេតុ​មួយ​ដែល​ចំបង​ជាងគេ​នៃ​ការឈឺ​ក្នុង​ទ្រូង​ទាក់ទង​នឹង​សួត​នោះ​គឺ ការ​រលាក​ស្រោម​សួត​តែម្តង​។ វា​អាច​បណ្តាល​ឲ្យ​ឈឺ​ក្នុង​ទ្រូង​នៅពេល​ដកដង្ហើម ក្អក ឬ​កណ្តាស​។ ជំងឺ​សួត​ដូចជា រលាក​សួត ដែល​អាច​បណ្តាល​ឲ្យ​រលាក​ស្រោម​សួត ឬ​ជំងឺហឺត ក៏​ធ្វើ​ឲ្យ​ឈឺទ្រូង​ដែរ​។ ករណីខ្លះ ទោះបី​ជាមាន​កំណក​ឈាម​ក្នុង​ស្រោម​សួត​ក៏​អាច​នាំ​ឲ្យ​ឈឺ​ក្នុង​ទ្រូង​បានដែរ​។​
 
​បញ្ហា​ឆ្អឹង ឬ​សរសៃប្រសាទ​
​ករណីខ្លះ ការ​មាន​របួស​នៅ​ទ្រូង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ការ​រលាក​សរសៃប្រសាទ​សុទ្ធតែ​អាចធ្វើ​ឲ្យ​ឈឺទ្រូង​បាន​ទាំងអស់​។ ការ​រលាក​នៅ​ឆ្អឹងជំនី ឬ​ឈឺ​ចេញពី​ឆ្អឹងជំនី​ដែល​បាក់​អាចធ្វើ​ឲ្យ​ឈឺទ្រូង​ដែរ​។ ម្យ៉ាងវិញទៀត ការ​រលាក​សរសៃប្រសាទ​ដោយសារតែ​ជំងឺ​ប៉េ​ស ឬ​ជំងឺរើម​អាចធ្វើ​ឲ្យ​ឈឺ​ក្នុង​ទ្រូង​ដែរ​មុន​ពេលចេញ​រោគសញ្ញា​លើ​ស្បែក​។​
 
​បញ្ហា​ក្រពះ​ពោះវៀន​
​ការ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​ច្រើនតែ​មានការ​ច្រឡំ​នឹង​ជំងឺ​គាំងបេះដូង ព្រោះ​វា​ធ្វើ​ឲ្យ​ឈឺ និង​មិន​ស្រួល​ក្នុង​ទ្រូង​ដូចគ្នា​។ ករណីខ្លះ ការ​ក្អែល​អាហារ ឬ​ជំងឺ​ដំបៅ​ក្រពះ​ក៏​ប្រហែលជា​ចេញ​អា​ការៈឈឺ​ទ្រូង ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com