ពីនេះ ពីនោះ
«​ដំណឹង​ក្លែងក្លាយ​,​ព័ត៌មាន​ក្លែងបន្លំ​,​ព័ត៌មាន​ភាន់ច្រឡំ និង​ព័ត៌មាន​បំភ្លៃ​»​តើ​មានន័យ​ខុសគ្នា​ដូចម្តេច​?
09, Nov 2020 , 7:29 am        
រូបភាព
​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បានអនុម័ត​ឲ្យ​ប្រើពាក្យ​«​ដំណឹង​ក្លែងក្លាយ​,​ព័ត៌មាន​ក្លែងបន្លំ​,​ព័ត៌មាន​ភាន់ច្រឡំ និង​ព័ត៌មាន​បំភ្លៃ​»​ដែល​ស្នើ​ដោយ​ក្រសួង​ព័ត៌មាន​។ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បាន​ពន្យល់​ពាក្យ​ទាំងអស់នេះ​ដូចខាងក្រោម​។

 
«​ដំណឹង​ក្លែងក្លាយ​»​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស Fake News ហើយ​សរសេរ​ជា​ភាសា​បារាំង​ថា​«Fausse nouvelle»​មានន័យថា សាច់រឿង​មិន​ពិត​ដែល​ត្រូវបាន​គេ​ប្រឌិត ឬ​កែច្នៃ​ជា​ព័ត៌មាន​ក្នុង​ទម្រង់​ជា​អត្ថបទ រូបភាព វីដេអូ និង​សំឡេង ហើយ​យកទៅ​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​ប​ណ្តោ​ញ​សារព័ត៌មាន​ផ្សេងៗ ក្នុង​បំណង​កេងចំណេញ​នយោបាយ អាជីវកម្ម និង​ធ្វើ​ឲ្យ​ជ្រួលច្របល់​ក្នុងសង្គម​។ 
 
«​ព័ត៌មាន​ក្លែងបន្លំ​» សរសេរ​ជា​ភាសា​អង់គ្លេស Disinformation ហើយ​ជា​ភាសា​បារាំង Désinformation ដែល​មានន័យថា ប្រភពព័ត៌មាន​មិន​ពិត​ដែល​បាន​បង្កើតឡើង ហើយ​យកទៅ​ផ្សព្វផ្សាយ ឬ​ចែកចាយ​ដោយ​ចេតនា​ដើម្បី​បំភាន់ ឬ​បោកប្រាស់​សាធារណជន ក្នុង​គោលបំណង​បង្ក​ផលប៉ះពាល់​ដល់​ជនណាម្នាក់ អង្គការ​ណាមួយ ឬ​ប្រទេស​ណាមួយ​។ 
 
«​ព័ត៌មាន​ភាន់ច្រឡំ​»​សរសេរ​ជា​ភាសា​អង់គ្លេស Misinformation ហើយ​ជា​ភាសា​បារាំង Mésinformation ដែល​មានន័យថា ប្រភពព័ត៌មាន​មិន​ពិត​ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ ឬ​ចែករំលែក​តៗ​គ្នា​ដោយ​ចេតនា ឬ​អ​ចេតនា​ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ ហើយ​ជួនកាល​អ្នក​ចែករំលែក​មិនដឹង​ច្បាស់​ពី​ប្រភព​នៃ​ព័ត៌មាន​ដែល​ខ្លួន​ទទួលបាន​ដោយ​គ្មាន​បំណង​ធ្វើ​ឲ្យ​ខូចខាត ឬ​ប៉ះពាល់​ផលប្រយោជន៍​បុគ្គល ស្ថាប័ន ឬ​ប្រទេស​ណាមួយ​ឡើយ​។ 
 
«​ព័ត៌មាន​បំភ្លៃ​»​សរសេរ​ជា​ភាសា​អង់គ្លេស និង​ភាសា​បារាំង​ដូចគ្នា​ថា Malinformation  ដែល​មានន័យថា ប្រភេទ​ព័ត៌មាន​មិន​ពិត​ដែល​ត្រូវបាន​គេ​កែច្នៃ​ពី​ព័ត៌មាន​ពិត ហើយ​ត្រូវបាន​គេ​យកមក​ផ្សព្វផ្សាយ ឬ ចែកចាយ​ក្នុង​ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​កិត្តិយស​បុគ្គល អង្គការ ស្ថាប័ន ឬ​ប្រទេស​ណាមួយ​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com