ជាតិ
ឯករាជ្យ​ជាតិ​ អាចស្ថិតនៅគង់វង្ស លុះត្រា​ខ្មែរ​សាមគ្គី​គ្នា
09, Nov 2022 , 10:40 am        
រូបភាព
ទិដ្ឋភាពនៃពិធីបុណ្យឯករាជ្យជាតិលើកទី៦៩ឆ្នាំ នៅវិមានឯករាជ្យជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាពនៃពិធីបុណ្យឯករាជ្យជាតិលើកទី៦៩ឆ្នាំ នៅវិមានឯករាជ្យជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។
​មិនមែន​តែ​រាជរដ្ឋាភិបាល​ឡើយ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប មាន​កាតព្វកិច្ច​ក្នុងការ​ការពារ​ឯករាជ្យ អធិបតេយ្យ និង បូរណភាព​ទឹកដី ពោលគឺ​ជាតិ​មាតុភូមិ​ទាំងមូល​។ ដើម្បី​អាច​ការពារជាតិ​មាតុភូមិ​បាន លុះត្រាតែ​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ មាន​សាមគ្គីភាព​។



​ទម្រាំ​តែ​កម្ពុជា អាច​ដកខ្លួន​ចេញពី​នឹម​អាណានិគម​បារាំង និង​ទទួលបាន​ឯករាជ្យ​ជាតិ​មកវិញ មិនមែនជា​ការងាយស្រួល​ឡើយ ដោយ​បុព្វបុរស​របស់​យើង ជាពិសេស​ព្រះបាទ នរោត្តម សីហនុ រួមទាំង​ឥស្សរជន​ខ្មែរ​ដទៃទៀត ប្រឹង​សស្រាក់សស្រាំ​និង​តស៊ូ​យ៉ាងខ្លាំង​ក្លា​។ ដូច្នេះ ក្នុងនាម​ជា​អ្នកជំនាន់ក្រោយ យើង ត្រូវ​ប្រឹង​ប្រែង​ថែរក្សា​ឯករាជ្យ​ជាតិ​ឲ្យ​បាន​គង់វង្ស ដោយ​មិនត្រូវ​ឲ្យ​បរទេស​ណា​មក​បំពាន​ជាដាច់ខាត​។ 
 
​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ច្បាស់​ណាស់​ពី​ការរួមចំណែក​ទាំងអស់​គ្នា ទាំង​ប្រជាពលរដ្ឋ និងរាជ​រដ្ឋាភិបាល ក្នុងការ​ការពារ​ប្រទេសជាតិ​។ មាត្រា​៧ ចែងថា ព្រះមហាក្សត្រ ទ្រង់​ជា​អ្នកធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ និង បូរាណ​ភាព​ទឹកដី​។​ មាត្រា​៤៩ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប មាន​កាតព្វកិច្ច​រួមចំណែក​កសាង​ប្រទេសជាតិ និង ការពារ​មាតុភូមិ​។ មាត្រា​៥២  ចែងថា រាជរដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញា​រក្សា​ការពារ​ឯករាជ្យ អធិបតេយ្យ​បូរណភាព​ទឹកដី អនុវត្ត​នយោបាយ​បង្រួបបង្រួម​ជាតិ ដើម្បី​ការពារ​ឯកភាព​ជាតិ​។ 
 
​ដើម្បី​អាច​ការពារ​ឯករាជ្យ​ជាតិ​និង​ទឹកដី​បាន ចាំ​ចាច់​ជាតិ​សាសន៍​មួយ ត្រូវតែមាន​សាមគ្គី​និង​ការ​រួបរួមគ្នា​ជា​ធ្លុង​មួយ ហើយ​ដើម្បី​អាចមាន​សាមគ្គី លុះត្រាតែ​សង្គម​មាន​យុត្តិធម៌ និង​គ្មាន​ការបង្ក​ភាពឈឺចាប់​ដល់​គ្នា​នឹង​គ្នា​។ ម្យ៉ាងទៀត ប្រជាពលរដ្ឋ និង​អ្នក​ន​យោ​យ​បាយ ត្រូវ​តម្កល់​រឿង​ជាតិ​ជាធំ​។ 
 
​កុំ​ព្រោះតែ​គំនុំគុំកួន​និង​ប្រយោជន៍​ផ្ទាល់ខ្លួន យើង បែរជា​សុខចិត្ត​ទៅ​ចូល​ដៃ​ចូល​ជើង​ជាមួយ​បរទេស​នោះទេ​។ តែ​ផ្ទុយ​មកវិញ យើង ត្រូវ​រៀន​លុបបំបាត់​គំនុំគុំកួន​ជាមួយ​គ្នាឯង​និង​ហ៊ាន​លះបង់​ប្រយោជន៍​ផ្ទាល់ខ្លួន ដើម្បី​ការពារជាតិ​មាតុភូមិ​។ ដូនតា​យើង​ជាច្រើនរូប បាន​បន្សល់ទុក​គំរូ​សម្រាប់​យើង ក្នុងការ​ការពារជាតិ​មាតុភូមិ​។ តួយ៉ាង មាន​ឧកញ៉ា សឺ​ន គុយ និង អាចារ្យ ហែម ចៀវ ជាដើម សុទ្ធតែ​ហ៊ាន​លះបង់​ជីវិត​ដើម្បី​ទឹកដី​។ 
 
​យើង ត្រូវ​រួមគ្នា​ការពារ​ទឹកដី សម្រាប់​កូនចៅ​យើង រស់នៅ​រាប់ពាន់​ឆ្នាំ​ទៅមុខទៀត ដូចដែល​ដូនតា​យើង បាន​បន្សល់ទុក​ទឹកដី​ដល់​យើង មកដល់​សព្វថ្ងៃនេះ​។ ហើយ​ដើម្បី​ឲ្យ​ជាតិ​សាសន៍​យើង មាន​សេចក្តីថ្លៃថ្នូរ​និង​ឥស្សរភាព លុះត្រាតែ​យើង មាន​ឯករាជ្យ​និង​អធិបតេយ្យភាព មិន​ស្ថិតក្រោម​អំណាច​បរទេស​ណាមួយ​។ ដើម្បី​កុំ​ឲ្យ​បរទេស មាក់ងាយ ជិះជាន់ ឈ្លានពាន និង ជះឥទ្ធិពល​មកលើ​ឯករាជ្យ​ជាតិ​របស់​យើង​បាន គឺ​ទាមទារ​ឲ្យ​យើង រួមកម្លាំង​គ្នា​។ 
 
​យើង មិនត្រូវ​ភ្លេច​ពាក្យ «​សាមគ្គីរស់ បែកបាក់​សាមគ្គី​ស្លាប់​» ឡើយ​៕ 
 
 

Tag:
 ឯករាជ្យ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com