កីឡាអន្តរជាតិ
អន្តរជាតិ
Juventus លក់ Ronaldo ដើម្បី​សន្សំ​៧០​ម៉ឺន​ដុល្លារ​មួយអាទិត្យ ទុក​ដោះស្រាយ COVID-19
12, Nov 2020 , 12:19 am        
រូបភាព
Juventus ត្រូវបាន​រាយការណ៍​ថា នឹងដាក់​លក់ Cristiano Ronaldo នៅមុន​ពេល​កិច្ចសន្យា​របស់​រូបគេ​ត្រូវ​បញ្ចប់ ដើម្បី​យកប្រាក់​ផ្គត់ផ្គង់​ក្លិប​អំឡុងពេល​វិបត្តិ COVID-19​។ Paris Saint-Germain ជា​ក្លិប​នាំមុខគេ​ក្នុងការ​នាំយក​ម្ចាស់​ពាន Ballon d'Or ៥​សម័យ​ទៅ​រួម​ក្រុម​។​



​ក្លិប​យក្ស​អ៊ីតាលី​ពិចារណា​លក់​ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​នៅ​ខែមករា​ខាងមុខនេះ​តែម្តង ដោយ​លើក​ហេតុផល​ថា ក្លិប​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​បង្កដោយ​ជំងឺ​រាតត្បាត​សកល​។ ការលក់ Ronaldo នៅមុន​បញ្ចប់​កិច្ចសន្យា​ឆ្នាំ ២០២២ មានន័យថា Juventus នឹង​ទទួលបាន​ថ្លៃ​ផ្ទេរ​មួយចំនួន ហើយ​ជាពិសេស​ពួកគេ​នឹង​កាត់បន្ថយ​ថ្លៃ​ពលកម្ម​ដ៏​ច្រើនសន្ធឹក​ក្នុង​ចំនួន ៣៧​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ឬ​ជិត​៧២​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​។​
 
​ខ្សែប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ មាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​ក្នុង​ក្រុម​សេះបង្កង់ ដែលមាន​ចំនួន​លើស​ខ្សែការពារ Matthijs de Ligt ដែលមាន​បៀវត្ស​ច្រើនជាងគេ​លំដាប់​ទី​២​ដល់​ទៅ​បួន​ដង​។ បើតាម​ការផ្សាយ​របស់ The Sun នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា Juventus អាច​នឹង​អនុញ្ញាត​ឲ្យ​អតីត​សមាជិក​ក្រុម Manchester United និង Real Madrid ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ទៀតផង​។​
 
​ការ​ឲ្យ Ronaldo ចាកចេញ​នឹង​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ដើម្បី​ឲ្យ​ម្ចាស់​ជើងឯក​លី​គ​កំពូល​អ៊ីតាលី Serie A នេះ អាច​ដោះស្រាយ​បញ្ហា​របស់ខ្លួន​បាន​យ៉ាង​ស្រួល​។​
​ប្រសិនបើ Ronaldo ពិតជា​ចាក​ចេញពី Juventus មែន ក្លិប​ដែលមាន​ភាគរយ​ខ្ពស់​ក្នុងការ​ហ៊ានថ្លៃ​ពលកម្ម​ខ្ព​ស់គឺ PSG​។ ក្លិប​យក្ស​បារាំង​មួយ​នេះ ក៏​ធ្លាប់មាន​ការចុះផ្សាយ​ថា​ចង់បាន​ខ្សែប្រយុទ្ធ​ចាស់វស្សា​នេះ​ទៅ​ជួយ​ក្រុម​ផងដែរ​កាលពី​រដូវ​កាល​មុន បើទោះបី​ពួកគេ​មាន​កីឡាករ​ឆ្នើម​ដូចជា Kylian Mbappé, Neymar រួចហើយ​ក្តី​។​
 
Ronaldo ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​បាន​ផ្លាស់​ពី Real Madrid ទៅកាន់​ទឹកដី​អ៊ីតាលី​ក្នុងតម្លៃ ១០០​លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៨​។ ចូលដល់​រដូវ​កាល​ទី​៣ ម្ចាស់​ពាន Ballon d'Or ៥​សម័យ រកបាន​៧១​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៩៤​ប្រកួត​សម្រាប់​ក្រុម Juventus៕
 
 

Tag:
 Cristiano Ronaldo
  Juventus
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com