អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុមអ្នកគាំទ្រលោកត្រាំ ចេញបាតុកម្មផ្ដាច់ព្រ័ត្រនៅរដ្ឋធានីវ៉ាស៊ីនតោន
15, Nov 2020 , 10:42 am        
រូបភាព
ក្រុមអ្នកគាំទ្រលោកប្រធានាធិបតិជិតផុតអាណត្តិ ដូណាល់ ត្រាំ ធ្វើបាតុកម្ម នៅរដ្ឋធានី វ៉ាស៊ីនតោន នៅថ្ងៃទី ១៤ ខែវិច្ឆិកា ។ រូបភាព៖ AFP
ក្រុមអ្នកគាំទ្រលោកប្រធានាធិបតិជិតផុតអាណត្តិ ដូណាល់ ត្រាំ ធ្វើបាតុកម្ម នៅរដ្ឋធានី វ៉ាស៊ីនតោន នៅថ្ងៃទី ១៤ ខែវិច្ឆិកា ។ រូបភាព៖ AFP
ដោយ:
ក្រុមអ្នកគាំទ្ររបស់លោកដូណាល់ ត្រាំ រាប់ពាន់នាក់ បានចេញធ្វើបាតុកម្មផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ក្នុងរដ្ឋធានី វ៉ាស៊ីនតោន។ ពួកគេបានស្រែកទាមទារឲ្យប្រធានាធិបតីជិតផុតអាណត្តិ ត្រាំ កាន់តំណែង៤ឆ្នាំទៀត ហើយថែមទាំងទម្លាក់កំហុសថាការបោះឆ្នោតមានការលួចបន្លំ ទើបធ្វើឲ្យលោកត្រាំបាត់បង់ឱកាសកាន់មួយអាណត្តិទៀត។ 

យ៉ាងហោចណាស់មនុស្ស ១ម៉ឺននាក់ ដែលតិចតួចប៉ុណ្ណោះពាក់ម៉ាស់ បានប្រមូលផ្ដុំគ្នានៅទីលានសេរីភាព Plaza ក្នុងទីក្រុងវ៉ាស៊ីនតោន មុនដើរឆ្ពោះទៅកាន់តុលាការកំពូល។ អ្នកខ្លះឃើញកាន់ទង់ជាតិបោះឆ្នោតលោកត្រាំ និងទង់ជាតិអាមរិក ហើយខ្លះកាន់បដាសរសេរថា«ជឿជាក់លើសហរដ្ឋអាមេរិក ពុំមែនប្រព័ន្ធផ្សព្វផ្សាយ»។ ពួកគេចង់សំដៅលើការប្រកាសលទ្ធផលឆ្នោតដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក។
 
លោក ត្រាំ បានបើករថយន្តកាត់អ្នកគាំទ្រលោកដែលធ្វើបាតុកម្មនេះ ខណៈលោកធ្វើដំណើរឆ្ពោះទៅកាន់ទីលានវាយកូនហ្កោល ហើយលោកក៏បានញញឹមដាក់ពួកគេតាមបង្អួចដើម្បីលើកទឹកចិត្តផងដែរ។ 
 
«ប្រធានាធិបតី ត្រាំ ស័ក្តិសមនឹងមើលឃើញនរណាដែលគាំទ្រលោក ហើយលោកស័ក្តិសមនឹងទទួលក្តីស្រលាញ់»។ អ្នកគាំទ្រលោកត្រាំម្នាក់មកពីទីក្រុង Batimore ឈ្មោះ Kris Napolitana ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ ហើយនាងជឿថា លោកប្រធានាធីបតីនឹងឈ្នះ នៅពេលគេរកឃើញការលួចបន្លំនិងបោកប្រាស់ទាំងអស់នោះ។
 
នៅក្បែរនោះ ក៏មានវត្តមានក្រុមអ្នកប្រឆាំងនឹងក្រុមអ្នកគាំទ្រលោកត្រាំផងដែរ ដោយខ្លះស្រែករឿងយុត្តិធម៌សង្គម ហើយខ្លះស្រែកឲ្យអ្នកគាំទ្រលោកត្រាំថាអត់ពាក់ម៉ាស់ ខណៈស្ថានការណ៍ជំងឺរាតត្បាតសកលកូវីដ-១៩កាន់តែអាក្រក់ខ្លាំងពីមួយថ្ងៃទៅមួយ។ គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ករណីកូវីដ-១៩នៅអាមេរិកឡើងដល់ជិត១១លានករណីហើយ ក្នុងនោះអ្នកស្លាប់ឡើងដល់ ២៤៥ ០០០នាក់។ 
 
យ៉ាងណាមិញ គ្មានការប៉ះទង្គិចធំដុំ ត្រូវបានរាយការណ៍ឡើយអំឡុងបាតុកម្មនេះ តែប៉ូលិសអះអាងថាមនុស្ស១០នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះ ៤នាក់ល្មើសច្បាប់កាន់អាវុធ ហើយម្នាក់បៀតបៀនសមត្ថកិច្ច ។
 
លោក ដូណាល់ ត្រាំ នៅតែទាន់ព្រមចុះចាញ់ប្រធានាធិបតីទើបជាប់ឆ្នោតអាមេរិក ចូ បៃឌិន ដែលទទួលសំឡេងប្រតិភូរហូតដល់ ៣០៦ ទល់នឹង ២៣២ទៅហើយនោះ។ លោកត្រាំបន្តរឹងរូសចោទប្រកាន់គ្មានភស្តុតាងថា ការបោះឆ្នោតមានការលួចបន្លំ ហើយប្ដឹងតវ៉ាប្រឆាំងលទ្ធផលឆ្នោតនេះ។ 
 
ដោយឡែក ក្នុងសប្ដាហ៍នេះ មន្ត្រីចាត់ចែងការបោះឆ្នោតអាមេរិកប្រកាសថាគ្មានការលួចបន្លំសន្លឹកឆ្នោតឡើយ ហើយវាក៏ជាការបោះឆ្នោតមានសុវត្ថិភាពបំផុតក្នុងប្រវត្តិសាស្តិអាមេរិក។ ទោះបីជាលោកត្រាំមិនទាន់ព្រមចុះចេញក្តី លោក បៃឌិន បានចាប់ផ្ដើមដំណើរការផ្ទេរអំណាច ខណៈមេដឹកនាំពិភពលោកជាច្រើនបានផ្ញើសារអបអរ ក្នុងនោះក៏មានចិនផងដែរ។ ហើយបើគ្មានអ្វីប្រែប្រួល ការស្បថចូលកាន់តំណែងលោកបៃឌិន នឹងរៀបចំឡើងនាថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០៕  
 
 

Tag:
 ដូណាល់ ត្រាំ
  ការបោះឆ្នោតអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com