ពីនេះ ពីនោះ
សុខភាព
លំ​ហាត់ប្រាណ​ដោយ​ការដើរ​ញាប់ ជួយ​សម្រក​ខ្លាញ់​ក្បាលពោះ​
17, Nov 2020 , 6:59 am        
រូបភាព
​ការដើរ​ជួយ​ភ្ញោ​ច​ដល់​ភាព​សម​សន​យ៉ាង​ល្អ​សម្រាប់​ប្រព័ន្ធ​បេះដូង​សរសៃឈាម សម្រក​ទម្ងន់ បញ្ចុះ​ជាតិ​ខ្លាញ់ និង​សម្ពាធ​ឈាម​។ ការដើរ​ដោយ​គ្មាន​អាហារ​ក្នុង​ពោះ​សោះ អាចជួយ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​រហូតដល់​ទ្វេដង​ឯណោះ​។ ការ​ដែលមាន​ទម្លាប់​ដើរ​ច្រើន នឹង​គ្រប់គ្រាន់​សម្រាប់​បេះដូង​លោត​បាន​កាន់តែ​លឿន និង​ដកដង្ហើម​បាន​ជ្រៅៗ​។​

 
​ចំពោះ​ខ្លាញ់​ដុះ​ក្បាលពោះ​ច្រើនៗ​វិញ អាចជា​រឿង​មួយ​គ្រោះថ្នាក់​សម្រាប់​សុខភាព​ណាស់ ព្រោះ​វា​នឹង​ផ្តល់​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​ការរំលាយ​អាហារ និង​ប្រព័ន្ធ​បេះដូង​សរសៃឈាម ជាពិសេស​នៅពេល​ជាតិ​ខ្លាញ់​នោះ​កើនឡើង​ច្រើន​នៅ​ជុំវិញ​សរីរាង្គ​ក្នុង​ពោះ​បន្ថែមទៀត​។​
 
​ហេតុដូច្នេះ​ហើយ​ទើប​ការដើរ​ដោយ​ប្រើ​ល្បឿន​លឿន​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ជួយ​បង្កើន​ការរំលាយ​ជាតិ​ខ្លាញ់ និង​ចង្វាក់បេះដូង ព្រមទាំង​បង្កើន​ការផ្គត់ផ្គង់​អុកស៊ីសែន​ដល់​កោស​កា និង​ការរំលាយ​អាហារ ដូច្នេះ​ខ្លាញ់​ក្បាលពោះ​ក៏​ស្រក​បាន​ច្រើន​ដែរ​។​
 
​ការសិក្សា​ភាគច្រើន​បាន​បញ្ជាក់ថា ការដើរ​មុនពេល​ញ៉ាំ​អាហារ​ពេលព្រឹក​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ល្អ​បំផុត​។ សម្រាប់​អ្នក​ដែល​ចំណាយពេល​ដើរ​លឿនៗ​មុនពេល​ញ៉ាំ​អាហារ​ពេលព្រឹក ឃើញថា​ប្រើប្រាស់​ជាតិ​ខ្លាញ់​ពី​ក្នុង​ខ្លួន​បាន​ច្រើនជាង អ្នកដើរ​ដោយ​ញ៉ាំ​អាហារ​ពេលព្រឹក​រួច រហូតដល់ ៥០​ភាគរយ​ឯណោះ​។​
​តើ​គួរ​ដើរ​លឿន និង​ច្រើន​ប៉ុណ្ណា​ទៅ​?
 
​អ្នក​ត្រូវតែដើរ​ក្នុង​ល្បួ​ន​មួយ​លឿន​ល្មម ដូច្នេះ​បេះដូង​នឹង​លោត​បាន​កាន់តែ​លឿន ហើយ​ដកដង្ហើម​បាន​កាន់តែ​ជ្រៅៗ​។ បើសិនជា​ការដើរ​រប​ស់​អ្នក​រហូតដល់​ធ្វើ​ឲ្យ​និយាយ​អ្វី​មិនទាន់ នោះ​មានន័យថា ការដើរ​នេះ​លឿន​ពេក​ហើយ​។ យក​ល្អ​គួរតែ​ចំណាយពេល​ដើរ​យ៉ាងតិច​បំផុត​ត្រឹម ៣០ ទៅ​៦០​នាទី​ក្នុង​មួយថ្ងៃ ចំនួន ៤ ទៅ​៦​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com