អន្តរជាតិ
ប្រមុខ​ការទូត​ស៊ី​រី និង​ជា​អ្នកការពារ​រដ្ឋាភិបាល​លោក អាសាដ យ៉ាង​មុតមាំ ស្លាប់​ក្នុង​វ័យ​៧៩​ឆ្នាំ​
16, Nov 2020 , 5:18 pm        
រូបភាព
លោក Walid al-Moalem រដ្ឋមន្ត្រីការបរទេសស៊ីរីដែលទទួលមរណភាព។ រូបភាព Xinhua
លោក Walid al-Moalem រដ្ឋមន្ត្រីការបរទេសស៊ីរីដែលទទួលមរណភាព។ រូបភាព Xinhua
ដោយ:
​លោក Walid al-Moalem រដ្ឋមន្ត្រីការបរទេស​ស៊ី​រី និង​ជាម​នុស្ស​ជំនិត​របស់​ប្រធានាធិបតី បា​សា អាល់​អាសាដ ទទួលអនិច្ចកម្ម នៅ​ថ្ងៃទី​១៦ វិច្ឆិកា ក្នុង​វ័យ​៧៩​ឆ្នាំ​។ លោក Al-Moalem ត្រូវបាន​សហគមន៍​អន្តរជាតិ​ស្គាល់​ថា ជា​អ្នកការពារ​រដ្ឋាភិបាល​ស៊ី​រី​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ជម្លោះ​ក្នុងស្រុក​តាំងពី​ឆ្នាំ​២០១១ ក៏ដូចជា​ស្វះ​ស្វែងរក​ការគាំទ្រ​ពី​អ៊ីរ៉ង់ និង​រុស្ស៊ី​ដើម្បី​ស្រោចស្រង់​រដ្ឋាភិបាល​លោក អាល់​អាសាដ អំឡុងពេល​សង្គ្រាមស៊ីវិល​។​

 
​អ្នកការទូត​ជើងចាស់ Walid al-Moalem កើត​នៅ​ឆ្នាំ​១៩៤១ នៅ​ទីក្រុង​ដា​ម៉ាស ប្រទេស​ស៊ី​រី​។ លោក​ចាប់ផ្តើម​បំពេញការងារ​ក្នុង​ក្រសួងការបរទេស​ក្នុង​ឆ្នាំ​១៩៦៤ ដោយ​បំពេញការងារ​ដំបូង​នៅ​បរទេស​ដូចជា​នៅ​តង់​សានី អេ​ស្ប៉ា​ញ អង់គ្លេស និង​រូ​ម៉ា​នី​។ លោក​បំពេញ​ទទួល​តំណែង​ជា​ឯកអគ្គរដ្ឋទូត​ស៊ី​រី នៅ​អាម​រិ​ក​រយៈពេល​៩​ឆ្នាំ​ចាប់ពី​ឆ្នាំ​១៩៩០​។ នៅ​ឆ្នាំ​២០០៦ លោក​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីការបរទេស និង​ជា​ឧបនាយករដ្ឋមន្ត្រី​ក្នុង​ឆ្នាំ​២០១២​។​
 
​យោងតាម​ទូរទស្សន៍​រដ្ឋ​ស៊ី​រី ប្រមុខ​ការទូត​រូបនេះ ទទួលមរណភាព​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១៦ វិច្ឆិកា ហើយ​សាកសព​របស់លោក​នឹងត្រូវ​បញ្ចុះ​ក្នុង​ទីក្រុង​ដា​ម៉ាស​នៅ​ថ្ងៃ​ដដែល​។ រដ្ឋាភិបាល​ស៊ី​រី​ពុំបាន​បង្ហាញ​ពី​មូលហេតុ​នៃ​មរណភាព​នេះឡើយ ប៉ុន្តែ​លោក al-Moalem មាន​សុខភាព​មិនល្អ និង​មាន​បញ្ហា​បេះដូង​ជាច្រើន​ឆ្នាំ​មកហើយ​។​
 
​ប្រភព​ស្និទ្ធ​រដ្ឋាភិបាល​ស៊ី​រី អះអាងថា លោក Faisal Mekdad អនុរដ្ឋមន្ត្រី​ការបរទេស និង​ជា​អ្នកការទូត​ជើងចាស់​មួយរូប​ដែរ នឹង​មក​ទទួល​តំណែង​រដ្ឋមន្ត្រី​ដែល​នៅ​ទំនេរ​នេះ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ 
 
​លោក al-Moalem ត្រូវបាន​មនុស្ស​ក្នុង​រដ្ឋាភិបាល​ស៊ី​រី និង​សហគមន៍​អន្តរជាតិ​ស្គាល់​ថា បុគ្គល​ដែលមាន​ជំហរ​តឹងរ៉ឹង​ទល់នឹង​ចលនា​ប្រឆាំង​រដ្ឋាភិបាល ជាពិសេស​អំឡុងពេល​ប​ដិ​វត្ត​ន៍​អារ៉ាប់​ក្នុង​ឆ្នាំ​២០១១​។ អំឡុង​ពេលដែល​ស៊ី​រី​ជួប​វិបត្តិ​នយោបាយ និង​សង្គ្រាមស៊ីវិល លោក al-Moalem តែងតែ​មានមុខ​ក្នុង​សន្និសីទ​សារព័ត៌មាន និង​រៀបរាប់​យ៉ាង​លម្អិត​ពី​ជំហរ​របស់​រដ្ឋាភិបាល​ស៊ី​រី​។​
 
​បន្ថែម​ពីនេះ លោក​ក៏​មិន​សំចៃមាត់​ក្នុងការ​វាយប្រហារ​តប និង​ចំអក​រដ្ឋាភិបាល​លោកខាងលិច​ផងដែរ​។ លោក​អះអាងថា សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី កើតឡើង​ដោយសារតែ​ការឃុបឃិត​គ្នា​រវាង​ប្រទេស​លោកខាងលិច​ដែល​ចង់​រំលំ​រដ្ឋាភិបាល​ស៊ី​រី ដែលមាន​ជំហរ​ប្រឆាំង​អ៊ីស្រាអែល​។​
 
​ខណៈពេលដែល​រដ្ឋាភិបាល​ប្រធានាធិបតី អាសាដ ចុះខ្សោយ​ខ្លាំង លោក Al-Moalem​គឺជា​អ្នក​ស្វះ​ស្វែងរក​អន្តរាគមន៍​ពី​អ៊ីរ៉ង់ និង​រុស្ស៊ី​ដើម្បី​ស្រោចស្រង់​ស្ថានការណ៍ និង​ដណ្តើមយក​មកវិញ​នូវ​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ភេរវកម្ម និង​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​។ ក្រោយ​សង្គ្រាមស៊ីវិល​ផ្ទុះឡើង​ក្នុង​ឆ្នាំ​២០១១ លោក ជា​មនុស្ស​ក្នុង​រដ្ឋាភិបាល​ដែល​លើកឡើង​ពី​ការចរចា​ជាមួយ​ក្រុមប្រឆាំង ហើយ​លោក​ផ្ទាល់ ជា​អ្នកដឹកនាំ​កិច្ច​ច​ចារ​ដំបូង​បំផុត​ជាមួយ​ក្រុមប្រឆាំង​ក្នុង​ឆ្នាំ​២០១៤​។​
 
«​លោក​ត្រូវបាន​ស្គាល់​ចំពោះ​ជំហរ​ស្នេហា​ជាតិ​ដ៏​មាន​កិត្តិយស​»​។ រដ្ឋាភិបាល​ស៊ី​រី​ប្រកាស​បែបនេះ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​។ លោក al-Moalem លេច​មុខជា​សាធារណៈ​លើកចុងក្រោយ​នៅ​ថ្ងៃទី​១១ វិច្ឆិកា ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​ជនភៀសខ្លួន​ស៊ី​រី ដែលមាន​រុស្ស៊ី​ជា​សហប្រធាន​៕
 
 
 
 

Tag:
 ស៊ី​រី​
  Walid al-Moalem
© រក្សាសិទ្ធិដោយ thmeythmey.com