COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
លោក Bach ជឿថា នឹងមាន​វ៉ាក់សាំង COVID-19 សម្រាប់​ឲ្យ​ជប៉ុន​រៀប​អូឡាំពិក​បាន​រលូន
17, Nov 2020 , 9:26 am        
រូបភាព
លោក Thomas Bach ប្រធាន IOC (ឆ្វេង) ចាប់ដៃជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្គា យូហ្ស៊ីហីដេ
លោក Thomas Bach ប្រធាន IOC (ឆ្វេង) ចាប់ដៃជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្គា យូហ្ស៊ីហីដេ
​លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បង្ហាញ​ការជឿជាក់​លើ​ជប៉ុន​ក្នុង​ការដឹកនាំ​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ដោយ​ជោគជ័យ​នៅ​ឆ្នាំ ២០២១ ដោយ​អនុញ្ញាត​ឲ្យ​មាន​អ្នកទស្សនា ទោះ​ស្ថិតក្នុង​ស្ថានភាព​ជំងឺ​រាតត្បាត COVID-19​។​


​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​របស់​ប្រធាន IOC ទៅកាន់​ទីក្រុង​តូ​ក្យូ ទំនងជា​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ម្ចាស់ផ្ទះ​ជប៉ុន​កាន់តែខ្លាំង​ឡើង​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក ខណៈ​មានការ​ព្រួយបារម្ភ​ពី​ការរីក​រាលដាល​ជំងឺ​សកល​។ លោក Bach បាន​ប្រាប់​សន្និសីទ​សារព័ត៌​ថា លោក​នឹង​ស្នាក់នៅ​ទីក្រុង​តូ​ក្យូ​ចន្លោះ​ថ្ងៃទី ១៥-១៨ ខែវិច្ឆិកា ដើម្បី​ពិនិត្យមើល​ការត្រៀម​រៀបចំ​កីឡា​អូឡាំពិក​ឆ្នាំ ២០២០ ដែល​ត្រូវបាន​ពន្យារ​ទៅ​ឆ្នាំ ២០២១​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រធានបទ​សំខាន់ៗ​នៃ​ការពិភាក្សា​របស់លោក Bach ជាមួយ​អ្នករៀបចំ​កម្មវិធី គឺ​ផ្តោតលើ​ការអនុញ្ញាត​ឲ្យ​មាន​អ្នកទស្សនា និង​ធានា​កន្លែង​ស្នាក់នៅ​ដែលមាន​សុវត្ថិភាព​បំផុត​សម្រាប់​អត្ត​ព​លិ​កជាង ១១០០០ នាក់​មកពី​ទូទាំង​ពិភពលោក​។​
 
​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​ប្រធាន​គ្រប់គ្រង​កីឡា​ពិភពលោក ទៅកាន់​រាជធានី​ជប៉ុន​ចាប់តាំងពី​លោក និង​អតីត​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ បានសម្រេច​ចិត្ត​នៅ​ខែមីនា​ដើម្បី​ពន្យារពេល​ព្រឹត្តិការណ៍​អូឡាំពិក​រយៈពេល​១​ឆ្នាំំ​។​
 
​អ្វីដែល​ជាការ​កត់សម្គាល់ បន្ទាប់ពី​រយៈ​ពីរ​ថ្ងៃ​នៅ​ទឹកដី​ជប៉ុន នា​ថ្ងៃទី​១៦ ខែវិច្ឆិកា​នេះ លោក Bach ដែល​បាន​សហការ​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី​លោក ស៊ូ​ហ្គា យូ​ស៊ី​ហ៊ី​ដេ បាន​ប្រាប់​អភិបាលក្រុង​តូ​ក្យូ​លោកស្រី Yuriko Koike ថា លោក​ទាំងពីរ​ពិតជា​ជឿជាក់ថា​វ៉ាក់សាំង​ជំងឺ COVID-19 នឹង​មាននៅ​រដូវក្តៅ​ខាងមុខនេះ​។​
 
​លោក​បាន​បន្ថែមថា IOC នឹង​រៀបចំ​ដើម្បី​ធានា​ការចាក់​វ៉ាក់សាំង​ទាំង​អត្ត​ព​លិ​ក អ្នកគាំទ្រ និង​ទេសចរ​មុនពេល​ពួកគេ​ចូល​ទៅដល់​ប្រទេស​ជប៉ុន​។ បុរស​សញ្ជាតិ​អាល្លឺម៉ង់​ពិតជា​មាន «​ជំនឿ​ចិត្ត​» យ៉ាងខ្លាំង​ថា​អ្នកទស្សនា​នឹង​អាច​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ដែល​នឹង​ធ្វើឡើង​នៅ​ខែកក្កដា និង​សីហា ដោយ​ទំនុកចិត្ត​៕

Tag:
 Thomas Bach
  IOC
  Olympic
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com