ជាតិ
ឥទ្ធិពល​សម្ពាធ​ខ្ពស់​ពី​ចិន​ភាគ​ខាងជើង​ធ្លាក់ភ្លៀង​នៅ​តំបន់​មួយចំនួន​នៅ​កម្ពុជា​ដល់​ថ្ងៃទី​២២ វិច្ឆិកា​
18, Nov 2020 , 8:29 am        
រូបភាព
​ភ្នំពេញ​៖ ឥទ្ធិពល​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​ភាគ​ខាងជើង រួមទាំង​ខ្យល់មូសុង​ឦសាន​ខ្សោយ នឹងធ្វើ​ឲ្យ​បណ្ដាល​ខេត្ត​ដែល​នៅ​តំបន់​វាលទំនាប​កណ្ដាល និង​តំបន់​មាត់សមុទ្រ​របស់​កម្ពុជា អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​ខ្សោយ​ទៅ​មធ្យម​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចេញផ្សាយ​ថ្ងៃទី​១៧ វិច្ឆិកា​។​

 
​សេចក្ដីជូនដំណឹង​ដដែល បាន​បញ្ជាក់ថា បណ្ដាល​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល នឹងមាន​សីតុណ្ហភាព​អប្បបរមា ពី​២២-២៤​អង្សារ ហើយ​សីតុណ្ហភាព​អតិបរមា ពី​២៩-៣១​អង្សារ ដែល​អាច​នឹងមាន​ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ ទៅ​មធ្យម ចាប់ពី​ថ្ងៃទី​១៨ ដល់​២២ វិច្ឆិកា​។​
 
​ចំណែកឯ បណ្ដាល​ខេត្ត​ដែល​នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន នឹងមាន​សីតុណ្ហភាព​អប្បបរមា​ពី ២១-២៣​អង្សារ ហើយ​សីតុណ្ហភាព​អតិបរមា​ពី ២៨-៣០​អង្សារ​។ តំបន់​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ព​ស់រាប​ឦសាន​នេះ​ដដែល នឹងមាន​ភ្លៀង​ធ្លាក់​តិច​បំផុត ឬ​គ្មាន​ទាំងស្រុង​។ 
 
​រីឯ តំបន់​មាត់សមុទ្រ​វិញ នឹងមាន​សីតុណ្ហភាព​អប្បបរមា ពី​២៣-២៥​អង្សារ ហើយ​សីតុណ្ហភាព​អតិបរមា​ពី ២៨-៣០​អង្សារ ដែល​អាច​នឹងមាន​ភ្លៀង​ពី​ខ្សោយ​ទៅ​មធ្យម និង​រលក​សមុទ្រ​អាចមាន​កម្ពស់​ចន្លោះ​ពី ០,៥ ទៅ​១​ម៉ែត្រ​ផងដែរ​៕
 

Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com