ជាតិ
ជនសង្ស័យ​ម្នាក់ ដែល​បំផ្លាញ​រូបសំណាកជាង​១០​អង្គ លើ​ភ្នំ​ប្រសិទ្ធ នឹងត្រូវ​បញ្ជូនទៅ​តុលាការ
18, Nov 2020 , 12:29 pm        
រូបភាព
រូបសំណាក់ដែលត្រូវជនសង្ស័យបំផ្លាញ។ (រូបពីលោក ដូង តេង)
រូបសំណាក់ដែលត្រូវជនសង្ស័យបំផ្លាញ។ (រូបពីលោក ដូង តេង)
​ភ្នំពេញ​៖ សមត្ថកិច្ច​នឹង​បញ្ជូន បុរស​ម្នាក់​ដែល​បាន​បំផ្លាញ​រូបសំណាក​នៅលើ​ភ្នំ​ប្រសិទ្ធ ក្នុង​បរិវេណ​វត្តភ្នំ​ប្រសិទ្ធ​ត្រៃ​ត្រឹ​ង្ស​កាល ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​១៨ វិច្ឆិកា​នេះ​។ ករណី​ធ្វើ​ឲ្យ​ខូចខាត​បូជនីយដ្ឋាន​សាសនា​នេះ សមត្ថកិច្ច​សង្ស័យថា ជនសង្ស័យ​មាន​ស្មារតី​មិន​នឹងនរ បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​។ នេះ​បើតាម​អធិការ​ស្រុក​ពញាឮ លោក ដួង តេង​។



​លោក ដួង តេង ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃនេះ​ថា ជនបង្ក​ហេតុ​ឈ្មោះ គង់ សំណាង បាន​ជួល​ឡាន​ដើម្បី​ឡើងលើ​ភ្នំ​ប្រ​សិទ្ធ​កាលពី​ថ្ងៃទី​១៧ វិច្ឆិកា​នេះ​។ លោក​អះអាងថា ជនសង្ស័យ​ទំនងជា មាន​ស្មារតី​មិន​នឹងនរ ព្រោះ​ជនបង្ក​ហេតុ​មាន​បញ្ហា​ជា​ប្រពន្ធ​និង​មាន​ក្លិន​ស្រា​ជាប់​ខ្លួន​។ 
 
«​គាត់​អាចមាន​បញ្ហា​ខួរក្បាល ប៉ុន្តែ​យើង​មិនមាន​លិខិតបញ្ជាក់​ពី​ពេទ្យ​អី​ទេ គ្រាន់តែ​សន្និដ្ឋាន​។ ព្រោះ​ពេល​ជិះ​តាក់ស៊ី​ហ្នឹង គឺ​បាន​ឈ្លោះ​គា្ន​មួយ​ប្រពន្ធ ហើយ​តាក់ស៊ី​អត់​ដឹង​រឿង​អី ក៏​ចេះតែ​ដឹក​ទៅ​។ បុរស​ហ្នឹង គាត់​ចង់ទៅ​អុច​ធូប​លើ​ភ្នំ តាក់ស៊ី​ក៏​ដឹក​ទៅ ហើយក៏​ចូល​កន្លែង​ប្រាសាទ​ហ្នឹង ហើយ​វា​ម៉ោង​ឆ្កួត​អី​មិន​ក៏​ថា តែ​គ្មាន​ពេទ្យ​បញ្ជាក់​ទេ ក៏​វាយបំផ្លាញ​រូបសំណាកនៅ​កន្លែង​នោះ​តែម្ដង​»​។ នេះ​បើតាម​លោក ដូង តេង ដោយ​បញ្ជាក់​បន្ថែមថា សមត្ថកិច្ច​និង​ព្រះរាជអាជ្ញា​គ្រោង​នឹង​បញ្ជូន បុរស​ម្នាក់នេះ​ទៅ​តុលា​នៅ​រសៀល​នេះ​។ 


រូបសំណាកដែលត្រូវជនសង្ស័យបំផ្លាញ។ 

​ជាមួយគ្នា​ដែរ អធិការ​រូបនេះ បាន​បញ្ជាក់ថា នៅ​កន្លែងកើតហេតុ​គឺ​ឃាត់​មនុស្ស​២​នាក់ ជនបង្ក​ហេតុ​និង​ម្ចាស់​ឡាន​ឈ្នួល​។ ប៉ុន្តែ​ក្រោយពី សាកសួរ​ឃើញថា ជនបង្ក​ហេតុ​មានតែ​ម្នាក់​ទេ ចំណែក​ម្ចាស់​ឡាន​ឈ្នួល​គឺ​មិន​ជាប់​ពាក់ព័ន្ធ​ទេ​។ 
 
​រូបសំណាកនិង​សម្ភារៈ​ដែល​រង​ការបំផ្លាញ​មាន រូបសំណាកព្រះ​នាង​គ្រប់ល័ក្ខណ៍​, រូបសំណាកព្រះ​នាង​ពៅ​, រូបសំណាកកុមារ​ពេជ្រ​, រូបសំណាក​ព្រះអង្គ​ចេក​, ព្រះ​ក្លស្ស​៣, រូបសំណាកព្រះ​នាង​ទេពប្រណម្យ​៤ និង​សម្ភារៈ​ក្នុង​បរិវេណ​វត្ត​ជាច្រើន​ទៀត​។ 
 
​បើតាម​លោកស្រី មួង សារឹម ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកណ្ដាល បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មន្ទីរ​កំពុង​ធ្វើ​របាយការណ៍​ពាក់ព័ន្ធ​នឹង​រូបសំណាក់ដែល​រង​ការខូចខាត​នេះ​៕ 

Tag:
 រូបសំណាក់​
  កណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com