ជាតិ
ភាគី​សណ្ឋាគារ​សូ​ហ្វី​តែ ល​យល់ព្រម​ដោះស្រាយ​តាម​ការតវ៉ា​របស់​អតីត​បុគ្គលិក​ហើយ​
18, Nov 2020 , 10:29 pm        
រូបភាព
ជំនួបរវាងភាគីសណ្ឋាគារសូហ្វីតែល, អតីតបុគ្គលិក និងមន្រី្តក្រសួងការងារ នៅថ្ងៃទី១៨វិច្ឆិកា ២០២០។ (រូបពីលោក ទូច កុសល)
ជំនួបរវាងភាគីសណ្ឋាគារសូហ្វីតែល, អតីតបុគ្គលិក និងមន្រី្តក្រសួងការងារ នៅថ្ងៃទី១៨វិច្ឆិកា ២០២០។ (រូបពីលោក ទូច កុសល)
​ភ្នំពេញ​៖ វិវាទ​អតីត​បុគ្គលិក​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ត្រូវបាន​ដោះស្រាយ​តាម​ការតវ៉ា​ហើយ ដោយ​ភាគី​ម្ចាស់​សណ្ឋាគារ យល់ព្រម​ទូទាត់​ប្រាក់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩ និង​ប្រាក់​កាត់​ទុក​សម្រាប់​ការ​បាក់បែក​សម្ភារៈ​ឲ្យ​អតីត​បុគ្គលិក​ទាំង​៥៣​រូប​វិញ​។


​ប្រធាន​សហជីព​សម​គ្គី​ឯករាជ្យ​នៃ​សណ្ឋាគារ​សូ​ហ្វី​តែ​ល លោក ផាត់ សា​រួន អះអាងថា ភាគី​សណ្ឋាគារ​យល់ព្រម​ទូទាត់​ប្រាក់​អតីតភាព​ការងារ​មុខ​ឆ្នាំ​២០១៩​ឲ្យ​ក្រុម​ពួកគេ​នៅ​សប្ដាហ៍​ក្រោយ ហើយ​ប្រាក់​កាត់​ទុក សម្រាប់​ការបាក់​បែប​សម្ភារៈ​នឹង​ទូទាត់ នៅ​ចុងខែ​វិច្ឆិកា​នេះ​។ ម​ន្រី្ត​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជា​អ្នកសម្របសម្រួល​លើ​វិវាទ​នេះ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​១៨ វិច្ឆិកា​នេះ លោក សា​រួន បាន​បញ្ជាក់ថា ៖«​ភាគី​សណ្ឋាគារ​បាន​យល់ព្រម​ដោះស្រាយ​ឲ្យ​ខ្លះ ប្រាក់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩​និង​ប្រាក់​កក់​ទុក​សម្រាប់​ការ​បាក់បែក​សម្ភារៈ​។ ហើយ​ចំណុច​មួយទៀត ប្រាក់​សងជំងឺចិត្ត តាម​ការសម្របសម្រួល​ពី​ក្រសួង ពួកយើង​ទាំងសងខាង​បាន​ឯកភាព​មិន​គិតគូ​ឡើយ ក្រោម​ហេតុផល​ជួប​វិបត្តិ​សេដ្ឋកិច្ច​»​។ 
 
​គួរ​បញ្ជាក់ថា បុគ្គលិក​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​៥៣​នាក់ ត្រូវបាន​បញ្ឈប់​ដោយសារ​វិ​ប​ត្ត​សេដ្ឋកិច្ច ក្រោម​ហេតុផល​រង​ផលប៉ះពាល់​ដោយសារ​កូ​វីដ​-១៩​កាលពី​ថ្ងៃទី​១​សីហា ឆ្នាំ​២០២០​។ ហើយ​វិវាទ​រវាង​ភាគី​បុគ្គលិក​និង​ភាគី​សណ្ឋាគារ​ក៏បាន​អូសបន្លាយ​មក ជាង​៣​ខែ​មកហើយ ៕  

Tag:
 វិវាទ​ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com