អន្តរជាតិ
តៃវ៉ាន់ បញ្ឈរជើង​យន្តហោះ F-16 ទាំងអស់ ក្រោយ​យន្តហោះ​ចម្បាំង​ពីរ​គ្រឿង​ធ្លាក់​បន្តបន្ទាប់
18, Nov 2020 , 10:59 pm        
រូបភាព
យន្តហោះចម្បាំង F-16 របស់តៃវ៉ាន់។ រូបភាព AFP
យន្តហោះចម្បាំង F-16 របស់តៃវ៉ាន់។ រូបភាព AFP
​តៃវ៉ាន់ បាន​បញ្ឈប់​ការហោះហើរ​របស់​យន្តហោះ​ចម្បាំង F-16 ទាំងអស់ ក្រោយ​ហេតុការណ៍​ធ្លាក់ យន្តហោះ​ចម្បាំង​ពីរ​គ្រឿង​បន្តបន្ទាប់​ក្នុងពេល​មិន​ដល់​មួយខែ​ផង​នោះ​។ ប្រធានាធិបតី តៃវ៉ាន់ Tsai Ing-wen នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា បាន​បញ្ជា​ឲ្យ​ត្រួតពិនិត្យ​យន្តហោះ​ចម្បាំង​ស៊េរី​ចាស់​មួយ​នេះ​។​

 
​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា កងទ័ពអាកាស​តៃវ៉ាន់ ប្រកាសថា យន្តហោះ​ចម្បាំង F-16 មួយគ្រឿង​បាន​ធ្លាក់​ក្រោយ​ហោះ​ឡើង​មិនបាន​ប៉ុន្មាន​ពី​មូលដ្ឋាន Hualien នៅ​ឆ្នេរ​ភាគ​ខាងកើត​ក្នុង​បេសកកម្ម​ហ្វឹកហ្វឺន​។ ហេតុការណ៍​នេះ កើតឡើង​ក្រោយ​យន្តហោះ F-5 មួយគ្រឿង​ទៀត​ដែល​ដាក់​ឲ្យ​ប្រើប្រាស់​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ បាន​ធ្លាក់​កាលពី​ចុងខែ​តុលា​។​
 
​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen និយាយថា យន្តហោះ​ចម្បាំង F-16 ទាំងអស់ ត្រូវ​បញ្ឈរ​ហោះហើរ​ដើម្បី​ត្រួតពិនិត្យ​។ លោកស្រី Tsai ប្រាប​ក្រសួងការពារជាតិ​តៃវ៉ាន់​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន មិនត្រូវ​បន្ធូរដៃ​ក្នុងការ​ការពារជាតិ និង​ការត្រៀមខ្លួន​ប្រយុទ្ធ​ឡើយ សំដៅ​ធានា​សន្តិសុខ​ជាតិ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ក្រសួងការពារជាតិ​តៃវ៉ាន់​វិញ ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កុំ​រាយការណ៍​ផ្ដេ​ស​ផ្ដា​យ​ពី​ករណី​ពាក់ព័ន្ធ F-16 ។ ក្រសួង​ដដែល​បន្ថែមថា កងទ័ព​តៃវ៉ាន់ ចាំបាច់​បន្ត​ការហ្វឹកហាត់​របស់ខ្លួន​ដើម្បី​ឆ្លើយ​ការកើនឡើង​ការ​គំរាម​ពី​សំណាក់​ចិន​។ 
 
​ការខូចខាត​យន្តហោះ​ចម្បាំង F-16 ចុងក្រោយ​នេះ ជា​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​លើក​ទី​បួន​ហើយ​សម្រាប់​ទ័ព​តៃវ៉ាន់ ដែល​ហេតុការណ៍​ទាំងនេះ កើតឡើង​ចំពេល​ដែល​យន្តហោះ​ចម្បាំង​តៃវ៉ាន់ មាន​ភារកិច្ច​កាន់តែច្រើន​ក្នុងការ​តាម​ស្ទាក់​យន្តហោះ​ចម្បាំង​ចិន ដែល​បង្កើន​បេសកកម្ម​ខ្លួន​ដូចគ្នា​។ ក្នុង​ខែមករា​ដើមឆ្នាំ អគ្គសេនាធិការ​កងទ័ព​តៃវ៉ាន់ បាន​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​ក្បែរ​ទីក្រុង​តៃប៉ិ​ផងដែរ​។​
 
​សូមបញ្ជាក់ថា មួយរយៈ​ចុងក្រោយ តៃវ៉ាន់​ចំណាយលុយ​ប្រមាណ​៩០០​លាន​ដុល្លារ​ដើម្បី​ទិញ​សព្វាវុធ​ពី​អាមេរិក​ដូចជា​មី​ស៊ី​ល ប្រព័ន្ធ​ការពារ និង​ដ្រូ​ន​ជាដើម ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​ខ្លួន ស្របពេល​ដែល​ចិន​បង្កើន​ការ​គំរាម​កាន់តែខ្លាំង​ឡើងៗ​នៅពេល​ដូចគ្នានេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com