ជាតិ
​​​ន​យោ​បាយ​ជាតិ​
សភា​កម្ពុជា ចាត់ទុកជា «​រឿង​ខុសឆ្គង​» ដែល​សមាជិកសភា​អាមេរិក ទាមទារ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម
20, Nov 2020 , 11:17 am        
រូបភាព
កិច្ចប្រជុំពេញអង្គរដ្ឋសភា កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២០ (រូបពីរដ្ឋសភា)
កិច្ចប្រជុំពេញអង្គរដ្ឋសភា កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២០ (រូបពីរដ្ឋសភា)
​អ្នកនាំពាក្យ​រដ្ឋ​សភាក​ម្ពុ​ជា បានចេញ​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​តប​ទៅ​សមាជិក​ព្រឹទ្ធសភា​និង​សមាជិក​រដ្ឋសភា​អាមេរិក​៨​រូប ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល ក៏ដូចជា គណបក្ស​ប្រជាជន​កម្ពុជា​។




​តាមរយៈ​សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យ​រដ្ឋ​សភាក​ម្ពុ​ជា លើកឡើងថា​៖«​យើងខ្ញុំ ចាត់ទុកជា​ទង្វើ​ខុសឆ្គង ហើយ​មានការ​ខកចិត្ត​យ៉ាងខ្លាំង ចំពោះ​សមាជិកសភា​សហរដ្ឋអាមេរិក​មួយចំនួន​តូច ដែល​បានទាមទារ​ឲ្យ​មានការ​ទណ្ឌកម្ម​ដ៏​អយុត្តិធម៌​លើ​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ច្ចុ​ប្បន្ន ចំពោះ​អ្វីដែល​ពួកគេ ហៅថា ជាការ​ធ្លាក់ចុះ​នៃ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​»​។ 
 
​សមាជិក​ព្រឹទ្ធសភា​៤​រូប និង​សមាជិក​រដ្ឋសភា​៤​រូប​របស់​សហរដ្ឋអាមេរិក សរសេរ​លិខិត​រួមគ្នា នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ផ្ញើ​ទៅ​លោក Mike Pompeo រដ្ឋមន្ត្រីការបរទេស​អាមេរិក ដើម្បី​សុំ​ឲ្យ​ដាក់​សម្ពាធ​លើ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា រួមទាំង​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​នគរបាល​និង​កងរាជអាវុធហត្ថ​។ សមាជិក​ព្រឹទ្ធសភា​និង​សមាជិក​រដ្ឋសភា​អាមេរិក​ទាំងនោះ រៀបរាប់​ប្រាប់​លោក​រដ្ឋមន្ត្រីការបរទេស​ជាច្រើន​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស បញ្ហា​លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត​មិន​ត្រឹមត្រូវ រួមទាំង​ការ​កាន់អំណាច​យូរ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។ 
 
​សមាជិក​ព្រឹទ្ធសភា​អាមេរិក​៤​រូប គឺ​អ្នកស្រី Elizabeth Warren  អ្នកស្រី Dianne Feinstein លោក Edward J. Markey និង លោក Robert P. Casey, Jr ហើយ​សមាជិក​រដ្ឋសភា​អាមេរិក​៤​រូប គឺ អ្នកស្រី Lori Tranhan លោក Alan Lowenthal លោក Ted Yoho និង លោក Seth Moulton​។ 
 
​អ្នកនាំពាក្យ​រដ្ឋ​សភាក​ម្ពុ​ជា  តប​ថា​៖«​លិខិត​ផ្ញើជូន​លោក Mike Pompeo រដ្ឋមន្ត្រីការបរទេស​អាមេរិក មាន​ខ្លឹមសារ​ចោទប្រកាន់​ផ្ទុយ​ពី​ការពិត លម្អៀង និង មាន​ស្តង់ដារ​ពីរ​»​។ 

​អ្នកនាំពាក្យ​សភា​កម្ពុជា បាន​លើក​ជាច្រើន​ចំណុច​បកស្រាយ​ត្រឡប់​ទៅវិញ​។​
 
​អ្នកនាំពាក្យ​រដ្ឋ​សភាក​ម្ពុ​ជា ថ្លែង​ការពារ​ថា ការ​កាន់អំណាច​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​បានមកពី​ការគាំទ្រ​របស់​ប្រជាជន ហើយ​ការបោះឆ្នោត​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក ត្រូវបាន​អ្នក​អង្កេត​ការណ៍​ជាតិ​-​អន្តរជាតិ វាយតម្លៃថា ប្រព្រឹត្ត​ទៅដោយ​តម្លាភាព សេរី និង យុត្តិធម៌​។ 
 
​ចំពោះ​ការរំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​អ្នកនាំពាក្យ​រដ្ឋសភា​កម្ពុ​ជា លើក​ហេតុផល​ថា ដោយសារតែ​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​មួយ​នេះ គប់គិត​គ្នា ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ដែលជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​។ បន្ទាប់មក អ្នកនាំពាក្យ​រដ្ឋ​សភាក​ម្ពុ​ជា ក៏​បំភ្លឺ​ពី​បញ្ហា​សេរីភាព​ក្នុងការ​បញ្ចេញមតិ​និង​ការជួបជុំ​ថា ប្រជាជន​កម្ពុជា អាច​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​បណ្តាញ​សង្គម​បាន​យ៉ាង​ទូលំទូលាយ ដោយ​គ្មាន​ការ​រឹតត្បិត ប៉ុន្តែ មិនមែនជា​ការផ្តល់​សេរីភាព​គ្មាន​ព្រំដែន​នោះទេ​។ 
 
​បន្ថែម​ពីនេះ អ្នកនាំពាក្យ​រដ្ឋ​សភាក​ម្ពុ​ជា សង្កេតឃើញថា អ្វីដែល​សមាជិក​ព្រឹទ្ធសភា​និង​សមាជិក​រដ្ឋសភា​អាមេរិក ប្រាប់​ទៅ​លោក​រដ្ឋមន្ត្រីការបរទេស Mike Pompeo  គឺ​ពួកគេ ពឹង​ផ្អែកលើ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch)​។ អ្នកនាំពាក្យ​រដ្ឋ​សភាក​ម្ពុ​ជា អះអាងថា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​មួយ​នេះ ត្រូវបាន​មជ្ឈដ្ឋាន​ជាច្រើន ថ្កោលទោស​ជា​យូរ​មកហើយ ចំពោះ​ភាពលម្អៀង និង​ការអនុវត្ត​ស្តង់ដារ​ពីរ​លើ​បទដ្ឋាន​សិទ្ធិមនុស្ស​។  
 
​ក្នុង​រឿង​សិទ្ធិមនុស្ស អ្នកនាំពាក្យ​រដ្ឋ​សភាក​ម្ពុ​ជា ពន្យល់ថា វា ជាការ​ចៀស​មិន​រួច ដែល​បញ្ហា​សិទ្ធិមនុស្ស ត្រូវបាន​កំណត់​ទៅតាម​ទស្សនៈ​នៃ​បរិបទ​ខុសៗ​គ្នា​របស់​ប្រទេស​នីមួយៗ​។ អ្នកនាំពាក្យ​រដ្ឋ​សភាក​ម្ពុ​ជា បញ្ជាក់ថា កម្ពុជា តែង​ប្រកាន់ខ្ជាប់​ការលើកកម្ពស់​សិ​ទិ្ធ​មនុស្ស ការអភិវឌ្ឍ និង នីតិរដ្ឋ​។ 
 
​ក្រៅពី​ស្នើ​ឲ្យ​ដាក់​សម្ពាធ​លើ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​និង​មន្ត្រីជាន់ខ្ពស់​កងកម្លាំង​ប្រដាប់អាវុធ​ហើយ សមាជិក​ព្រឹទ្ធសភា​និង​សមាជិក​រដ្ឋសភា​ទាំង​៨​រូប នៅ​ផ្តល់យោបល់​ឲ្យ​លោក Mike Pompeo ពិចារណា​ឡើងវិញ​ពី​ការផ្តល់​ការអនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​។ ពួកគេ ចង់​ដៅ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP (General System Preference) ដែល​អាមេរិក​ផ្តល់​ឲ្យ​កម្ពុជា​។​

លើសពីនេះ ពួកគេ ថែមទាំង​ជំរុញ​ឲ្យ​រដ្ឋមន្ត្រីការបរទេសរ​បស់​ខ្លួន សហការ​ជាមួយ​រដ្ឋាភិបាល​បរទេស​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ដើម្បី​រួមដៃគ្នា​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល ក៏ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​។ ពួកគេ សង្កត់ធ្ងន់​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​ថា​៖«​ឥឡូវនេះ គឺ​មានតែ​ប្រើ​សម្ពាធ​ខ្លាំងក្លា​ទេ ដែល​ទំនងជា​អាច​ផ្លាស់ប្តូរ​អាកប្បកិរិយារ​បស់​រដ្ឋាភិបាល​កម្ពុជា​បាន​...»​។​
 
​លោក សុខ ឥសាន សមាជិក​ព្រឹទ្ធសភា​និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មើលឃើញថា សំណើ​របស់​សមាជិក​ព្រឹទ្ធសភា​និង​សមាជិក​រដ្ឋសភា​ទាំងនោះ ពុំមាន​ប្រសិទ្ធភាព​អ្វី​ឡើយ​។ លោក មានប្រសាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃ​ម្សិលមិញ (១៩​វិច្ឆិកា​)​ ថា​៖«​ឥឡូវ រដ្ឋបាល​លោក ត្រាំ កំពុង​ត្រៀម​ឯកសារ ដើម្បី​ប្រគល់ [​អំណាច​] ជូន​លោក ចូ បៃ​ឌិន ក្នុងពេល​ខាងមុខ​ឆាប់ៗ​នេះ​។ ដូច្នេះ [​លោក ត្រាំ​] គាត់ គ្មាន​ពេល​ពិនិត្យ​លើ​សំណើ​របស់ [​សមាជិក​ព្រឹទ្ធសភា និង​] តំណាងរាស្ត្រ​៧-៨​នាក់​នុ៎ង​ទេ​»​។​
 
​ការរំលាយ​អតីត​គណបក្សប្រឆាំង ការបន្ត​ចាប់​បន្ត​ចោទប្រកាន់​នាពេល​ថ្មីៗ​នេះ លើ​មន្ត្រី​អតីត​គណបក្ស មន្ត្រី​សង្គម​ស៊ីវិល សកម្មជន​បរិស្ថាន និង អ្នកកាសែត ជាដើម សុទ្ធសឹងតែ​ជា​អង្គហេតុ​ចម្បងៗ ដែល​សមាជិក​ព្រឹទ្ធសភា​និង​សមាជិក​រដ្ឋសភា ទាញ​យកមក​ធ្វើជា​អំណះអំណាង​ថា កម្ពុជា នៅតែមាន​បញ្ហា​សិទ្ធិមនុស្ស ការ​បំបិទ​សិទ្ធិ​ផ្នែក​នយោបាយ និង ការបង្ក្រាប  ដែល​ទាមទារ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​ឬ​សម្ពាធ ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កែប្រែ​ឥរិយាបថ​។ 
 
​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់វិធានការ​ចំពោះតែ​អ្នក​ល្មើសច្បាប់​ប៉ុណ្ណោះ​៕ 

Tag:
 
 កម្ពុជា​-​អាមេរិក​
  រដ្ឋសភា​កម្ពុជា​
  ទណ្ឌកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com