ជាតិ
សង្គមជាតិ
រដ្ឋាភិបាល បង្កើត​គណៈកម្មាធិការ​ជាតិដោះស្រាយ​បញ្ហា​ជនអនាថា ដែល​ដើរ​សុំទាន​អនាធិបតេយ្យ​
20, Nov 2020 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គណៈកម្មាធិកា​រ​ជាតិ​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ជនអនាថា ដែល​ដើរ​សុំទាន​យ៉ាង​អនាធិបតេយ្យ នៅតាម​សាធារណៈ​។ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ជា​ប្រធាន​ដឹកនាំ​ក្រុមការងារ ដោះស្រាយ​បញ្ហា​ជនអនាថា​នេះ​។​

 
​លោក តូច ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវតី​និ​សម្បទា​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ការបង្កើត​ឲ្យ​មាន​គណៈកម្មាធិការ​នេះ គឺ​ដើម្បី​ប្រមូល​ជនអនាថា​ទាំងនោះ មក​ណែនាំ​អប់រំ ឲ្យ​ផ្លាស់​ប្ដូរជីវិត​ពី​អ្នកសុំទាន មក​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​ត្រឹមត្រូវ ដោយ​ខ្លួនឯង​វិញ​។ 
 
«​គោលដៅ​របស់​យើង​មិន​ចង់​ឲ្យ​ពួកគាត់​នៅ​អនាថា​តាម​ចិញ្ចើមថ្នល់ ដោយ​ពុំមាន​ការគ្រប់គ្រង​អ៊ីចឹង​ទេ​។ យើង​ចង់​ឲ្យ​ពួកគាត់​មាន​មុខរបរ​ជាក់លាក់​នៅតាម​សហគមន៍ កុំ​ឲ្យ​គាត់​ដើរ​តាម​ចិញ្ចើមថ្នល់​អ៊ីចឹង​ទៀត​»​។ នេះ​ជាការ​រៀបរាប់​របស់លោក តូច ចាន់នី​។ 
 
​បើតាម​លោក តូច ចាន់នី  កម្ពុ​ជាមាន​ជនអនាថា ២​ប្រភេទ គឺ​ជនអនាថា ដែល​គ្មាន​ទីជម្រក​ពិតប្រាកដ និង​ជនអនាថា​ដែល​ត្រូវបាន​គេ​បង្ខិតបង្ខំ​ឲ្យ​ដើរ​សុំ​លុយ​តាម​សាធារណៈ​។ លោក តូច ចាន់នី​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ជនអនាថា​ខ្លះ​គាត់​មក​ដោយ​ខ្លួនឯង​។ ជនអនាថា​មួយទៀត​បង្កើតជា​មុខរបរ​ដើរ​សុំ​លុយ​គេ និង​ជាការ​ជួញដូរ​ជនអនាថា ឬ​ក្មេង​ពី​ណា​មក ដើម្បី​ឲ្យ​រកលុយ​ឲ្យ ដោយ​លុយ​ដែល​រកបាន​មក​គឺ​គាត់​យក សម្រាប់​អ្នក​ដែល​សុំ​ផ្ទាល់​គឺ​បាន​ចំណែក​តិចតួច​បំផុត​»​។   
 
​លោក តូច ចាន់នី បាន​បញ្ជាក់ថា កន្លងមក​ក្រសួង​សង្គមកិច្ច និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​បាន​ដោះស្រាយ​លើ​បញ្ហា​នេះហើយ ដោយបាន​ឃាត់ខ្លួន អ្នកជួញដូរ​ជនអនាថា និង​ណែនាំ​ដល់​ជនអនាថា​ឲ្យ​ប្រកបមុខរបរ​តិចតួច ដើម្បី​ដោះស្រាយ​ជីវភាព​។  
 
​តាមរយៈ​ការដោះស្រាយ​លើ​បញ្ហា​ជនអនាថា​កន្លងមក ក៏មាន​ជនអនាថា​មួយចំនួន បាន​វិល​ត្រឡប់មក​ប្រកបមុខរបរ​តូចតាច​ត្រឹមត្រូវ និង​មួយចំនួនទៀត នៅតែមាន​សកម្មភាព​ដើរ​សុំទាន​ពលរដ្ឋ​ដដែល​។​នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច​៕
 
 
 

Tag:
 ជនអនាថា
© រក្សាសិទ្ធិដោយ thmeythmey.com