ជាតិ
សមត្ថកិច្ច បង្រ្កាបករណីជួញដូរគ្រឿងញៀន ជិត៥០គីឡូក្រាម នៅរាជធានីភ្នំពេញ
21, Nov 2020 , 4:59 pm        
រូបភាព
 រូបភាពពី​ហ្វេសប៊ុកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន
រូបភាពពី​ហ្វេសប៊ុកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន
ភ្នំពេញ៖ រយៈពេល២ថ្ងៃ នគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន  បានបង្រ្កាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ប្រមាណជិត ៥០គីឡូក្រាម នៅ ក្នុងខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើតាមហ្វេសប៊ុកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។


 
កាលពីថ្ងៃទី១៨ វិច្ឆិកា កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស៊ើបអង្កេត ស្រាវជ្រាវ និងចុះទៅបង្រ្កាបនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការបង្រ្កាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ចំនួន ២កញ្ចប់តូចប្រមាណ ១០០ក្រាម។ 
 
ដោយឡែក នៅថ្ងៃទី១៩ វិច្ឆិកា សមត្ថកិច្ច បានបន្តចុះឆែកឆេរបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលជាកន្លែងរក្សាទុកគ្រឿងញៀន។ បើតាមមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងការបង្រ្កាបខាងលើនេះ សមត្ថកិច្ចឃាត់បានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ចំនួន ៤៧៧៨០.៨៧ក្រាម, អ៊ិចស្តាស៊ី ចំនួន ៣០២.៨១ក្រាម និងនីមេតាហ្សេប៉ាម ចំនួន ៧៧.០៤ក្រាម។ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជាក់ថា ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីបន្តតាមនីតិវិធី។ 
 
គួររម្លឹកថា របាយការណ៍ពីក្រសួងមហាផ្ទៃ បានបង្ហាញថា រយៈពេល៩ខែ គឺចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំសមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀន បានជាង៧,៧ពាន់ករណី  ដោយឃាត់មនុស្សជាង១,៥ម៉ឺននាក់ (ស្ត្រីជិត១ពាន់នាក់) ហើយក្នុងចំណោមមនុស្សជាង១,៥ម៉ឺននាក់នោះ មានជនបរទេសជាង២រយនាក់ (ស្ត្រី៣៣នាក់)។ របាយការណ៍ដដែល បង្ហាញទៀតថា សារធាតុញៀនគ្រប់ប្រភេទ មានជាង៧រយគីឡូក្រាម រួមទាំងកញ្ឆា មានជិត៣រយគីឡូក្រាម និងជិត២០ម៉ឺនដើម ដែលត្រូវកម្លាំងសមត្ថកិច្ច រឹបអូសបាន ក្នុងរយៈពេល៩ខែនេះ៕

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com