អន្តរជាតិ
បុរសម៉ិកស៊ិកម្នាក់យកផ្ទះខ្លួនធ្វើជាជម្រកសត្វឆ្កែ៣០០ក្បាល ដែលរងគ្រោះដោយសារព្យុះកំបុតត្បូង
22, Nov 2020 , 8:59 am        
រូបភាព
ដោយ: ធីតា
បុរសម៉ិកស៊ិកម្នាក់ដែលរស់នៅក្រុង Puerto Morelos រដ្ឋ Quintana Roo បានសម្រេចចិត្តយកសត្វឆ្កែ៣០០ក្បាល និងសត្វមួយចំនួនទៀតទៅចិញ្ចឹមបីបាច់ថែរក្សានៅផ្ទះរបស់ខ្លួន ក្នុងគោលបំណងការពារសត្វទាំងនោះ កុំឲ្យរងគ្រោះដោយសារខ្យល់ព្យុះកំបុតត្បូង។

 
តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន លោក Ricardo Pimentel Cordero បានព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសត្វនានា ដែលត្រូវប្រឈមគ្រោះថ្នាក់ដោយសារព្យុះកំបុតត្បូងដ៏សាហាវ បោកបក់នៅឧបទ្វីប Yucatan Pennisula។ លោក Pimentel ដែលជាស្ថាបនិកជម្រកសត្វ Tierra de Animales នៅបរិវេណផ្ទះរបស់ខ្លួនផងដែរ បានសម្រេចទទួលយកឆ្កែ៣០០ក្បាល និងសត្វផ្សេងទៀតទៅនៅបណ្តោះអាសន្ននៅផ្ទះរបស់ខ្លួន។
 
ក្រៅពីឆ្កែ៣០០ក្បាល លោកបានផ្តល់ជម្រកឲ្យសត្វផ្សេងទៀតដែលក្នុងនោះទន្សាយ មាន់ ឆ្មា មួយចំនួន រួមទាំងកាំប្រមាមួយក្បាលផងដែរ។ «យើងបានចាប់ផ្តើមរៀបចំការងារមួយចំនួននៅទីតាំងជម្រកសត្វ Tierra de Animales ដូចជាប្រព័ន្ធសុវត្ថិភាព ទឹក ភ្លើង ជាដើម»។ លោកបានអះអាងយ៉ាងដូច្នេះ។

 
 
បើទោះបីជាផ្ទះរបស់លោកពោរពេញទៅដោយសត្វឆ្កែក៏ដោយ ប៉ុន្តែលោក Pimentel មិនឈឺក្បាលនោះដែរ។ លោកបានរៀបរាប់ប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា៖ «មិនបញ្ហាឡើយ ដែលផ្ទះកខ្វក់ ព្រោះយើងអាចសម្អាតបាន។ សម្ភារខូចខាត យើងអាចរៀបចំឡើងវិញ ឬទិញថ្មីបាន ប៉ុន្តែអ្វីដែលស្រស់បំព្រង គឺឃើញសត្វទាំងនោះរីករាយ សុខភាពល្អ និងមានសុវត្ថិភាព»។
 
លោក Pimentel ត្រូវបានគេស្គាល់ថា ជាមនុស្សម្នាក់ដែលមានក្តីស្រឡាញ់ដ៏ធំធេងចំពោះសត្វ។ ក្រោយការបង្ហោះរូបខ្លួន ជាមួយសត្វឆ្កែរាប់សិបក្បាលនៅលើបណ្តាញសង្គម មនុស្សជាច្រើននៅលើពិភពលោក បានចាប់អារម្មណ៍ និងរួមគ្នាបរិច្ចាគថវិកាដើម្បីសម្រួលដល់ការលំបាករបស់លោក។ 
 
លោក Pimentel មិននឹកស្មានថា ទង្វើរបស់ខ្លួន ទាក់ទាញទឹកចិត្តមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះឡើយ។ បន្ថែមពីលើនេះ អ្នកជិតខាងរបស់លោក សុទ្ធតែបាននាំគ្នាជួយដល់លោក តាមរយៈការសម្អាតផ្ទះ និងសាងសង់ទីជម្រកសម្រាប់សត្វទាំងនោះ។ ក្រុមគ្រួសារក៏គាំទ្រសកម្មភាពរបស់លោកផងដែរ។
 
សម្រាប់លោក Pimentel អំណោយសប្បុរសធម៌ និងការចូលរួមស្ម័គ្រចិត្តជួយលោក បានផ្តល់ឱកាសដល់លោកពង្រីកទីជម្រកសម្រាប់សត្វ និងអាចស្វែងរកសត្វដែលប្រឈមផ្សេងៗទៀតឲ្យទៅនៅទីនោះ។ ជាមួយគ្នានេះ លោកក៏ស្វាគមន៍ផងដែរចំពោះអ្នកដែលមានចំណាប់អារម្មណ៍យកសត្វទាំងនោះទៅចិញ្ចឹមបីបាច់។
 
ក្រោយខ្យល់ព្យុះស្ងប់ស្ងាត់ លោក Pimentel នៅតែបន្តជួយដល់សត្វដែលរងគ្រោះ ដោយអ្វីដែលលោកចង់បានបំផុតនោះ គឺស្មារតីនៃចិត្តសប្បុរសធម៌ចំពោះសត្វ កើតមានដល់មនុស្សគ្រប់រូប៕
 

Tag:
 ព្យុះកំបុតត្បូង
  សប្បុរសធម៌
  ឆ្កែ
© រក្សាសិទ្ធិដោយ thmeythmey.com