COVID-19
ជាតិ
សិល្បះ
ព្រឹត្តិកាណ៍មហោស្រពភាពយន្តខ្លីកម្ពុជាលើកទី៣ ត្រូវលុបចោលព្រោះកូវីដ-១៩
21, Nov 2020 , 10:29 pm        
រូបភាព
ព្រឹត្តិការណ៍មហោស្រពភាពយន្តខ្លីលើកទី២ កាលពីឆ្នាំ២០១៨ (រូបភាពពីទំព័រហ្វេសប៊ុកមហោស្រពភាពយន្តខ្នាតខ្លី)
ព្រឹត្តិការណ៍មហោស្រពភាពយន្តខ្លីលើកទី២ កាលពីឆ្នាំ២០១៨ (រូបភាពពីទំព័រហ្វេសប៊ុកមហោស្រពភាពយន្តខ្នាតខ្លី)
ដោយ:
នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ បានសម្រេចលុបចោលព្រឹត្តិការណ៍មហោស្រពភាពយន្តខ្លី កម្ពុជាលើកទី៣ ដែលគ្រោងធ្វើពីថ្ងៃទី៤-៧ខែធ្នូ ឆ្នាំ២០២០នេះ ត្រូវបានលុបចោល ដោយសារបញ្ហាកូវីដ-១៩។ នេះបើតាមការជូនដំណឹងនៅទំព័រហ្វេសប៊ុករបស់មហោស្រពភាពយន្តខ្លីកម្ពុជា។

 
ទាក់ទិននឹងការលុបចោលនេះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ប្រាប់សារព័ត៌មាន ThmeyThmey នៅថ្ងៃទី ២១ ខែវិច្ឆិកាថា ព្រឹត្តិការណ៍នេះ ត្រូវបានពន្យារពេលមួយលើក ជាពីរលើកហើយ រហូតដល់គ្រោងរៀបចំនៅខែធ្នូខាងមុខនេះ។ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ នៅអូសបន្លាយ ហើយព្រឹត្តិការណ៍នេះ ត្រូវការពេលរៀបចំយូរ ទើបគណៈកម្មការសម្រេចលុបចោលតែម្តង។ លោក ប៉ុក បូរក្ស បញ្ជាក់ដូច្នេះ៖«ការរៀបចំព្រឹត្តិការណ៍នេះ ជាការជួបជុំមួយដែលមានការហាមឃាត់ ដោយសារឆ្នាំនេះមានវិបត្តិកូវីដ-១៩ ហើយយើងត្រូវប្រើពេលយូរពី ៦-៧ ខែសម្រាប់រៀបចំ ដូច្នេះទើបយើងសម្រេចលុបចោលទាំងស្រុង។ បើឆ្នាំបន្ទាប់ ស្ថានភាពកូវីដបានធូរស្រាលឡើងវិញ យើងនឹងរៀបចំព្រឹត្តិការនេះឡើងវិញ»។ 
 
មហោស្រពភាពយន្តខ្លី ត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តង ដើម្បីឲ្យបណ្ដាផលិតករទាំងអស់ដែលមានសមត្ថភាពនិពន្ធភាពយន្តខ្លី បង្កប់អត្ថន័យអប់រំ និងខ្លឹមសារល្អៗ អាចយកទៅប្រកួតប្រជែង ជាមួយនឹង ស្នាដៃរបស់ផលិតករដទៃទៀតនិងអាចទទួលបានពានរង្វាន់លើកទឹកចិត្ត ក៏ដូចជាផ្សព្វផ្សាយទៅកាន់មហាជនឲ្យបានដឹងផងដែរ។  
 
បើតាមប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ មហោស្រពភាពយន្តខ្លីលើកទី១ ត្រូវបានរៀបចំឡើង នៅឆ្នាំ២០១៦ ដោយមានអ្នកចូលរួមចំនួន ៥០នាក់ និងផលិតស្នាដៃជាង ២០។ លើកទី២ នៅឆ្នាំ២០១៨ មានអ្នកចូលរួមចំនួន១០០នាក់ និងផលិតស្នាដៃ៤០ ។ ហើយលើកទី៣ដែលត្រូវលុបចោលនេះ គ្រោងធ្វើនៅដើមខែធ្នូ ឆ្នាំ២០២០ ក៏មានអ្នកដាក់ពាក្យចូលរួមជាង២០ស្នាដៃដែរ៕
 

Tag:
 វប្បធម៌
 
 ភាពយន្តខ្នាតខ្លី
 មហោស្រពភាពយន្ត
  ប៉ុក បូរក្ស
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com