COVID-19
អន្តរជាតិ
UNICEF នឹង​ដឹក​វ៉ាក់សាំង​កូ​វីដ​-១៩ ជិត​២​ពាន់​លាន​ដូ​ស​ឲ្យ​ប្រទេស​ក្រីក្រ​នៅ​ឆ្នាំ​២០២១
23, Nov 2020 , 9:39 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ជិត​ពីរពាន់​លាន​ដូ​ស នឹងត្រូវ​ដឹកជញ្ជូន​ឲ្យ​ប្រទេស​ក្រីក្រ​នៅក្នុង​ឆ្នាំ​២០២១ ក្រោម​ប្រតិបត្តិការ «Mammoth»​។ មូលនិធិ​អង្គការសហប្រជាជាតិ​ដើម្បី​កុមារ (UNICEF) បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ស្របពេល​មេដឹកនាំ​ពិភពលោក​មួយចំនួន សន្យាថា នឹង​ធានា​ឲ្យ​បាន​លើ​ការ​ចែកចាយ​វ៉ាក់សាំង​ដោយ​ស្មើភាព​សម្រាប់​ប្រទេស​ក្រីក្រ​។

 
​ជិត​រយៈពេល ១​ឆ្នាំ​ហើយ ដែល​កូ​វីដ​-១៩ បាន​ផ្ទុះឡើង​នៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន​។ វ៉ាក់សាំង ជា​ប្រធានបទ​ដ៏​សំខាន់​នៅក្នុង​វេទិកា​ពិភពលោក ខណៈ​សេដ្ឋកិច្ច​ប្រទេស​មួយចំនួន កំពុង​ដាំ​ក្បាល​ចុះ​។ នៅក្នុង​កិច្ចប្រជុំ​ក្រុម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​នាំមុខ​ទាំង​២០ (G20) មេដឹកនាំ​ពិភពលោក បាន​សន្យាថា នឹង​ផ្តល់​វ៉ាក់សាំង​ដោយ​ស្មើភាព​ដល់​ប្រទេស​ក្រីក្រ ដើម្បី​ធានាថា ប្រទេស​ទាំងនោះ នឹងមិន​ត្រូវបាន​ទុកចោល​។ 
 
​ចំណែក អង្គការ UNICEF បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ចំនួន​៣៥០ លើ​ការ​ចែកចាយ​វ៉ាក់សាំង​ចំនួន​ជិត ២​ពាន់​លាន​ដូ​ស និង ១​ពាន់​លាន​សឺ​រ៉ាំ​ង​ដល់​ប្រទេស​ក្រីក្រ​។ លោកស្រី Etleva Kadilli ប្រធាន​ផ្នែក​ចែកចាយ និង​ផ្គត់ផ្គង់​របស់ UNICEF បាន​លើកឡើងថា កិច្ចសហការ​ដ៏​មានតម្លៃ​នេះ នឹង​ធានាថា ការដឹកជញ្ជូន​វ៉ាក់សាំង​មាន​ចំនួន​គ្រប់គ្រាន់​ទៅកាន់​ប្រទេស​ក្រីក្រ​ដូចជា ប៊ូ​រុន​ឌី​, អា​ហ្វ​ហ្កា​នី​ស្ថាន និង​យេ​ម៉ែន​ជាដើម​។ 
 
​ទន្ទឹមគ្នានេះ លោកស្រី Kadilli ក៏បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងអស់​រួម​សាមគ្គី​គ្នា​ផងដែរ ស្របពេល​ពិភពលោក បាន​ត្រៀមខ្លួន​រួចហើយ ក្នុងការ​ចែកចាយ​វ៉ាក់សាំង សឺ​រ៉ាំ​ង និង​ឧបករណ៍​ការពារ​មួយចំនួន សម្រាប់​បុគ្គលិក​សុខាភិបាល ដែល​ស្ថិតនៅ​ជួរមុខ ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​កូ​វីដ​-១៩​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ការដឹកជញ្ជូន​នេះ ជា​ផ្នែក​មួយ​នៃ​កម្ម​វិធិ COVAX ដែល​សហការ​ដោយ​សម្ព័ន្ធ​វ៉ាក់សាំង GAVI ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​មូលនិធិ CEPI ដើម្បី​ធានា​ពី​ការទទួលបាន​វ៉ាក់សាំង​ទៅកាន់​ប្រទេស ដែល​រង​ការគំរាមកំហែង​កូ​វីដ​-១៩ ខ្លាំង​បំផុត​។  
 
​មកទល់ពេលនេះ មាន​ក្រុមហ៊ុន​វ៉ាក់សាំង​ចំនួន​ពីរ បានប្រកាសថា វ៉ាក់សាំង​របស់ខ្លួន មាន​ប្រសិទ្ធភាព​លើសពី ៩០​ភាគរយ បើ​ផ្អែក​តាម​ទិន្នន័យ​របស់ខ្លួន​។ ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTech ដែល​អះអាងថា វ៉ាក់សាំង​ខ្លួន​មាន​ប្រសិទ្ធភាព ៩៥​ភាគរយ ខណៈ​ក្រុមហ៊ុន Moderna ថា វ៉ាក់សាំង​ខ្លួន​មាន​ប្រសិទ្ធភាព​ចំនួន ៩៤,៥ ភាគរយ​៕

Tag:
 ​កូ​វីដ​-១៩
  UNICEF
© រក្សាសិទ្ធិដោយ thmeythmey.com