ជាតិ
អភិបាលខេត្ត​ព្រះសីហនុ ចេញ​វិធាន​ការពិន័យ​អ្នក​ចោល​សំរាម​តាម​សាធារណៈ ពី​២​ម៉ឺន​រៀល​ទៅ​៤០​ម៉ឺន​រៀល​
24, Nov 2020 , 12:01 pm        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ (អាវខៀវពាក់វែនតា) ចុះពិនិត្យស្ថានភាពអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ (អាវខៀវពាក់វែនតា) ចុះពិនិត្យស្ថានភាពអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត
ដោយ:
​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ចាប់ផ្ដើម​អនុវត្ត​វិធានការ​ផាកពិន័យ​លើ​អ្នក​បោះចោល​សំរាម​នៅតាម​ទីសាធារណៈ ចាប់ពី ២​ម៉ឺន​រៀល ទៅ ៤០​ម៉ឺន​រៀល​។ លោក​អភិបាលខេត្ត​ចេញ​វិធានការ​បែបនេះ នៅក្នុងពេល​ចុះ​ពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ ការស្ថាបនា​ផ្លូវ ៣៤​ខ្សែ ប្រព័ន្ធ​លូ និង​អាង​ប្រព្រឹត្ត​កម្ម កាលពី​ថ្ងៃ ២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

 
​ដោយ​សង្កេតឃើញ​បញ្ហា​សំរាម​នៅតែមាន​បញ្ហា​ចម្បង​នោះ លោក គួច ចំរើន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ទៅ​កម្សាន្ត​តាម​តំបន់ឆ្នេរ និង​តាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត​ព្រះសីហនុ ចូលរួម​សហការ​ថែរក្សា​អនាម័យ បរិស្ថាន​ទាំងអស់គ្នា​។ លោក គួច ចំរើន ក៏បាន​ណែនាំ​ដល់​មន្ត្រី​មូលដ្ឋាន​ឲ្យ ឆ្លាក់​អក្សរ​លើ​ថ្ម​ម៉ាប ដាក់​តាម​សួនច្បារ តំបន់ឆ្នេរ ដោយ​ពាក្យ​ថា​«​ហាម​បោះចោល​សំរាម​»​។​
 
​ប៉ុន្តែ​ប្រសិនបើ​ពលរដ្ឋ​នៅតែ​រំលោភបំពាន​ទៀត ពួកគេ​នឹងត្រូវ​ផាកពិន័យ ចាប់ពី ២០.០០០​រៀល ទៅ ៤០០.០០០​រៀល តាម​អនុក្រឹត្យ​លេខ ១១៣ មាត្រា​៤៣ ស្តីពី​ការផាកពិន័យ​អន្តរកាល​។ នេះ​បើតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
 
​តាម​របាយការណ៍​រប​ស់​ក្រសួងបរិស្ថាន ក្នុង​មួយឆ្នាំ​កម្ពុជា បាន​បង្កើត​សំរាម​ប្រមាណ ៤​លាន​តោន​។ ក្នុងនោះ ៦៥​ភាគរយ ជា​សំណ​ល់សរ​រី​រា​ង្គ និង​ប្រមាណ ២០​ភាគរយ ជា​សំណល់​ប្លា​ស្ទិ​ក ក្រៅពីនោះ​ជា​សំណល់​ផ្សេងៗ​។ ដោយឡែក​សម្រាប់​ឆ្នាំ​២០២០​នេះ បរិមាណ​បង្កើត​សំណល់​ប្រមាណ ៥០៦​តោន​ក្នុង​ថ្ងៃ​។​
 
​បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ កំពុង​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ តាមរយៈ​ការស្ថាបនា​ផ្លូវ ៣៤​ខ្សែ ប្រព័ន្ធ​លូ អូ ប្រឡាយ អាង​ប្រព្រឹត្ត​កម្ម ការសាងសង់​បន្ទប់ទឹក​សាធារណៈ​តាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល និង​ការរៀបចំ​ក្រាល​ថ្ម​ក្រា​នី​ត នៅតាម​ចិញ្ចើមផ្លូវ​ជុំវិញ​រង្វង់​មូល​តោ​ពីរ ក្នុង​ក្រុងព្រះសីហនុ​ជាដើម​៕

Tag:
 ​សំរាម​
 ​បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com