ជាតិ
សម្ដេច ហ៊ុន សែន ឆ្ងល់​រឿង គណៈមេធាវី ចាយលុយ​៤០​ម៉ឺន​ដុល្លារ បានត្រឹមតែ​៦​ខែ​
25, Nov 2020 , 11:59 pm        
រូបភាព
​ភ្នំពេញ​៖ គណៈមេធាវី ទទួលបាន​ថវិកា​១,៦០០​លាន​រៀល (៤០​ម៉ឺន​ដុល្លារ​) ក្នុង​មួយឆ្នាំ​ពី​រដ្ឋាភិបាល​។ ប៉ុន្តែ​ថវិកា​ទាំងនេះ គណៈមេធាវី ចាយវាយ​ត្រឹមតែ​៦​ខែ​ប៉ុណ្ណោះ ពោលគឺ​ប្រើប្រាស់​ថវិកា​មិន​ដល់​មួយឆ្នាំ​ឡើយ​។ សម្ដេច ហ៊ុន សែន ចង់ដឹង​មូល​ហេតុដែល​គណៈមេធាវី ចាយវាយ​ថវិកា​លឿន​បែបនេះ​។​


​សម្ដេច ហ៊ុន សែន ឆ្ងល់​ថា ហេតុអ្វី​បានជា​គណៈមេធាវី ចាយវាយ​ថវិកា​មិន​ស្របតាម​ផែនការ​? តើ​ថវិកា​ទាំងនោះ ចាយវាយ​លើ​អ្វីខ្លះ​?
 
​ក្រោយ​ចោទ​ជា​សំនួរ​បែបនេះហើយ សម្ដេច ហ៊ុន សែន ក៏បាន​ប្រាប់​ឲ្យ​លោក លី ចាន់​តុលា ដែល​ទើប​ជាប់ឆ្នោត​ជា​ប្រធាន​គណៈមេធាវី កាលពីពេល​ថ្មីៗ ធ្វើ​របាយការណ៍​សកម្ម​ភាព និង​ចំណាយ​របស់​មេធាវី​កន្លងមក ឲ្យ​សម្ដេច​ត្រួតពិនិត្យ​។ 





 
​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​មេធាវី​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៥ វិច្ឆិកា នេះ ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ដូច្នេះ​ថា​៖«​កន្លងទៅ​(​ថវិកា​)១,៦០០​លាន​រៀល ចាយ​បានតែ​ពាក់កណ្ដាល​ឆ្នាំ មិនដឹង​ជា​ចាយ​ទៅលើ​អ្វីខ្លះ​ទេ​។ អ៊ីចឹង​បានជា​ខ្ញុំ​ចង់​ធ្វើ Audit (​សវនកម្ម​, ត្រួតពិនិត្យ​បញ្ជីចំណាយ​) ប៉ុន្តែ​ឥឡូវ​ខ្ញុំ​មិនទាន់​ធ្វើ Audit ទេ គ្រាន់តែ​សុំ​របាយការណ៍​ប៉ុណ្ណឹង​។ (​ថវិកា​)១,៦០០​លាន​រៀល វា​ស្មើនឹង​៤០​ម៉ឺន​ដុល្លារ តែ​បែ​ជា​ចាយ​បានតែ​ពាក់កណ្ដាល​ឆ្នាំ វា​អស់​លុយ​។ តើយ​កវា​ទៅធ្វើ​អី​?»
 
​មេធាវី​របស់​គណៈមេធាវី ត្រូវការពារ និង​ដោះស្រាយ​សំណុំរឿង​របស់​ជនក្រីក្រ ដោយ​មិន​ទទួលបាន​ថវិកា​ឡើយ ហើយ​បើ​ការពារ​ជនក្រីក្រ ដើម្បី​យកលុយ​នោះ គឺ​លែង​មានន័យ​ហើយ​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន ដែល​សង្ស័យថា មេធាវី​នៃ​គណៈមេធាវី ការពារ​ក្តី​កន្លងមក ទំនង​យកលុយ​របស់​រដ្ឋ​ទៅ​ចាយ​។​




 
​ថ្លែង​បែបនេះហើយ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ប្រាប់​ឲ្យ​លោក លី ចាន់​តុលា ប្រធាន​គណៈមេធាវី រៀបចំ​ការចំណាយ​ឲ្យ​បាន​ត្រឹមត្រូវ និង​ប្រើប្រាស់​ថវិកា​ឲ្យ​ចំ​គោលដៅ​ពិតប្រាកដ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ក្រីក្រ​។ «​បើសិនជា​អាច​គួរតែ​ធ្វើ​របាយការណ៍​មួយ ក្នុង​ប៉ុន្មាន​ឆ្នាំ​ដែល​ចាប់ផ្ដើម​ទទួល​នូវ​ថវិកា​ពី​រដ្ឋាភិបាល ការពារ​ក្តី​បាន​ប៉ុន្មាន​? ផ្ដល់​ការពិគ្រោះ​ផ្លូវច្បាប់​បាន​ប៉ុន្មាន​? អាចធ្វើ​របាយការណ៍​ហ្នឹង​មួយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​បញ្ជា​ឲ្យ​ក្រសួងយុត្តិធម៌ ត្រួតពិនិត្យ​លើ​ការចំណាយ​របស់​គណៈមេធាវី​នេះ​។​
 
​តែ​យ៉ាងណា​រដ្ឋាភិបាល ក៏​នឹង​បន្ថែម​ថវិកា​សម្រាប់​គណៈមេធាវី ដល់​២០០០​លាន​រៀល នៅ​ឆ្នាំក្រោយ​ទៀតផង​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន​៕

Tag:
 ហ៊ុន សែន​
  គណៈមេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com