បារាំង បង្គាប់​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​បង់ពន្ធ​ឌីជីថល​
អន្តរជាតិ
បារាំង បង្គាប់​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​បង់ពន្ធ​ឌីជីថល​
26, Nov 2020 , 8:29 pm        
រូបភាព
រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង Bruno Le Maire ។ រូបភាព៖ AFP
រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង Bruno Le Maire ។ រូបភាព៖ AFP
​ក្រសួង​ហិរញ្ញវត្ថុ​បារាំង បាន​ជូនដំណឹង​ទៅកាន់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដែលមាន​កាតព្វកិច្ច​ប​ង់​ពន្ធ​សេវាកម្ម​ឌីជីថល​របស់ខ្លួន ឲ្យ​បង់ពន្ធ​នោះ​តាម​ការគ្រោងទុក​ក្នុង​ខែធ្នូ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួង​ហិរញ្ញវត្ថុ​បារាំង នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា​។ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​របស់​អាមេរិក សុទ្ធតែ​ប្តេជ្ញា​គោរព​តាមច្បាប់​នេះ​។​

 
​ប្រទេស បារាំង បាន​ផ្អាក​ការប្រមូល​ពន្ធ ដែល​នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដូចជា Facebook និង Amazon កាលពីដើមឆ្នាំ​២០២០​នេះ ខណៈ​ការចរចា​កំពុង​ធ្វើឡើង​នៅ​អង្គការ​សម្រាប់​ការអភិវឌ្ឍ​និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច (OECD) ជុំវិញ​ការរៀបចំ​ប្រព័ន្ធ​ច្បាប់​ស្តីពី​ពន្ធ​លក្ខណៈ​អន្តរជាតិ​។ 
 
​ក្រសួង​ហិរញ្ញ​វត្ថ​បារាំង កន្លងទៅ បាន​អះអាងថា ខ្លួន​នឹង​ប្រមូល​ពន្ធ​ក្នុង​ខែធ្នូ ដូច​គ្រោងទុក ប្រសិនបើ​កិច្ចពិភាក្សា OECD នេះ គ្មាន​ផ្លែផ្កា​អ្វី​ច្រើន​ទេនោះ ។ ជាក់ស្តែង ផ្លែផ្កា​មិនទាន់មាន​មែន ដោយ​ប្រទេស​ពាក់ព័ន្ធ​ជិត​១៤០ កាលពី​ខែ​មុន បាន​យល់ព្រម​គ្នា​រក្សា​ការចរចា​រហូតដល់​ពាក់​កណ្ដាល់​ឆ្នាំ​២០២១​។ អាស្រ័យហេតុនេះ បារាំង​ក៏​ចាប់ផ្ដើម​យកពន្ធ​សេវាកម្ម​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​តាម​គម្រោង​របស់ខ្លួន​។​
 
«​ក្រុមហ៊ុន ដែល​ជាប់​ឈ្មោះ​ត្រូវ​បង់ពន្ធ បានទទួល​ការផ្ដល់​ជូនដំណឹង​ពួកគេ​ដើម្បី​បង់ពន្ធ​ឆ្នាំ​២០២០»​។ មន្ត្រី​ម្នាក់​នៃ​ក្រសួង​ហិរញ្ញវត្ថុ​បារាំង បានបញ្ជាក់​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បែបនេះ​។​
 
​រដ្ឋាភិបាល​បារាំង កាលពី​ឆ្នាំមុន បាន​អនុវត្ត​ពន្ធ​៣​ភាគរយ​លើ​ចំណូល​ពី​សេវាកម្ម​ឌីជីថល ដែល​រកបាន​ក្នុងប្រទេស​បារាំង​ដោយ​ក្រុមហ៊ុន​ដែល​រក​ចំណូល​ប្រចាំឆ្នាំ​ជិត​៣០​លាន​ដុល្លារ​នៅ​បារាំង និង​ជាង​៨៩៤​លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក​។ 
 
​ជំហរ​របស់​ក្រុមហ៊ុន Facebook គឺ​ធានា​ការអនុលោម​តាមច្បាប់​ពន្ធ​ទាំងអស់​ក្នុង​តំបន់​ដែល​ខ្លួន​បើក​ប្រតិបត្តិការ ហើយ​ខ្លួន​បាន​អះអាងថា បានទទួល​វិ​ក័យ​ប​ត្រ​ពន្ធ​របស់ខ្លួន​ពី​អាជ្ញាធរ​បារាំង​ហើយ​។ ចំណែក ក្រុមហ៊ុន Amazon ក៏បាន​ទទួល​ការជូនដំណឹង​ពី​សំណាក់​អាជ្ញាធរ​បារាំង​ឲ្យ​បង់ពន្ធ​ផងដែរ ហើយ​ក្រុមហ៊ុន​បច្ចេក​អាមេរិក​នេះ នឹង​គោរព​តាម​។ 
 
​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ស្ទាក់ស្ទើរ​ក្នុងការ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ពហុភាគី​និយម​ស្ដីពី​ពន្ធ​អន្តរជាតិ​នេះ​។ មន្ត្រី​បារាំង​មួយចំនួន បានបញ្ជាក់​បែបនេះ​។ នៅ​ដើម​សប្ដាហ៍​នេះ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង Bruno Le Maire បាន​អះអាងថា រដ្ឋាភិបាល​បារាំង នឹង​យកពន្ធ​ឌីជីថល​នា​ពាក់កណ្ដាល​ខែធ្នូ ដូចដែល​បាន​ពន្យល់​ទៅកាន់​រដ្ឋបាល​អាមេរិក​កន្លងមក​៕ 
 
 
 

Tag:
 បារាំង​
  ក្រុមហ៊ុន​បច្ចេកវិទ្យា​
  ពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com