COVID-19
អន្តរជាតិ
លោកស្រី ការី ឡាំ​៖ ពីរ​សប្តាហ៍​ខាងមុខ ជា​ពេល​ដ៏​សំខាន់​ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩ នៅ​ហុងកុង​
01, Dec 2020 , 9:29 pm        
រូបភាព
ប្រជាជនហុងកុង មកធ្វើតេស្តរកកូរ៉ូណាវីរុស។ រូបភាព៖ Reuters
ប្រជាជនហុងកុង មកធ្វើតេស្តរកកូរ៉ូណាវីរុស។ រូបភាព៖ Reuters
​ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង លោកស្រី ការី ឡាំ នៅ​ថ្ងៃទី​១ ខែធ្នូ បាន​ទទូច​ឲ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ ជៀសវាង​ការជួបជុំ​ផ្សេងៗ និង​រក្សា​គម្លាត​សុវត្ថិភាព ខណៈដែល​ករណី​ឆ្លង​កូ​វីដ​-១៩ ក្នុង​ទីក្រុង​កើនឡើង​។ បើតាម​ប្រមុខ​ដឹកនាំ​ហុងកុង ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ សំខាន់​ណាស់ សម្រាប់​ហុងកុង ក្នុងការ​បញ្ចៀស​ករណី​ឆ្លង​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ទីក្រុង​។

 
​ករណី​ឆ្លង​កូ​វីដ​-១៩ នៅក្នុង​ទីក្រុង​ហុងកុង បាន​ហក់​ឡើងជា​ថ្មី​។ ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​ហុងកុង បាន​ចាត់វិធានការ​មួយចំនួន ដូចជា​រឹតត្បិត​ការជួបប្រជុំ​ត្រឹម​ពីរ​នាក់ អនុញ្ញាត​បុគ្គលិក​រដ្ឋ​អាច​ធ្វើការ​នៅផ្ទះ បិទ​សាលារៀន បិទ​មជ្ឈមណ្ឌល​ហ្គេម​កម្សាន្ត ខារ៉ាអូខេ និង​កន្លែង​ហែល​ទឹក ចាប់ពី​ថ្ងៃទី​២ ខែធ្នូ​តទៅ​។ រាល់​អ្នក​ល្មើ​សនឹង​បម្រាប​ទាំងនោះ នឹងត្រូវ​ពិន័យ​ជា​ប្រាក់​រហូតដល់ ៥១៦​ដុល្លារ​។ 
 
​បន្ទាប់ពី​ចំណាត់ការ​របស់​រដ្ឋាភិបាល​ហុងកុង ប្រធាន​ប្រតិបត្តិ​ទីក្រុង លោកស្រី ការី ឡាំ ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ផងដែរ ដោយសារ​កូ​វីដ​-១៩ នៅតែ​ជា​បញ្ហា​បារម្ភ​ដ៏​ចម្បង​។ លោកស្រី ឡាំ ចាត់ទុក​រយៈពេល​ពីរ​សប្តាហ៍​ខាងមុខ ជា​ពេល​ដ៏​សំខាន់​ក្នុងការ​ទប់ស្កាត់​រលក​ឆ្លង​លើក​ទី​៤ នៃ​កូ​វីដ​-១៩ ។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​នៅ​ថ្ងៃទី​១ ខែធ្នូ ប្រមុខ​ដឹកនាំ​ហុងកុង​រូបនេះ​បន្ថែមថា រដ្ឋាភិបាល នឹងដាក់​ចេញ​វិធានការ​បន្ថែមទៀត ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​នៅក្នុង​ទីក្រុង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​ចិន CGTN​។ 
 
​ហុងកុង នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា បាន​រាយការណ៍​ពី​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន ៧៦​ករណី ដែល​ភាគច្រើន​ជា​ករណី​ឆ្លង​ក្នុងស្រុក​។ ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​របស់​ហុងកុង មាន​ចំនួន ៦៣១៥​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ១០៩​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៥៣៤៤​នាក់​។​
 
​ការកើនឡើង​ចំនួន​ករណី​ឆ្លង​ក្នុងស្រុក ដែល​ភាគច្រើន​មិនមាន​ប្រភព​នេះ ក៏​បង្ខំ​ឲ្យ​ហុងកុង​បន្ត​លើក​ពេល​ការធ្វើដំណើរ​ជាមួយ​សិង្ហ​បុរី​ជាថ្មីទៀត​។ បើតាម​អាជ្ញាធរ​អាកាសចរណ៍​សិង្ហ​បុរី ការអនុញ្ញាត​ឲ្យ​ធ្វើដំណើរ នឹងត្រូវ​ផ្អាក​ដល់​ដំណាច់ឆ្នាំ​២០២០ តែម្ដង ហើយ​ការបើក​ការធ្វើដំណើរ អាច​នឹងមាន​ឬ​អត់ នឹងត្រូវ​សម្រេច​នៅ​ឆ្នាំក្រោយ ព្រោះ ហុងកុង នៅតែមាន​ករណី​ឆ្លង​ក្នុងស្រុក​ច្រើន​ដដែល​។ 
 
​កន្លងមក ហុងកុង និង​សិង្ហ​បុរី បានប្រកាស​បើក​ជើង​ហោះ​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ប៉ុន្តែ​ការប្រកាស​នេះ ត្រូវ​ពន្យារ​ដល់​ដើមខែ​ធ្នូ ដោយសារ​ករណី​ឆ្លង​កូ​វីដ​-១៩ ក្នុង​ក្រុង​ហុងកុង​ហក់​ឡើង រហូតដល់​ដើមខែ​ធ្នូ ករណី​កូ​វីដ​-១៩ នៅក្នុង​ក្រុង នៅតែ​បន្ត​មាន​ច្រើន​ដដែល​។ 
 
​ក្រោម​គម្រោង​ធ្វើដំណើរ​នេះ អ្នកដំណើរ​គ្រាន់តែ​ធ្វើតេស្តរ​កកូ​វីដ​-១៩ ប៉ុណ្ណោះ និង​មិន​តម្រូវ​ឲ្យ​មានការ​ដាក់​ច​ត្តា​ឡី​ស័ក​នៅក្នុង​ប្រទេស​មួយទៀត​ឡើយ​។ សិង្ហ​បុរី ទំនងជា​ឃើញ​ហានិភ័យ​នៃ​ការកើនឡើង​ករណី​ឆ្លង​នៅ​ហុងកុង ទើប​បន្ត​ពន្យារពេល​ធ្វើដំណើរ​វាង​ទីក្រុង​ដ៏​សំខាន់​ទាំងពីរ​៕

Tag:
 ហុងកុង​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com