ជាតិ
សង្គមជាតិ
ប្រមុខរដ្ឋាភិបាល ជំរុញឲ្យស្ថាប័នរដ្ឋនិងឯកជន បន្តយកជនពិការចូលធ្វើការ ដោយមិនរើសអើង សម្តេច ហ៊ុន សែន ជួបជនពិការនាពេលកន្លងមក (រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី)
× សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ទៅគ្រប់ក្រសួង-ស្ថាប័នរដ្ឋ ឲ្យលើកទឹកចិត្តដល់ជនពិការ ដែលមានលក្ខណសម្បត្តិនិងសមត្ថភាពគ្រប់គ្រាន់ បានចូលបម្រើការងារនិងបំពេញមុខងារ ដោយគ្មានការរើសអើង។ សាររបស់សម្តេច ដែលជូនទៅកាន់គ្រប់ក្រសួង-ស្ថាប័ន គឺធ្វើឡើងតាមរយៈសារលិខិតអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៨ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ។
តាមរយៈសារលិខិតរបស់ខ្លួន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាសកម្មភាពជនពិការ មិនត្រឹមតែសំដៅទៅលើស្ថាប័នរដ្ឋទេ តែក៏ជំរុញទៅវិស័យឯកជននិងវិស័យក្រៅរដ្ឋាភិបាលដែរ រួមមាន សង្គមស៊ីវិល រោងចក្រ សហគ្រាស និង គ្រឹះស្ថានទាំងអស់ ឲ្យជ្រើសរើសជនពិការ ចូលបម្រើការងារ និងបន្តនិរន្តរភាពការងារដល់ពួគេ ដូចអ្នកដទៃ [ដែលមិនមែនជាជនពិការ] ដែរ។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល ណែនាំឲ្យបន្តរៀបចំការបង្កលក្ខណៈងាយស្រួល សម្រាប់ជនពិការ ក្នុងការចេញចូល នៅកន្លែងសាធារណៈ ដូចជា ការរៀបចំចំណតយានយន្តពិសេស ការធ្វើជម្រាល ការបំពាក់ឧបករណ៍ធ្នាក់ដៃទ្វារ និង បន្ទប់ទឹកជនពិការ ជាដើម។
ប្រមុខរដ្ឋាភិបាល សរសេរក្នុងសារលិខិតយ៉ាងដូច្នេះថា៖«រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តស្តីពីពិការភាព២០១៩-២០២៣ ដោយគិតយ៉ាងល្អិតល្អន់អំពីការដោះស្រាយជូនជនមានពិការភាព ដើម្បីបង្កើនការងារនិងសន្តិសុខសេដ្ឋកិច្ច ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់កំណើនការងារសមស្របនិងការពង្រីកអាជីវកម្មនិងមុខរបរ ដើម្បីបង្កើនជីវភាពរស់នៅបានសមរម្យជូនជនមានពិការភាព»។
សារលិខិតនោះ បង្ហាញថា ក្នុងឆ្នាំ២០១៩ មានជនពិការជាង៦,៦ពាន់នាក់ បានចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋនិងឯកជន៕
Tag:
ហ៊ុន សែន
ទិវាជនពិការ
ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com