ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
ម្ចាស់​ហាង​កាហ្វេ​ត្រី​៖ ដើរ​ក្រោយ​គេ បើ​គ្មាន​ក្តី​ស្រលាញ់ និង​ខុសប្លែក​គេ​ទេនោះ អាជីវកម្ម​នឹង​ដួល​
06, Dec 2020 , 9:19 am        
រូបភាព
លោក តួ ស៊ី​វ៉ាន់​ដេ​ត ម្ចាស់​ហាង​កាហ្វេ​ត្រី​
លោក តួ ស៊ី​វ៉ាន់​ដេ​ត ម្ចាស់​ហាង​កាហ្វេ​ត្រី​
​ភ្នំពេញ​៖ អាជីវកម្ម​ថ្មី​មួយ​(Startup)​ដែល​ចាប់ផ្តើម​ដំណើរការ ម្ចាស់​អាជីវកម្ម មិនត្រូវ​រំពឹង​នឹង​ទទួលបាន​ផល​មកវិញ​ភ្លាមៗ​នោះទេ​។ នេះ​ជាការ​លើកឡើង​របស់លោក តួ ស៊ី​វ៉ាន់​ដេ​ត ម្ចាស់​ហាង​កាហ្វេ​ត្រី ដោយ​បន្តថា​ម្ចាស់​អាជីវកម្ម ត្រូវ​សម្លឹងមើល​រយៈពេល​វែង​មួយណា ដើម្បីឱ្យ​ផលិតផល​ខ្លួន​មានការ​ទទួលស្គាល់​ពី​អតិថិជន​។ ម្ចាស់​ហាង​កាហ្វេ​ត្រី​ដែល​ទើប​ដំណើរ​ប្រមាណ​៦​ខែ​រូបនេះ បាន​បន្ថែម​ដូច្នេះ​៖«​ហាង​កាហ្វេ​យើង​ចូល​ទីផ្សារ​ក្រោយ​គេ បើ​បង្កើតឡើង​ដោយ​គ្មាន​ក្តី​ស្រលាញ់ និង​លក្ខណៈពិសេស​ខុសពី​គេ​នោះទេ មិនយូរ​ទេ​យើង​នឹង​ដួល​»​។

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នក អាន​បទ​សម្ភាស​រវាង​លោក តួ ស៊ី​វ៉ាន់​ដេ​ត ម្ចាស់​ហាង​កា​ហ្វ​ត្រី ជាមួយ​កញ្ញា អ៊ូ សុខ​មាននៃ​សារព័ត៌មាន​ថ្មីៗ ខាងក្រោម​ដូចតទៅ​៖ 
 
កញ្ញា អ៊ូ សុខ​មាន​៖ ហេតុអ្វី​បានជា​លោក​បើកហាង​កាហ្វេ​ដែលមាន​ពោរពេញ​ទៅដោយ​ការ​លម្អ​ត្រី​ក្រឹម​គ្រប់​ប្រភេទ​ក្នុង​បរិវេណ​ហាង​បែបនេះ​? 
 
​លោក តួ ស៊ី​វ៉ាន់​ដេ​ត​៖ ការសម្រេចចិត្ត​បើកហាង​កាហ្វេ​ត្រី​នេះ ព្រោះ​ខ្ញុំ​ចង់ឱ្យ​អតិថិជន​គ្រប់រូប​ក្រៅពី​បាន​ទទួលទាន​កាហ្វេ​ដែលមាន​រសជាតិ​ឆ្ងាយ​ហើយ​នោះ គឺ​បាន​ស្គាល់​នូវ​ប្រភេទ​ត្រី​នីមួយៗ​ដ៏​ស្រស់ស្អាត​មាន​ពណ៌​ដ៏​ឆើតឆាយ​។ លើសពីនេះទៅទៀត អតិថិជន​ក៏​អាច​ទទួលបាន​នូវ​ចំណេះដឹង ឬ​របៀប​នៃ​ការចិញ្ចឹម​ត្រី​ក្រឹម​ដោយ​ឥតគិតថ្លៃ ផងដែរ​។  លោក បាន​បញ្ជាក់ថា រសជាតិ​នៃ​កាហ្វេ​ពី​ហាង​មួយ​ទៅ​ហាង​មួយ គឺ​មិន​ខុសគ្នា​ប៉ុន្មាន​ទេ ប៉ុន្តែ​អ្វីដែល​ខុសពី​គ្នា​នេះ គឺ​បរិយាកាស  ចំណេះដឹង និង​សេវាកម្ម​ផ្តល់ជូន​អតិថិជន​។​
 
​កញ្ញា អ៊ូ សុខ​មាន​៖ មាន​ហាង​កាហ្វេ​ជាច្រើន​បាន​បើក ហើយក៏​បាន​បិទ​ទៅវិញ តើ​កត្តា​អ្វីដែល​ជំរុញ​លោក​ក្នុងការ​សម្រេចចិត្ត​បើកហាង​កាហ្វេ​នេះ​ឡើង​? ពិសេស​នៅក្នុង​ដំណាក់កាល​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច ដោយសារតែ​ជំងឺឆ្លង​រាលដាល​កូ​វីដ​-១៩ នាបច្ចុប្បន្ន​? 
 
​លោក តួ ស៊ី​វ៉ាន់​ដេ​ត​៖ ខ្ញុំ​មានបំណង​បើកហាង​កាហ្វេ​ត្រី​នេះ មុន​កម្ពុជា និង​ពិភពលោក​ជួបនឹង​វិបត្តិ​កូ​វីដ​-១៩​នេះ​ទៅទៀត​។ កត្តា​ដែល​ជំរុញ​ឱ្យ​ខ្ញុំ​បើកហាង​កាហ្វេ​ត្រី​ក្នុងដំណាក់កាល​កូ​វីដ​-១៩​នេះ ពីព្រោះ​មិន​ចង់​ពន្យារពេល​កាន់តែ​យូរ​ក្នុង​ការឱ្យ​អតិថិជន ឬ​ពលរដ្ឋ​ស្គាល់​ពី​ហាង​កាហ្វេ​មួយ​នេះ ថា​មាន​អ្វីខ្លះ និង​មាន​លក្ខណៈ​ខុសប្លែក​អ្វីខ្លះ​ពី​ហាង​កាហ្វេ​គេ​ដទៃ​នៅ​រាជធានី​ភ្នំពេញ​។ ហាង​កាហ្វេ​ត្រី​ដែល​បើក​ឡើង​ក្នុងដំណាក់កាល​កូ​វីដ​-១៩​នេះ លោក ស៊ី​វ៉ាន់​ដេ​ត មិន​រំពឹង​នឹង​ទទួលបាន​អតិថិជន​ឬ​ភ្ញៀវ​ច្រើន​មក​ចូល​ហាង​កាហ្វេ​មួយ​នេះ ប៉ុន្តែ​លោក​សង្ឃឹម មាន​មនុស្ស​ស្គាល់ឈ្មោះ​ហាង​កាហ្វេ​ត្រី​នៅលើ​បណ្តាញ​សង្គម​នានា​(Facebook, Tik Tok…)​។ 
 
​កញ្ញា អ៊ូ សុខ​មាន​៖ កាហ្វេ​ត្រី​នេះ មាន​ត្រី​ក្រឹម​ប៉ុន្មាន​? ជា​ប្រភេទ​ត្រី​ក្រឹម​ក្នុងស្រុក ឬ​នាំចូល​ពី​បរទេស​? 
 
​លោក តួ ស៊ី​វ៉ាន់​ដេ​ត​៖ ត្រី​ក្រឹម​មាន​ចម្រុះ​ពណ៌​គ្នា​(​ក្រហម​, លឿន​, ប្រាក់​, ស​...)​ដែល​យើង​ចិញ្ចឹម​ក្នុង​ទូកញ្ចក់​តូច​-​ធំ នៅក្នុង​ហាង​កាហ្វេ​នេះ មាន​ជាង​៣០​ប្រភេទ ដោយ​តម្លៃ​ចាប់ពី​០,៥០​ដុល្លារ រហូតដល់​១០០​ដុល្លារ​ក្នុង​មួយ​ក្បាល​។ ត្រី​ទាំងនេះ ជា​ប្រភេទ​ត្រី​នាំចូល​ពី​បរទេស​ទាំងអស់​។ លោក​បាន​បញ្ជាក់ថា ចំណុច​ពិសេស​នៃ​ការបង្កើត​ត្រី​នេះ​ឡើង គឺ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ស្គាល់​នូវ​ត្រី​ស្អាតៗ ដែល​ខុសប្លែក​ពី​ត្រី​ក្នុងស្រុក​។​
 
​កញ្ញា អ៊ូ សុខ​មាន​៖ តើ​បើកហាង​កាហ្វេ ដោយ​ផ្សារភ្ជាប់​នឹង​ការចិញ្ចឹម​ត្រី​នេះ អាចជួយ​ដល់​ដំណើរការ​អាជីវកម្មរ​បស់​លោក​បាន​កម្រិតណា ខណៈ​មាន​កាហ្វេ​ជាច្រើន​រីក​ដុះ​ដូច​ផ្សិត​កំពុង​ប្រកួតប្រជែង​គ្នា​?
 
​លោក តួ ស៊ី​វ៉ាន់​ដេ​ត​៖ ខ្ញុំ​ជាម​នុស្ស​ស្រលាញ់ និង​ចូលចិត្ត​ចិញ្ចឹម​ត្រី​ក្រឹម តាំងពី​កុមារ ហើយ​ខ្ញុំ​ចង់​ផ្សារភ្ជាប់​វា​ជាមួយ​រុក្ខជាតិ ដើម្បីឱ្យ​មានការ​ទាក់ទាញ​កាន់តែខ្លាំង​នៅក្នុង​ហាង​កាហ្វេ​ត្រី​ដែល​ទើប​ដំណើរការបាន​ប្រមាណ​កន្លះ​ឆ្នាំ​មកនេះ​។ បច្ចុប្បន្ន  កុំថាឡើយ​នៅ​ហាង​កាហ្វេ​ដទៃ សូម្បីតែ​នៅ​កម្ពុជា ការចិញ្ចឹម​ត្រី​ដោយ​ផ្សារភ្ជាប់​ជាមួយ​រុក្ខជាតិ​ដើម្បី​កម្សាន្ត និង​ទស្សនា​ភាពស្រស់ស្អាត​នៃ​ត្រី គឺ​មិនទាន់​ទូលំទូលាយ​ដូច​ប្រទេសជិតខាង​ឡើយ​។ ដូច្នេះហើយ​ការបង្កើត​ហាង​កាហ្វេ​ដោយ​ភ្ជាប់​នឹង​ការចិញ្ចឹម​ត្រី​ដែលជា​ក្តី​ស្រលាញ់​របស់ខ្ញុំ នឹង​ធ្វើឱ្យ​អាជីវកម្ម​មួយ​នេះ​ដំណើរការបាន​យ៉ាង​រលូត តាម​ពលរដ្ឋ​ដឹងថា​នៅ​ស្រុក​ខ្មែរ​ក៏មាន​ហាង​កាហ្វេ​ល្អ​ប្លែក ដោយ​ផ្សារភ្ជាប់​នឹង​កសិកម្ម និង​បរិស្ថាន​ដូច​នៅ​បរទេស ទោះបី​ការរៀប​ចំនេះ​មិនទាន់​ពេញ​ស្តង់ដារ​និង​លក្ខណៈ​ស្អាត​ឥតខ្ចោះ​ដូច​គេ​ក៏ដោយ​៕ 
 











 

Tag:
 Startup
  កាហ្វេ​
© រក្សាសិទ្ធិដោយ thmeythmey.com