COVID-19
ជាតិ
សុខភាព
នាយករដ្ឋមន្ត្រី បញ្ជា​អាជ្ញាធរ​គ្រប់​រាជធានី​-​ខេត្ត ឲ្យ​ដើរ​បិទ​ហាង​ណា ដែល​មិន​គោរព​វិធានការ​ទប់ស្កាត់​កូ​វីដ​
06, Dec 2020 , 10:29 am        
រូបភាព
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​បញ្ជា​ទៅកាន់​គ្រប់​អភិបាល​រាជធានី​-​ខេត្ត ឲ្យ​ដើរ​ពិនិត្យមើល​តាម​ផ្សារ តាម​ភោជនីយដ្ឋាន និង តាម​ហាង​លក់ដូរ​គ្រប់​ភេទ ហើយ​ត្រូវ​ណែនាំ​ទីតាំង​ទាំងអស់នោះ ឲ្យ​បាន​អនុវត្ត​ឲ្យ​បាន​ហ្មត់ចត់​លើ​វិធាន​ការការពារ​ជំងឺ​កូ​វីដ​-១៩ ដែល​ចេញ​ដោយ​ក្រសួងសុខាភិបាល​។ ក្នុងករណី​ហាង​ឬ​ទីតាំង​ណា នៅតែ​មិន​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល នាយករដ្ឋមន្ត្រី ប្រាប់​ឲ្យ​បិទ​ហាង​ឬ​ទីតាំង​នោះ​ជា​បណ្តោះអាសន្ន​សិន​។



​តាមរយៈ​សារ​ជា​សំឡេង​ជាង​១០​នា​ទី ដែល​ផ្ញើ​ទៅកាន់​អភិបាល​រាជធានី​-​ខេត្ត ហើយ​ត្រូវបាន​ចែករំលែក​តៗ​គ្នា​តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នា​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០​នេះ ប្រមុខ​រដ្ឋាភិបាល សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​បើ​ទីកន្លែង​នោះ​មិន​ព្រម​អនុវត្ត​ទេ សូម​ប្រើ​អំណាច​របស់​រដ្ឋបាលខេត្ត​-​រាជធានី ដើម្បី​បិទ​ហាង​នោះ​ជា​បណ្តោះអាសន្ន​សិន​»​។ 

 
​វិធានការ​របស់​ក្រសួងសុខាភិបាល ដែល​សម្តេចនាយក​រដ្ឋមន្ត្រី លើកឡើង​នោះ មានដូចជា រក្សា​គម្លាត​សុវត្ថិភាព និង ពាក់​ម៉ាស់ ជាដើម​។ សម្តេច បន្តថា មិនមែន​តែ​បុគ្គលិក​តាម​ហាង​នោះទេ សូម្បីតែ​ភ្ញៀវ ក៏ត្រូវ​ពាក់​ពាក់​ម៉ាស់​ដែរ​។ 
 
​កន្លងមក ប្រមុខ​រដ្ឋាភិបាល សង្កេតឃើញ​នៅតាម​បណ្តា​ហាង​លក់ទំនិញ​មួយចំនួន មិនបាន​បំពេញ​គ្រប់គ្រាន់​ទៅតាម​លក្ខខណ្ឌ​ក្នុងការ​ទប់ស្កាត់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះឡើយ​។ ទន្ទឹមនឹង​នឹះ ប្រមុខ​រដ្ឋាភិបាល ក៏​សង្កេតឃើញ​ដែរ ពី​ការ​ថ្លោះធ្លោយ​របស់​អាជ្ញាធរ​នៅ​មូលដ្ឋាន ដែលជា​ផ្នែក​មួយ​បណ្តា​ឲ្យ​មានការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅតាម​សហគមន៍​។  
 
​រដ្ឋាភិបាល ចាត់វិធានការ​កាន់តែ​តឹងរឹង​បែបនេះ គឺ​បន្ទាប់ពី កម្ពុជា រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​ជាប្រចាំ​ថ្ងៃ ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ បាន​កើន​ដល់​៣០​ករណី​ហើយ ខណៈ​ករណី​ឆ្លង​នៅ​កម្ពុជា​ទាំងមូល ឡើងដល់​៣៤៦​ករណី ដោយ​ជាសះស្បើយ​៣០៦​ករណី​៕
 
 

Tag:
 COVID-19
  សម្តេច ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com