COVID-19
ជាតិ
ព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្នត្រៀមរួចហើយ តែនាយករដ្ឋមន្រ្តីមិនចង់ឈានដល់ជំហាននេះឡើយ
06, Dec 2020 , 12:10 pm        
រូបភាព
ទិដ្ឋភាពរាជធានីភ្នំពេញ ថតចេញពីអគារមួយ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន
ទិដ្ឋភាពរាជធានីភ្នំពេញ ថតចេញពីអគារមួយ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន
ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសជាចំហថា ព្រះរាជក្រឹត្យនិងលិខិតពាក់ព័ន្ធផ្សេងៗ ស្តីពីការដាក់ប្រទេសក្នុងគ្រាមានអាសន្ន បានព្រាងឡើងរួចរាល់ហើយ។ ប៉ុន្តែ ព្រះរាជក្រឹត្យនិងលិខិតទាំងនោះ គ្រាន់តែព្រាងទុកមុនប៉ុណ្ណោះ ដោយបំណងពិតប្រាកដរបស់ប្រមុខរដ្ឋាភិបាល គឺមិនចង់យកមកអនុវត្ត ដើម្បីដាក់ប្រទេសក្នុងគ្រាមានអាសន្ននោះទេ ព្រោះខ្លាចប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជា។



សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ថ្លែងទៅកាន់មន្រ្តីយ៉ាងដូច្នេះថា៖«ខ្ញុំ សូមនិយាយឲ្យត្រង់ថា ខ្ញុំ បានត្រៀមរួចរាល់អស់ហើយ នូវព្រះរាជក្រឹត្យ ដើម្បីថ្វាយព្រះមហាក្សត្រ និងសារលិខិត ដើម្បីថ្វាយព្រះមហាក្សត្រ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ព្រាងនូវអនុក្រឹត្យ ព្រាងនូវលិខិត សម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា រួចស្រេចទៅហើយ [ពាក់ព័ន្ធនឹងការដាក់ប្រទេសក្នុងគ្រាមានអាសន្ន]។ ប៉ុន្តែ ខ្ញុំ មិនចង់ដើរដល់ជំហានបែបនេះនោះទេ ព្រោះវា ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា នឹងគាំងទាំងស្រុងតែម្តង»។

សំឡេងរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលថ្លែងទៅកាន់មន្រ្តី ត្រូវបានចែករំលែងតាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ។ សម្តេច ក៏បានបង្ហោះសំឡេងរបស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុកដែរ។ មេដឹកនាំកម្ពុជារូបនេះ លើកហេតុផលបន្ថែមអំពីការមិនចង់បិទប្រទេសដូច្នេះថា៖«បើបិទប្រទេស ឬបិទផ្នែកណាមួយរបស់ប្រទេស ដូចជា រាជធានីភ្នំពេញ ឬខេត្តណាមួយនោះ វា នឹងធ្វើឲ្យគាំងដំណើរការសេដ្ឋកិច្ច  ជាពិសេសប៉ះពាល់ដល់ការរកស៊ីរបស់ប្រជាពលរដ្ឋរបស់យើង»។

សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា អ្វីដែលអាចធ្វើបាន ជំនួសឲ្យការបិទឬការដាក់ប្រទេសក្នុងគ្រាមានអាសន្ន គឺការប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រជាជន ត្រូវចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងរាលដាលចូលតាមសហគមន៍។ ការផ្ញើសារជាសំឡេងនេះ ទៅកាន់បណ្តាមន្រ្តី ក៏ដូចជាចង់ឲ្យប្រជាជនបានឮដែរនោះ ដ្បិតនាយករដ្ឋមន្រ្តី ចង់ដាស់តឿនអាជ្ញាធរនៅគ្រប់រាជធានី-ខេត្ត ឲ្យរឹតបន្តឹងកាន់តែខ្លាំងក្លាលើការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយថែមទាំងទទូចឲ្យប្រជាជន ប្រុងប្រយ័ត្នកាន់តែខ្ពស់ចំពោះជំងឺរាតត្បាតនេះ។

ទន្ទឹមនឹងនេះ សម្តេចប្រមុខរដ្ឋភិបាល បញ្ជាទៅអាជ្ញាធរ ឲ្យបិទភោជនីយដ្ឋានឬហាងលក់ដូរណា ដែលមិនព្រមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។

វិធានការ ដែលក្រសួងសុខាភិបាល តែងរម្លឹកទៅប្រជាជន មានដូចជា ពាក់ម៉ាស់ ឧស្សាហ៍លាងដៃ រក្សាគម្លាតសុវត្ថិភាព១ម៉ែត្រកន្លះពីគ្នា ផ្អាកការជួបជុំ ដែលមានមនុស្សពី២០នាក់ឡើងទៅ និង មិនគួរចេញក្រៅផ្ទះ បើមិនចាំបាច់ ជាដើម។ រដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដាក់ចេញវិធានការកាន់តែតឹងរឹងជាបន្តបន្ទាប់បែបនេះ ក្រោយពីកម្ពុជា មានករណីឆ្លងចូលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលហៅថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។

គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍៣០នាក់ហើយ ខណៈអ្នកឆ្លងសរុបនៅទូទាំងប្រទេស មានដល់៣៤៦នាក តែបានជាសះស្បើយវិញ៣០៦នាក់។

ចំពោះច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពមានអាសន្ន កម្ពុជា មិនធ្លាប់មានពីមុនឡើយ។ តែចាប់តាំងជំងឺកូវីដ-១៩ រាលដាលចូលមកដល់កម្ពុជា ក្នុងអំឡុងខែមករា ឆ្នាំ២០២០ រដ្ឋាភិបាល ក៏ផ្តើមគំនិតតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពមានអាសន្ន។ រហូតដល់ចុងខែមេសា ឆ្នាំ២០២០ ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពមានអាសន្ន ក៏បានចូលជាធរមាន។

មាត្រា៣នៃច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពមានអាសន្ន ចែងថា នៅពេលប្រជាជាតិប្រឈមនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់ប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា។ មាត្រា៣ដដែល ចែងទៀតថា ការដាក់ប្រទេសជាតិស្ថិតក្នុងភាពមានអាសន្នត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com