COVID-19
ជាតិ
សុខភាព
កូ​វីដ​-១៩៖ សូម​ស្តាប់​រដ្ឋាភិបាល បើ​មិន​ចង់​និយាយ​ពាក្យ ស្តាយក្រោយ​!
06, Dec 2020 , 2:39 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ថិតក្នុងសន្និសីទកាសែត នៅវិមានសន្តិភាព កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ស្តីពីស្ថានភាពជំងឺកូវីដ-១៩។ ក្នុងសន្និសីទកាសែតនាពេលនោះ សម្តេចនាយករដ្ឋមន្រ្តី បានលើកដៃសំពះសុំអង្វរទៅប្រជាជន ឲ្យស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ថិតក្នុងសន្និសីទកាសែត នៅវិមានសន្តិភាព កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ស្តីពីស្ថានភាពជំងឺកូវីដ-១៩។ ក្នុងសន្និសីទកាសែតនាពេលនោះ សម្តេចនាយករដ្ឋមន្រ្តី បានលើកដៃសំពះសុំអង្វរទៅប្រជាជន ឲ្យស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩។
​គេ​គួរតែ​នៅចាំ​បាន ព័ត៌មាន​ស្តីពី​កុមារ​ពិការ​ជនជាតិ​ចិន​ម្នាក់​ដែល​បាន​ស្លាប់ ដោយសារតែ​ឪពុក​របស់គេ ដែលជា​អ្នក​ថែទាំ បាន​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ហើយ​ត្រូវ​បានដាក់​ឱ្យនៅ​ដាច់ដោយឡែក ជាហេតុ​ធ្វើឱ្យ​កុមារ​នោះ​គ្មាន​អ្នក​ថែទាំ​។ តើ​គួរឱ្យ​សង្វេគ​យ៉ាងណា នៅពេលដែល​គេ​ឃើញ​រូបភាព​នៃ​ទីក្រុង​នានា​នៅ​បរទេស ប្រែ​ស្ងាត់ជ្រងំ ដោយសារតែ​រដ្ឋាភិបាល​ប្រកាស​បិទ​ទីក្រុង ដើម្បី​កាត់បន្ថយ​ចរាចរណ៍​?

 

នៅក្នុង​ប្រទេស​ជឿនលឿន​ជាច្រើន គេ​សឹងតែ​ឈប់​និយាយ​អំពី​ចំនួន​មនុស្ស​ស្លាប់​ទៅហើយ ដោយសារតែ​ចំនួន​កើនឡើង​ច្រើនពេក​។ នៅ​កម្ពុជា​យើង ពួក​ចាំតែ​ភ័យ​ស្លន់ស្លោ និង​ចែករំលែក​វីដេអូ​នៃ​ឡាន​សង្គ្រោះបន្ទាន់​ទៅ​ដឹក​អ្នកជំងឺ និង​យក​វត្ថុ​សំណាកនៅតាម​ទីតាំង​សង្ស័យ​។ យើង​ត្រូវធ្វើ​លើសពីនេះ​។ ត្រូវ​ស្តាប់​តាម​ការណែនាំ​របស់​រដ្ឋា​ភិ​បាល ត្រូវ​ស្តាប់​ការណែនាំ​របស់​ក្រសួងសុខាភិបាល បើ​យើង​មិន​ចង់​ធ្លាក់ចូល​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​គ្រោះថ្នាក់​នោះទេ​។​
 
​អ្វីដែល​យើង​បារម្ភ ដែល​យើង​ខ្លាច វា​បានមក​ដល់​ហើយ​។ តែ​វា​មិនទាន់​ហួសពេល​ក្នុងការ​រារាំង​ស្ថានភាព​មិនឱ្យ​ធ្លាក់​ទៅក្នុង​សភាព​ធ្ងន់ធ្ងរ​នោះឡើយ​។ នៅពេលនេះ អ្នកណាៗ​ក៏​កាន់​ទូរ​សព្ទ និង​ទន្ទឹង​ដំណឹង​អំពី​ការវិវត្ត​នៃ​ស្ថានភាព​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ដែរ​។ ប៉ុន្តែ​អ្វីដែល​ពលរដ្ឋ​ត្រូវធ្វើ​ដោយ​ម៉ត់ចត់​នោះ គឺ​មិន​ត្រឹមតែ​ការតាមដាន​ព័ត៌មាន​ឡើយ​។ គឺ​ត្រូវ​ចូលរួម​អនុវត្តតាម​សេចក្តីប្រកាស​របស់​រដ្ឋា​ភិ​បាល និង​ក្រសួងសុខាភិបាល​៖ អនុវត្ត​ស្តង់ដារ​សុវត្ថិភាព​សុខាភិបាល​៖ រក្សា​គម្លាត លាងដៃ​ញឹកញាប់ ពាក់​ម៉ាស់​ពេលចេញ​ក្រៅ ជាពិសេស បើ​គ្មាន​កិច្ចការ​ចាំបាច់ គឺ​មិនត្រូវ​ចេញពីផ្ទះ ព្រមទាំង​ថែរក្សា គ្រប់គ្រង​កូនចៅ​ឱ្យបាន​ម៉ឺងម៉ាត់​ទៀតផង​។ 
 
​តើ​យើង​នៅ​នឹកឃើញ​អារម្មណ៍​របស់​ពួកយើង​កាលពីដើមឆ្នាំ​ដែរឬទេ នៅពេល​យើង​រកឃើញ​ករណី​នាំចូល​ជំងឺ​កូ​វីដ​-១៩​ដំបូង​នៅ​ក្រុងព្រះសីហនុ លើ​ករណី​ជនជាតិ​ចិន​? បន្ទាប់មក​នៅ​ខេត្តសៀមរាប​ដែលជា​ករណី​ដំបូង​លើ​ជនរួមជាតិ​ខ្មែរ (​ដែលជា​ករណី​ឆ្លង​នាំចូល​ពី​ជនជាតិ​ជប៉ុន​)? និង​ការរកឃើញ​ករណី​នាំចូល​ជា​បន្ទ​បន្ទាប់​ជាច្រើន​ខែម​កទៀត​? តើ​ម្នាក់ៗ​ភ័យ​យ៉ាងណា​? ស្វែងរក​ទិញ​ម៉ាស់ និង​ដណ្តើម​គ្នា​ទិញ​ជែ​ល​លាងដៃ​យ៉ាងណា​? ម្នាក់ៗ​ផ្អើល​តែ​ក្នុងអំឡុងពេល​នៃ​ការផ្ទុះ​ជំងឺ​ដំបូង​ប៉ុណ្ណោះ​។ ម្នាក់ៗ​ចង់ដឹង​តែ​អំពី​អត្តសញ្ញាណ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ និង​ចំនួន​អ្នកជំងឺ​កូ​វីដ​ថ្មី​តែប៉ុណ្ណោះ ប៉ុន្តែ​ពួកយើង​មិន​ផ្តល់​តម្លៃ​ដល់​សារ​អប់រំ និង​ការទទូច​របស់​ក្រសួងសុខាភិបាល​ដែល​ត្រូវបាន​សរសេរ​នៅ​ខាងចុង​នៃ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ឡើយ​។​
 
យើង​ពុំ​ចាំបាច់​សួររក​ខុសត្រូវ​ចំពោះ​អ្វីដែល​បាន​កើតឡើង​ក្នុង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​នោះទេ ដោយ​ទុក​ភារៈ​នេះ​ឱ្យ​ក្រុមគ្រូពេទ្យ​ទៅ​ចុះ​! យើង​ត្រូវ​ងាក​មក​មើលខ្លួន​យើង​វិញ​។ យើង​ត្រូវ​ដូរ​ឥរិយាបថ​ឱ្យខាងតែបាន ដោយ​ត្រឡប់មក​អនុវត្តតាម​ការអំពាវនាវ​របស់​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​។ យើង​នៅទីនេះ គឺ​យើង​ជា​ប្រជាពលរដ្ឋ​ម្នាក់ៗ ទាំង​ជា​ពលរដ្ឋ​ធម្មតា អាជីវករ ពាណិជ្ជករ សិស្ស និស្សិត បុគ្គលិក និយោជិត និយោជក ។​ល​។ យើង​នៅទីនេះ ក៏​ជា​អាជ្ញាធរ​ដែនដី​ដែរ ដែល​អាច​ប្រើប្រាស់​វិសាលភាព​អំណាច ដើម្បី​សេចក្តីសុខ សុវត្ថិភាព​ពលរដ្ឋ​តាម​មូលដ្ឋាន​។ សម្តេចនាយក​រដ្ឋមន្ត្រី​បានប្រកាស​ផ្តល់​អំណាច​ដល់​អភិបាល​រាជធានី​-​ខេត្ត និង​រដ្ឋមន្ត្រី​តាម​វិស័យ​នានា​ផង អាច​ប្រើ​សិទ្ធិ​សម្រេច​ទៅតាម​សេចក្តី​យល់ឃើញ​របស់ខ្លួន ក្នុង​ក្របខណ្ឌ​នៃ​ការទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ក្នុង​សហគមន៍​នេះ​។ 
 
​​រដ្ឋាភិបាល​កម្ពុជា កំពុងធ្វើការ​ងារ​២​ក្នុងពេល​តែមួយ​។ ការងារ​ទីមួយ​ចំពោះមុខ គឺ​ការគ្រប់គ្រង​អារម្មណ៍​ប្រជាជន​ដើម្បី​បញ្ចៀស​ភាព​ស្លន់ស្លោ និង​ចលាចល​ក្នុងសង្គម ហើយ​ខិតខំ​ធ្វើ​ការងារ​ទី​ពីរ​ពី​ខាងក្រោយ គឺ​ការគិតគូរ​ត្រៀមលក្ខណៈ និង​ត្រៀម​សេណា​រី​យ៉ូ ក្នុង​ក្របខណ្ឌ​នៃ​ការដឹកនាំ​ប្រទេស​ចំពោះមុខ​វិបត្តិ​។ វិធានការ​ជាច្រើន​ត្រូវបាន​អនុវត្ត និង​ត្រៀម​រួចហើយ​ដែរ​។ ម៉ាស់​ចំនួន​៣​លាន​ត្រូវបាន​ចែក​ដល់​ពលរដ្ឋ​ក្រីក្រ​។ ថវិការ​ក៏ត្រូវ​បាន​ចែក​ដល់​អ្នក​ខ្វះខាត ជាពិសេស​គ្រួសារ​ដែលមាន​សមាជិក​ធ្វើ​ច​ត្តា​ឡី​ស័ក​។ សម្តេចនាយក​រដ្ឋមន្ត្រី​បានប្រកាស​ត្រៀម​ថវិកា​ពី​៨០០​លាន​ដុល្លារ ដល់​២០០០​លាន​ដុល្លារ​, បម្រុង​សាលារៀន និង​សណ្ឋាគារ នៅតាម​មូលដ្ឋាន​ដើម្បី​ដាក់​អ្នកជំងឺ​កូ​វីដ​។​ល​។​
 
​សរុប​មកវិញ យើង​មិនត្រូវ​គ្រាន់តែ​ភ័យ​ទេ គឺ​យើង​ត្រូវ​ចូលរួម​គ្រប់គ្នា​។ កុំភ្លេចថា សហគមន៍​នេះ មានខ្លួន​យើង មាន​សមាជិកគ្រួសារ​យើង មាន​មិត្តភក្តិ​យើង មាន​មនុស្ស​ជាទីគោរព​ស្រឡាញ់​របស់​យើង​។ ចុះបើ​មេរោគ​កូ​រ៉ូ​ណា​ដែល​យើង​មើលមិនឃើញ តែ​អាច​សម្លាប់​មនុស្ស​បាន ហើយ​កំពុង​ឆ្លង​ក្នុង​សហគមន៍​យើង ដោយសារតែ​យើង​មិនបាន​ជួយ​ទប់ស្កាត់ តើ​យើង​នឹងត្រូវ​និយាយ​ពាក្យ​សោកស្តាយ និង​វិប្បដិសារី ប៉ុន្មាន​ដង​? 

© រក្សាសិទ្ធិដោយ thmeythmey.com