ជាតិ
របៀប​ធ្វើ​ថ្នាំ​សម្លាប់​សត្វល្អិត​ធម្មជាតិ​ដោយ​មិន​ប៉ះពាល់​សុខភាព និង​សន្សំ​ថវិកា​
06, Dec 2020 , 11:29 pm        
រូបភាព
​ដោយ​៖ ស៊ុ​ល រ៉​វី​

​ការប្រើប្រាស់​ថ្នាំ​សម្លាប់សត្វ​ល្អិត​គីមី ជា​សកម្មភាព​ហានិភ័យ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល​ដល់​បរិស្ថាន សុខភាព​មនុស្ស ក៏ដូចជា​ចំណាយ​ថវិកា​ច្រើន​ផងដែរ​។ ផ្ទុយ​មកវិញ ការផលិត​ថ្នាំ​សម្លាប់សត្វ​ល្អិត​បែប​ធម្មជាតិ​ដោយ​ខ្លួនឯង  មិន​ត្រឹមតែ​ជួយ​ដល់​ការ​កម្ចាត់​សត្វល្អិត​បាន​ប៉ុណ្ណោះ​ទេ តែ​ជួយ​សន្សំសំចៃ​ថវិកា និង​ផលប៉ះពាល់​មកលើ​សុខភាព​ផងដែរ​។ លោក នី ណាក់ កសិករ​ដាំ​បន្លែ​មួយរូប ក្នុង​ខេត្តបាត់ដំបង បាន​ចែករំលែក ពី​វិធី​ធ្វើ​ថ្នាំ​សម្លាប់​សត្វល្អិត​ធម្មជាតិ ប្រាប់​សារព័ត៌មាន Thmey Thmey 25​។​


​ការផលិត​ថ្នាំ​សម្លាប់​សត្វល្អិត​ធម្មជាតិ មាន​គ្រឿងផ្សំ​ដូចជា ម្ទេស​ក្រៀម ៥០០​ក្រាម​, រំដេង ឬ​ខ្ញី (​មើម​ចាស់​) ៣០០​ក្រាម​, ថ្នាំជក់​ខ្មែរ (​ថ្នាំខ្លាំង​) ២០០​ក្រាម​, ទឹកខ្មេះ ៥០០​មី​លី​លីត្រ​, ស្រាស (៤០​ភាគរយ​) ៥០០​មី​លី​លីត្រ និង​ទឹកស្អាត ៥​លីត្រ​។ ចំពោះ​សម្ភារ​ប្រើប្រាស់​ដូចជា ដប​ជ័រ ឬ​ដប​កែវ​ចំនួន ១, ជី​ឡូ​វ​ចំនួន ១, ដប​បាញ់ថ្នាំ​ចំនួន ១​។​
 
​វិធី​ធ្វើ ដំបូង​យក​ម្ទេស​ទៅ​លីង​ឲ្យ​ស្រួយ បន្ទាប់មក​ទុក​វា​ប្រមាណ ៥​នាទី រួច​យកមក​បុក ឬ​កិន​ឲ្យ​ម៉ត់​ល្អ​។ បន្ទាប់មកទៀត ហាន់​រំដេង ឬ​ខ្ញី (​ទាំង​សំបក​) ស្ដើងៗ រួច​ដាក់​ថ្នាំជក់​ចូល ជាមួយ​ទឹកស្អាត ៥​លីត្រ ចូលក្នុង​ល្បាយ ហើយ​ដាក់​ដាំ​ប្រមាណ​ជា ២០​នាទី​។ បន្ទាប់ពី​ដាំ​រួច យើង​ត្រូវ​ទុក​វា​រយៈពេល​មួយ​យប់ រួច​ត្រង​យក​កាក​ចេញ និង​បន្ថែម​ទឹកខ្មេះ ២ ឬ​៣ ស្លាបព្រា​បាយ និង​ស្រាស ២ ស្លាបព្រា​បន្ថែមទៀត ហើយ​កូរ​ឲ្យ​សប់​ជាការ​ស្រេច​។ កាក​ដែល​បានមកពី​ការផលិត​ថ្នាំ​សម្លាប់​សត្វល្អិត អាច​យកទៅដាក់​ក្រោម​បន្លែ ព្រោះ​វា​ជា​ជី និង​ជួយ​បណ្ដេញ​សត្វល្អិត​ផងដែរ​។​
 
​របៀប​ប្រើប្រាស់ យក​ថ្នាំ ១​ស្លាបព្រា​បាយ លាយ​ជាមួយ​ទឹកស្អាត​។ ក្នុងករណី​មាន​សត្វល្អិត​រាតត្បាត​ដំណាំ​ច្រើន យើង​បាញ់ថ្នាំ​នេះ ៣​ថ្ងៃ​ម្ដង​។ ប៉ុន្តែ​បើ​គ្រាន់តែ​បាញ់ ការពារ​ពីស​ត្វ​ស្អិត​នោះ​អាច​បាញ់​មួយអាទិត្យ​ម្ដង ឬ​កន្លះ​ខែម្ដង​។ ចំពោះ​ការប្រើប្រាស់​ថ្នាំ​នេះ នៅ​ខែវស្សា យើង​គួរ​បន្ថែម សាប៊ូ​លាងចាន​ប្រមាណ​ជា ២ ឬ​៣​ដំណក់ ដើម្បី​ឲ្យ​ទឹក​ថ្នាំ​ចាប់​ជាប់​នឹង​ស្លឹក​បន្លែ​បានល្អ​។  យើង​អាច​រក្សាទុក​ថ្នាំ​នេះ​បាន​មួយឆ្នាំ ប្រសិនបើ​ទុក​ក្នុង​ដប​កែវ និង​ទុក​បាន ៦​ខែ ក្នុង​ដប​ជ័រ​។ 
 
​យ៉ាងណាមិញ ថ្នាំ​សម្លាប់​សត្វល្អិត​ធម្មជាតិ​នេះ មាន​ប្រសិទ្ធ​ខ្ពស់​ក្នុងការ​សម្លាប់​ដូចជា ពង​មេអំបៅ ដង្កូវ និង​សត្វល្អិត​បំផ្លាញ​ផ្សេងៗ​ទៀត ក៏ដូចជា​ការពារ​ពី​សត្វល្អិត​ទាំងនេះ​ផង​។ យើង​អាច​ប្រើប្រាស់​បាន​គ្រប់​ដំណាំ និង​ផ្លែឈើ​ផងដែរ​។ ប៉ុន្តែ​ចូរ​ទុកដាក់​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង​ព្រោះថ្នាំ​នេះ​ពុល​ខ្លាំង​៕
 
 
 
 

Tag:
 ​កសិកម្ម​
  ថ្នាំ​សម្លាប់​សត្វល្អិត​ធម្មជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com