COVID-19
ជាតិ
សុខភាព
វេជ្ជបណ្ឌិត ឱ វណ្ណឌីន ពន្យល់ពីលទ្ធភាពនៃការឆ្លងកូវីដតាមក្រដាស
× ភ្នំពេញ៖ ក្រៅពីរបស់របរប្រើប្រាស់ផ្សេងៗ ក្រដាសឯកសារ ក្រដាសប្រាក់ និង ក្រដាសនានា ក៏អាចមានលទ្ធភាពក្នុងការរចម្លងជំងឺកូវីដ-១៩ ក្នុងករណីអ្នកជំងឺកូវីដ-១៩ បានប៉ះពាល់ ឬបានកាន់ក្រដាសទាំងនោះ ហើយអ្នកផ្សេង បានទៅកាន់បន្ត។ នេះជាការពន្យល់របស់អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ទៅកាន់អ្នកកាសែតតាមបណ្តាញទំនាក់ទំនងតេឡេក្រាម។
អ្នកស្រី ឱ វណ្ណឌីន បានលើកឡើងថា បើបុគ្គលមានកូវីដ-១៩ បានយកដៃជូតទឹករំអិលផ្លូវដង្ហើម(សំបោរ ស្លេស ទឹកមាត់) ឬយកដៃខ្ទប់មាត់ពេលក្អក-កណ្តាស់ ហើយមិនបានលាងដៃនឹងសាប៊ូ ឬអាល់កុល ឬទឹកជែល ភ្លាមៗទេនោះ រួចយកដៃនោះទៅកាន់ក្រដាសប្រាក់ ឬក្រដាសផ្សេងៗ វីរុសកូវីដ-១៩ នឹងតោងលើក្រដាស់ទាំងនោះ។
អ្នកស្រីវេជ្ជបណ្ឌិត បន្តថា បើមានបុគ្គលណាម្នាក់ ចាប់កាន់ក្រដាសប្រាក់ឬក្រដាសនានា ដែលមានមេរោគកូវីដ-១៩តោង ពេលនោះ មេរោគកូវីដ-១៩ នឹងបន្តតោងទៅដៃបុគ្គលនោះតែម្តង។ អ្នកស្រី បន្ថែមថា ក្នុងករណីបុគ្គលនោះ បានយកដៃ ដែលកាន់ក្រដាសមានវីរុសកូវីដ-១៩ ទៅប៉ះច្រមុះ មាត់ ភ្នែក ជាដើម នោះ នឹងធ្វើឲ្យមានការចម្លងជំងឺកូវីដ-១៩បានលឿនជាទីបំផុត។ មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលរូបនេះ និយាយទៀតថា បន្ទាប់មក ក៏មានការចម្លងជំងឺកូវីដ-១៩បន្តៗគ្នា បើមិនបានលាងដៃ មិនពាក់ម៉ាស់ និង មិនរក្សាគម្លាតសុវត្ថិភាព។
ក្រសួងសុខាភិបាល ក៏បានផលិតវីដេអូខ្លីមួយដែរ ដើម្បីពន្យល់ប្រជាពលរដ្ឋ ពីលទ្ធផលនៃការឆ្លងជំងឺកូវីដ-១៩ តាមរយៈក្រដាស៕
Tag:
COVID-19
ឱ វណ្ណឌីន
កូវីដឆ្លងតាមក្រដាស
© រក្សាសិទ្ធិដោយ thmeythmey.com