កីឡាជាតិ
ជាតិ
កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ប្រាប់​មូលហេតុ ដែល​នាំ​ឲ្យ​ខ្លួន​ចូលចិត្ត​ពាក់អាវ​លេខ​៧
07, Dec 2020 , 11:19 pm        
រូបភាព
កីឡាករ_ប្រាក់_មុន្នីឧត្តម_ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
កីឡាករ_ប្រាក់_មុន្នីឧត្តម_ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
ដោយ:
​ខ្សែប្រយុទ្ធ ប្រាក់ មុន្នី​ឧ​ត្ត​ម បានចាត់ទុក​អតីត​ខ្សែបម្រើ​អង់គ្លេស David Backham ជា​កីឡាករ​និមិត្តរូប​(Idol)​សម្រាប់​ខ្លួន​។ បុរស​វ័យ​៤៥​ឆ្នាំ​រូបនេះ ក៏​ជា​បុគ្គល​ដែល​ធ្វើ​ឲ្យ​រូបគេ​ចូលចិត្ត​ពាក់អាវ​លេខ​៧ ជាជាង​លេខ​ផ្សេងៗ​ផងដែរ​។   

 
​ក្នុង​កម្មវិធី​សំណួរ​-​ចំឡើយ ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា អ្នកគាំទ្រ បាន​សួរ​សំណួរ​ជាច្រើន​ទៅកាន់​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ពាក់ព័ន្ធ​ការ​ប្រឡូក​ក្នុង​វិស័យ​បាល់ទាត់​។ ក្នុងនោះ មាន​អ្នកគាំទ្រ​មួយចំនួន​បាន​សួរ​ខ្សែប្រយុទ្ធ​រូបនេះ ពី​កីឡាករ​បរទេស​ដែលជា Idol និង​មូល​ហេតុដែល​ជំរុញ​ឲ្យ​រូបគេ​ជ្រើសរើស​លេខ​៧ ធ្វើជា​លេខ​សម្គាល់​ប្រចាំ​ឯកសណ្ឋាន​។  
 
​ឆ្លើយ​នឹង​សំណួរ​របស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Le Ak ដែល​សួរ​ពី​កីឡាករ​បរទេស ដែលជា​និមិត្តរូប កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​ឆ្លើយ​ដូច្នេះ​ថា​៖«​សម្រាប់ Idol ខ្ញុំ តាំងពី​ខ្ញុំ​ចេះ​លេង​បាល់ទាត់ គឺ​កីឡាករ David Backham គាត់​ជា​ជនជាតិ​អង់គ្លេស​។ ដឹង​ព្រោះ​អី​អត់​? ខ្ញុំ​ចូលចិត្ត​គាត់​តាំងពីដើម​»​។ ប៉ុន្តែ​នៅក្នុង​ក្របខណ្ឌ La Liga ឧ​ត្ត​ម ចូលចិត្ត​កីឡាករ Lionel Messi ហើយ​នៅក្នុង​តំបន់​អាស៊ី​រូបគេ​ចូលចិត្ត​ខ្សែប្រយុទ្ធ​កូរ៉េ​ខ​ង​ត្បូង  Son Heung-Min​។ 
 
​អតីត​ខ្សែបម្រើ David Backham ក៏​ជា​ដើមចម​ធ្វើ​ឲ្យ​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ចូលចិត្ត​ពាក់អាវ​លេខ​៧ និង​ជំរុញ​ឲ្យ​រូបគេ​ពូកែ​ខាង​ទាត់​បាល់ Free Kick ផងដែរ​។ 
 
«​ខ្ញុំ​ចូលចិត្ត​ទាត់​បាល់ Free Kick ដោយសារ​ខ្ញុំ​ស្រលាញ់​កីឡាករ David Backham ហើយ​ខ្ញុំ​ចង់​រៀន​តាម​គាត់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ទាត់​បាល់​កោង​និង​ព្យាយាម​ហ្វឹកហាត់​បានល្អ​។ និយាយ​រួម​ទៅ​លេខ​៧​ខ្ញុំ​ស្រលាញ់​តាំងពីក្មេង ហើយ​ណាមួយ​ដោយសារ​ខ្ញុំ​ស្គាល់​កីឡាករ David Backham ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ស្រលាញ់​លេខ​៧ និង​ចង់​ពាក់អាវ​លេខ​៧ ព្រោះ​ចង់​ធ្វើ​យ៉ាងម៉េច​ឲ្យ​ដូច​គាត់​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម​។ 
 
​ខ្សែប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​រូបនេះ បាន​ចែករំលែក​បទពិសោធន៍​មួយចំនួន​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​មាន​សមត្ថ​ភាពខ្លាំង និង​ក្លាយជា​កីឡាករ​អាជីព​។ សម្រាប់ ឧ​ត្ត​ម ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយជា​កីឡាករ​អាជីព​មាន​សមត្ថភាព​ខ្លាំងពូកែ កីឡាករ​គ្រប់រូប​មានការ​តាំងចិត្ត និង​ព្យាយាម​ហ្វឹកហាត់ រួមជាមួយ​ការស្រលាញ់​អាជីព​មួយ​នេះ​។​
 
​ទន្ទឹមនឹងនេះ អតីត​កីឡាករ​ធ្លាប់​លេង​ឲ្យ​ក្លិប​ក្របខណ្ឌ​កំពូល​ម៉ាឡេស៊ី Negeri Sembilan កាលពី​ឆ្នាំ​២០១៨ រូបនេះ ក៏បាន​ទម្លាយ​ពី​ភាពឈឺចាប់​ក្នុង​អាជីព​បាល់ទាត់​ផងដែរ​។ រូបគេ អះអាងថា រឿង​ដែល​ធ្វើ​ឲ្យ​គេ​ឈឺចាប់ និង​ចង់ចាំ​មិន​ភ្លេច​នោះ គឺ​ពេលដែល​ខ្លួន​ហ្វឹកហាត់ ហើយ​មិនបាន​ចូល​លេង​។ បញ្ហា​នេះ ក៏​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​រូបគេ​គិត​ចង់​បោះបង់​អាជីព​នេះ​ម្តងៗ​ផងដែរ​។ 
 
​គិត​មកដល់​បច្ចុប្បន្ន​មាន​រយៈពេល​១៦​ឆ្នាំ ហើយ​ដែល​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​។ រូបគេ បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​នៅ​អាយុ​១៣​ឆ្នាំ​ដោយ​ធ្វើជា​យុវជន​របស់​ក្លិប​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​(​ព្រះខ័ន​រាជ​ស្វាយរៀង​)​។ 
 
​កីឡាករ​កម្ពស់​១.៧៣​ម៉ែត្រ​រូបនេះ ត្រូវបាន​ដំឡើង​ពី​ឈុត​យុវជន​ឲ្យ​មកលេង​ក្នុង​ក្រុម​ឈុត​ធំ​នៅ​ឆ្នាំ​២០១០ ក្រោយ​ប្រឡូក​បាន​រយៈពេល​៥​ឆ្នាំ​។ រូបគេ បាន​ចេញទៅ​ប្រកប​អាជីព​នៅក្រៅ​ប្រទេស​លើកដំបូង​នៅ​ឆ្នាំ​២០១៨ ជាមួយ​ក្លិប​ក្របខណ្ឌ​កំពូល​ម៉ាឡេស៊ី Negeri Sembilan​។ ក្រោយ​លេង​បាន​ពាក់កណ្តាល​រដូវ​កាល រូបគេ ក៏បាន​ចែកផ្លូវ​ជាមួយ​ក្លិប​នេះ ហើយ​បាន​វិល​ត្រឡប់មក​ចូលរួម​ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​វិញ​ឆ្នាំ​ដដែល រហូតមកដល់​បច្ចុប្បន្ន​។ 
 
​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​នៅ​អំឡុង​ឆ្នាំ​២០០៩ និង​ជា​សមាជិក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​, ២៣​ឆ្នាំ និង​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​នៅ​អំឡុង​ឆ្នាំ​២០១១៕   

Tag:
 ​បាល់ទាត់​
  ប្រាក់ មុន្នី​ឧ​ត្ត​ម​
  David Backham
© រក្សាសិទ្ធិដោយ thmeythmey.com