ជាតិ
សង្គមជាតិ
កាត់លុយទូរស័ព្ទមិនដឹងខ្លួន លែងជាកង្វល់ទៀតហើយ! ចុច *1200# ដើម្បីផ្តាច់សេវាកាត់លុយនោះ
11, Dec 2020 , 1:35 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានលោក ជា វ៉ាន់ដេត ជារដ្ឋមន្រ្តី បានសម្រេចដាក់ឲ្យប្រើលេខកូដ *1200# ដើម្បីឲ្យពលរដ្ឋចុចផ្ដាច់រាល់សេវាកម្មក្នុងប្រព័ន្ធទូរស័ព្ទ។ ប្រព័ន្ធទូរស័ព្ទអ្វី ក៏អាចប្រើលេខកូដនេះ ដើម្បីផ្តាច់សេវាកម្មបានដែរ បើអ្នកប្រើយល់ថា សេវាកម្មណាមួយ មិនបាច់បាច់ ឬក៏ត្រូវភ្ជាប់ដោយខ្លួនឯង ហើយកាត់លុយក្នុងទូរស័ព្ទដោយមិនដឹងខ្លួន។


ក្រសួងប្រៃសណីយ៍បានចេញសេចក្ដីជូនដំណឹងថា ក្រសួងបានសហការជាមួយប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ រៀបចំយន្តការដាក់ឲ្យដំណើរការលេខកូដ*1200# ដើម្បីឲ្យអ្នកប្រើប្រាស់អាចពិនិត្យនិងផ្ដាច់រាល់សេវាកម្មបន្ថែមណាមួយ ដែលមិនមែនជាតម្រូវការប្រើប្រាស់ជាដើម។ ជាមួយគ្នាដែរ ក្រសួងប្រៃសណីយ៍ បញ្ជាក់ថា ពលរដ្ឋភាគច្រើនដែលជួបបញ្ហាកាត់ទឹកប្រាក់ គឺជាប់ពាក់ព័ន្ធនឹងសេវាកម្មប្រភេទឌីជីថល ក្នុងនោះមានដូចជា សេវាហោរាសាស្រ្ត, សេវាស្វែងរកការងារ, បណ្ដាញទំនាក់ទំនងសង្គម, ហ្គេម, Missed Call Alert និង សេវា Call Tune ជាដើម។

ការបង្កើតលេខកូដនេះឡើង គឺដោយសារក្រសួងប្រៃសណីយ៍ សង្កេតឃើញពលរដ្ឋតែងត្អូញត្អែរពីបញ្ហាកាត់ទឹកប្រាក់ក្នុងប្រព័ន្ធទូរស័ព្ទដោយពុំដឹងមូលហេតុ ដែលបណ្ដាលមកពីការភ្ជាប់សេវាកម្មផ្សេងៗ។

ក្រសួងប្រៃសណីយ៍ ក៏បានផលិតវីដេអូមួយដែរ ដើម្បីពន្យល់របៀបប្រើលេខកូដ *1200# ក្នុងការផ្តាច់សេវាកម្មណាមិនចាំបាច់៕



Tag:
 ប្រព័ន្ធទូរស័ព្ទ
© រក្សាសិទ្ធិដោយ thmeythmey.com