វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
មូលហេតុចម្បងដែលធ្វើឲ្យសត្វខ្លាឃ្មុំ «ផេនដា» ខិតទៅការផុតពូជពីផែនដី
13, Dec 2020 , 8:59 am        
រូបភាព
ផេនដា (Panda) ជាសត្វខ្លាឃ្មុំមួយប្រភេទ ដែលមានលក្ខណៈងាយស្រួលក្នុងការចំណាំ ដោយសារតែស្បែកពណ៌ ស និងពណ៌ខ្មៅដ៏ក្រាស់របស់ពួកវា។ ចំពោះប្រភេទសត្វខ្លាឃ្មុំដទៃ ដូចជាខ្លាឃ្មុំទឹកកក ឬខ្លារឃ្មុំភ្នំ ពួកវាមិនមានពណ៌ពីរដូចខ្លារឃ្មុំផេនដានោះទេ។ ដោយសារតែរឿងនេះ គេអាចសន្មតថា ខ្លាឃ្មុំផេនដាមានលក្ខណៈប្លែកពិសេសមួយទៅហើយ។



មិនត្រឹមតែប៉ុណ្ណោះ ផេនដាមិនស៊ីអ្វីក្រៅពីឫស្សីសម្រាប់ជាចំណីរបស់វានោះទេ។ ខ្លាឃ្មុំដទៃស៊ីចំណីជាច្រើនប្រភេទលាយបញ្ចូលគ្នាដូចជា ផ្លែឈើព្រៃ សត្វត្រី ឬសត្វល្អិតជាដើម។ តែសព្វថ្ងៃ ផេនដាត្រូវបានគេចាត់ទុកថា ជាសត្វមួយក្នុងចំណោមសត្វជាច្រើនទៀតដែលកំពុងនឹងរងគ្រោះនឹងការផុតពូជ។ នេះបើតាមការបកស្រាយចេញពីគេហទំព័រវិទ្យាសាស្រ្តមួយឈ្មោះថា Sciencing ។

ការបាត់បង់ទីជម្រករស់នៅ ជាបញ្ហាមួយយ៉ាងធំសម្រាប់សត្វមួយនេះ។ ការកាប់បំផ្លាញព្រៃឈើ ជាពិសេសព្រៃដែលគ្របដណ្តប់ដោយដើមឫស្សីនៅតាមប្រទេសចិន ឡាវ វៀតណាម ឬមីយ៉ានម៉ា ជាដើម។ តែជាទូទៅ ផេនដាព្រៃ ត្រូវបានគេរកឃើញនៅតែក្នុងទឹកដីនៃប្រទេសចិនតែប៉ុណ្ណោះ។

អ្នកវិទ្យាសាស្រ្តបាន គិតទុកថា នៅក្នុងពិភពលោកសព្វថ្ងៃ មានផេនដាតែប្រមាណជា១៨០០ក្បាលប៉ុណ្ណោះដែលនៅសេសសល់ តិចជាងអ្វីដែលគេបានរំពឹងទុកពីមុន។ ការបាត់បង់ទីជម្រកគឺជាការបាត់បង់កន្លែងរកអាហារ ហើយការឆ្លងទៅរកព្រៃថ្មីៗត្រូវបានកាត់ផ្តាច់ដោយសារទីលំនៅរបស់មនុស្សនៅតាមទីប្រជុំជន។ ម្យ៉ាងវិញទៀត ផេនដាមិនងាយសម្របជាមួយនឹងបរិស្ថានថ្មីរបស់វាបាននោះទេ។

បើនិយាយពីសត្វ Raccoon វាជាសត្វមួយប្រភេទដែលរស់នៅក្នុងព្រៃ ដូចសត្វនានាដែរ។ តែនៅពេលដែលមនុស្សបានចូលទន្រ្ទានដីព្រៃដើម្បីសាងសង់ទីលំនៅថ្មី សត្វ Raccoon ក៏បានសម្របខ្លួនប្រាណរបស់វាជាមួយនឹងភាពផ្លាស់ប្តូរនេះដែរ ជាមួយនឹងការស៊ីកាកសំណល់របស់មនុស្សនៅតាមធុង ឬសាំជាមួយមនុស្សជាដើម។ សត្វចាបស្រុក ព្រាប កណ្តុរ សុទ្ធតែមានសមត្ថភាពក្នុងសម្របជាមួយនឹងបរិស្ថានមនុស្ស។ ចំពោះសត្វផេនដាវិញ វាមិនអាចស៊ីអ្វីខុសពីឫស្សីនោះទេ ហើយទំហំខ្លួនប្រាណដ៏ធំរបស់វា ក៏ធ្វើឲ្យមានភាពលំបាកក្នុងការធ្វើដំណើរទៅមកផងដែរ។

រឿងមួយទៀតគឺការពិបាកបន្តពូជ។ ជាធម្មតា ខ្លារឃ្មុំទូទៅអាចផ្តល់កំណើតបានកូនចំនួនបីក្បាល ក្នុងពេលផ្តល់កំណើតម្តងៗ ហើយក្នុងចំណោមបីនោះ មួយនឹងមានជីវិតរហូតដល់វ័យបន្តពូជ។ តែសម្រាប់ផេនដាវិញ ដោយសារតែរបបអាហាររបស់វាមិនអាចធ្វើឲ្យវាមានជីវជាតិគ្រប់គ្រាន់ ផេនដាភាគច្រើនអាចបង្កើតកូនម្តងបានតែមួយប៉ុណ្ណោះ។ ក្នុងករណីដែលផេនដាអាចបង្កើតកូនបានពីរ នោះកូនដែលតូចជាងគេនឹងត្រូវម្តាយរបស់វាទុកចោល ដោយសារតែទឹកដោះរបស់សត្វផេនដា មិនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមកូនរហូតទៅដល់ពីរក្បាលនោះឡើយ។

ការរកគូរក្នុងការធ្វើការបន្តពូជក៏ជារឿងមួយលំបាកផងដែរ សម្រាប់ស្ថាប័នដែលកំពុងតែមើលថែសត្វមួយប្រភេទនេះ។ គេមិនអាចធានាបានថា សត្វផេនដាញីឈ្មោលនឹងបន្តពូជដោយខ្លួនឯងនោះទេ ទោះបីជាគេដាក់ផេនដាទាំងពីរភេទនេះឲ្យនៅជាមួយគ្នាអស់រាប់ឆ្នាំក៏ដោយ។

មួយវិញទៀត ផេនដាញីដែលរស់នៅក្នុងស្ថាប័នចិញ្ចឹម ភាពច្រើនបង្ហាញពីអារម្មណ៍មិនប្រក្រតីជាមួយនឹងកូនរបស់វា។ ក្រោយពីពេលបង្កើតរួចនៅក្នុងស្ថាប័នចិញ្ចឹមការពារ ផេនដាញីតែងទុកកូនចោល ឬពេលខ្លះចង់បង្កគ្រោះថ្នាក់ដល់កូនរបស់វាទៀតផង។ ហេតុដូចនេះ អ្នកជំនាញខាងការពារសត្វព្រៃត្រូវតែមានវត្តមានចាំមើលថែកូនរបស់វាជានិច្ច។

ការបរបាញ់ដោយខុសច្បាប់ក៏ជារឿងមួយដែលលំបាកក្នុងការដោះស្រាយផងដែរ។ អ្នកបរបាញ់ភាគច្រើនតែងយកស្បែករបស់សត្វមួយនេះទៅលើនៅក្នុងទីផ្សារងងឹត។ ប្រទេសចិនមានទោសយ៉ាងធ្ងន់ធ្ងរជាមួយនឹងអំពើខុសច្បាប់មួយនេះ តែទោះបីជាយ៉ាងណាក៏ដោយ ការហាមឃាត់នេះមិនអាចមានប្រសិទ្ធភាពទាំងស្រុងនោះឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com