ព័ត៍មានសុខភាព
អត្ថបទពាណិជ្ជកម្ម
តើ​ជំងឺ​ទឹកនោមផ្អែម និង​ទឹកនោមប្រៃ អាច​កើត​ដំណាលគ្នា​បានទេ​?
17, Dec 2020 , 11:47 am        
រូបភាព
«​ជំងឺ​ទឹកនោមផ្អែម​» គឺជា​ជំងឺ​ម្យ៉ាង ដែល​ជាតិ​ស្ករ​អ្នកជំងឺ​កើនឡើង​នៅក្នុង​ឈាម លើសពី​ធម្មតា​។ ជួនកាល នៅពេលដែល​ចំនួន​ជាតិ​ស្ករ​នៅក្នុង​ឈាម ក្នុង​ទឹកនោម​អ្នកជំងឺ​ក៏មាន​ជាតិ​ស្ករ​ដែរ​។ រីឯ​«​ជំងឺ​ទឹកនោមប្រៃ​» គឺជា​ជំងឺ​ម្យ៉ាង ដែល​នៅក្នុង​ទឹកនោម​អ្នកជំងឺ មាន​ជាតិ​សាច់ (Protein ប្រូតេអ៊ីន​)​។ តាម​ធម្មតា នៅក្នុង​ទឹកនោម មិនមាន​ជាតិ​សាច់​ទេ ទឹកនោមប្រៃ​នៅ​ក្នុងន័យនេះ មិន​សំដៅលើ​រសជាតិ​ប្រៃ របស់​ទឹកនោម​ទេ​។​
 
​អ្នកជំងឺ​ទឹកនោមផ្អែម នៅពេលដែល​គាត់​កើត​ជំងឺ​នេះ រយៈពេល​យូរ ឬ​ព្យាបាល​មិនបាន​ត្រឹមត្រូវ ពេលនោះ​អាច​លេចចេញ​នូវ​ផល​លំបាក ទៅលើ​តម្រងនោម​។ ផលវិបាក​នៅលើ​តម្រងនោម​នោះ គឺ​ទឹកនោមប្រៃ​នេះឯង​។ ជំងឺ​ទឹកនោមផ្អែម គឺជា​មូលហេតុ​ទីមួយ ដែល​ធ្វើ​ឲ្យ​យើង​កើត​ទឹកនោមប្រៃ អាចមាន​មូលហេតុ​ដទៃទៀត ដែល​ធ្វើ​ឲ្យ​កើត ទឹកនោមប្រៃ​ដូចជា​៖
•​លើសឈាម​
•​រលាក​តម្រងនោម​រ៉ាំរ៉ៃ​
•​គីស​តម្រងនោម (Cystic kidney)​។​
 
​ការសិក្សា​ថ្មីៗ​នេះ នៅ​ប្រទេស​កម្ពុជា រកឃើញថា ប្រមាណ​ពាក់កណ្តាល នៃ​ជំងឺ​ទឹកនោមផ្អែម មាន​ផលវិបាក​តម្រងនោម​។ យ៉ាងណាមិញ នៅក្នុង​ដំណាក់កាល​ដំបូង អ្នកជំងឺ​ទឹកនោមផ្អែម ដែល​ចាប់ផ្តើម​មាន​ទឹកនោមប្រៃ គឺ​មិនមាន​រោគសញ្ញា​អ្វី​ទាំងអស់ មានតែ​ការពិនិត្យ​ទឹកនោម និង​ពិនិត្យ​ឈាម​ទេ ទើប​អាច​វាយតម្លៃ​កម្រិត​ទឹកនោមប្រៃ និង​មុខងារ​តម្រងនោម​បាន​។​
 
​ចំណែកឯ នៅក្នុង​ដំណាក់កាល​បន្ទា​ប់ អ្នកជំងឺ​អាចមាន​អាការ​ស្លេក ហើម ហត់ ក្អួត នោម​តិច ឡើង​ឈាម​។​ល​។ ឯ​ដំណាក់កាល​ចុងក្រោយ គឺ​លាង​ឈាម​។​
 
​តើ​អ្នកជំងឺ​ទឹកនោមផ្អែម គួរ​ពិនិត្យ​រក​ទឹកនោមប្រៃ និង​មុខងារ​តម្រងនោម នៅពេលណា​?
 
•​អ្នកជំងឺ គួរ​គប្បី​ពិនិត្យ​ឈាម​រៀងរាល់ឆ្នាំ (BUN, Creatinine, Creatine clearance)
•​អ្នកជំងឺ​គួរ​គប្បី​ពិនិត្យ​ទឹកនោម​រៀងរាល់ឆ្នាំ (Microalbuminuria, Proteinuria)​។​
 
​តើ​អ្នកជំងឺ​ទឹកនោមផ្អែម មាន​របៀប​ការពារ​ត​ម្រ​ង​នោម​របស់ខ្លួន​ដូចម្តេចខ្លះ​?
•​ត្រួតពិនិត្យ​កម្រិត​ជាតិ​ស្ករ​ឲ្យ​បានល្អ​
•​ត្រួតពិនិត្យ​សម្ពាធ​ឈាម​ឲ្យ​បានល្អ​
•​បញ្ឈប់​ការជក់បារី​
•​កាត់បន្ថយ​ការបរិភោគ​ជាតិ​ខ្លាញ់​។​
​អ្នកជំងឺ​ខ្សោយតម្រងនោម និង​ទឹកនោមប្រៃ​ក្នុងដំណាក់កាល​ដំបូង គួរ​ទទួលទាន​អាហារូបត្ថម្ភ​អ្វីខ្លះ​?
•​កាត់បន្ថយ​ចំនួន​ប្រូតេអ៊ីន (Proteine) ដែល​អ្នក​បរិភោគ​
•​កាត់បន្ថយ​ចំនួន​ផូស្វ័រ​
•​កាត់បន្ថយ​ចំនួន​អំបិល​ក្នុង​ចំណីអាហារ​។​
 
​បកស្រាយ​ដោយ​៖ វេជ្ជ​. ស៊ុំ ស​ត្ថា​
​ឯកទេស​ជំងឺ​ទឹកនោមផ្អែម ក្រពេញ និង អ័រម៉ូន នៃ​មន្ទីរពេទ្យ​កាល់ម៉ែត
​ភាត​រះ​សមាជិក American College of Endocrinology៕
 

© រក្សាសិទ្ធិដោយ thmeythmey.com