ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លីកាដូ​៖ ៣​ឆ្នាំនេះ CPP អនុម័ត​ច្បាប់ និង​ចាប់ខ្លួន​អ្នកតស៊ូ​មតិ​ច្រើន តែ​រដ្ឋាភិបាល​ថា ជាការ​ចោទ​គ្មាន​មូលដ្ឋាន
18, Dec 2020 , 5:02 pm        
រូបភាព
​ភ្នំពេញ​៖ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស លីកាដូ ថា គណបក្សកាន់អំណាច បាន​ប្រើប្រាស់​រដ្ឋសភា​និង​ព្រឹទ្ធសភា ដើម្បី​អនុម័ត​ឬ​រៀបចំ​ច្បាប់​ជាច្រើន ផ្ដល់​អំណាច​ស្ទើរតែ​គ្មាន​ដែន​កំណត់​ទៅ​រដ្ឋាភិបាល​។ លើសពីនេះ ក៏មាន​ការចាប់​និង​ឃុំខ្លួន អ្នក​ដែល​ហ៊ាន​ក្រោកឈរ​តស៊ូ​មតិ ដើម្បី​សិទ្ធិសេរីភាព​ទៀតផង​។ រដ្ឋាភិបាល ចាត់ទុក​របាយការណ៍​លីកាដូ ជាការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​។​



៣​ឆ្នាំ​ចុង​ក្រោយនេះ អង្គការ​លីកាដូ សង្កេតឃើញ​អាជ្ញាធរ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកការពារ​សិទ្ធិមនុស្ស ,​តុលាការ​រំលាយ​គណបក្ស​ប្រឆាំង និង​រឹតត្បិត​សេរីភាព​សកម្មជន​កាន់តែខ្លាំង​។ ជាពិសេស នៅ​អំឡុងពេល​៦​ខែ​ចុង​ក្រោយនេះ ការបង្ក្រាប​សកម្មជន​ដែល​ក្រោកឈរ​តស៊ូ​មតិ​ជាមួយ​រដ្ឋាភិបាល កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។​
 
​មិនតែប៉ុណ្ណោះ​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​រៀបចំ និង​អនុម័ត​ច្បាប់​ជាច្រើន ដែលមាន​លក្ខណៈ​រឹតត្បិត​សិទ្ធិសេរីភាព រួមមាន វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាពអាសន្ន សេចក្ដីព្រាងច្បាប់​ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈ​, សេចក្ដីព្រាងច្បាប់​ស្ដីពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​, អនុក្រឹត្យ​ស្ដីពី​ច្រកទ្វារ​អ៊ី​ន​ធឺ​ណេ​ត​ជាតិ​ជាដើម​។ នេះ​បើតាម​របាយការណ៍​អង្គការ​លីកាដូ​។​
 
​អង្គការ​លីកាដូ សង្កត់ធ្ងន់ថា ការអនុម័ត​និង​រៀបចំ​យ៉ាងច្រើន​បែបនេះ ដោយសារ​គណបក្សកាន់អំណាច​កាន់កាប់​អាសន​ទាំង​១២៥ នៅ​រដ្ឋសភា ដោយ​គ្មាន​អ្នកប្រឆាំង​ឡើយ​។ «​គណបក្សកាន់អំណាច បាន​ប្រើប្រាស់​រដ្ឋសភា និង​ព្រឹទ្ធសភា ដើម្បី​អនុម័ត ឬ​រៀបចំ​នូវ​ច្បាប់​ជាច្រើន ដែល​បានផ្ដល់​អំណាច​ស្ទើរតែ​គ្មាន​ដែន​កំណត់​ទៅ​រាជរដ្ឋាភិបាល ក្នុងការ​ចាប់ខ្លួន និង​ឃុំខ្លួន​អ្នក​ដែល​ហ៊ាន​ក្រោកឈរ​តស៊ូ​មតិ ដើម្បី​សិទ្ធិ​របស់​អ្នក​ទាំងនោះ​»​។ នេះ​ជាការ​លើកឡើង​របស់​លីកាដូ នៅក្នុង​របាយការណ៍​មួយ​ស្ដីពី ការតស៊ូ​ដើម្បី​សេរីភាព ៖ «​ការរំលោភបំពាន​អ្នកការពារ​សិ​ទិ្ធ​មនុស្ស ២០១៨-២០២០»​។​
 
​ជាមួយគ្នានេះ លីកាដូ ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នកការពារ​សិទ្ធិមនុស្ស ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ និង​បញ្ឈប់​ការប្រើប្រាស់​កងកម្លាំង ឬ​សន្តិសុខ​ខណ្ឌ​បង្ក្រាប​លើ​អ្នក​តវ៉ា​។ លីកាដូ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​វិញ ត្រង់​ក្រមព្រហ្មទណ្ឌ មាត្រា​នៃ​បទ​ញុះញង់ និង​បរិហារកេរ្តិ៍​, ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាពអាសន្ន​, ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ច្បាប់​សហជីព​ពាណិជ្ជកម្ម​ជាដើម​។​
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបកស្រាយ​ពី​ភាគី​រដ្ឋាភិបាល ជុំវិញ​របាយការណ៍​លីកាដូ​នេះ​ទេ ដោយ​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល សុំ​ឲ្យ​ទាក់ទង​ទៅ​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា​។ 
 
​លោក ជិន ម៉ា​លីន ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ការចោទប្រកាន់​របស់​អង្គការ​សង្គម​ស៊ីវិល​គឺ​គ្មាន​មូលដ្ឋាន​ផ្លូវច្បាប់ ពោលគឺ​គ្រាន់តែ​សន្និដ្ឋាន​ត្រឹម​រូបភាព​ប៉ុណ្ណោះ ។ លោក ទទួលស្គាល់ថា ការរៀបចំ​តាក់តែង​ច្បាប់​មិន​ថា នៅ​កម្ពុជា​ឬ​ប្រទេស​ណា​ទេ គឺ​គ្មាន​ច្បាប់​ល្អឥតខ្ចោះ​ឡើយ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ គឺ​ផ្តល់​ប្រយោជន៍​សាធារណៈ​។ 
 
«​ការរៀបចំ​ច្បាប់ យើង​ទទួលស្គាល់ថា ច្បាប់​គ្រប់​ប្រទេស​ទាំងអស់​គ្មាន​ច្បាប់​ណាមួយ​ល្អឥតខ្ចោះ​នោះទេ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវមាន​ច្បាប់ យើង​នឹងធ្វើ​ការកែសម្រួល​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​ថែមទៀត ហើយ​ការធ្វើ​ច្បាប់​មិនមែន​ក្នុងការ​រឹតត្បិត​សិទ្ធិសេរីភាព​ណាមួយ​ទេ គឺ​ដើម្បី​សាធារណៈ​សង្គម​ជាទូទៅ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ជិន ម៉ា​លីន ដោយ​បញ្ជាក់​បន្ថែមថា ប្រសិនបើ​ច្បាប់​ណាមួយ​មាន​ភាពខ្វះ​ចន្លោះ​ឬ​មិន​ច្បាប់​លាស់​កន្លែង​ណា នឹងមាន​ការកែសម្រួល​តាម​ក្រោយ​បន្ថែមទៀត​។​
 
​រីឯ​ការអនុវត្តន៍​ច្បាប់​វិញ លោក ជិន ម៉ា​លីន អះអាងថា អាជ្ញាធរ​អនុវត្ត​លើ​អ្នកប្រព្រឹត្ត​ខុសច្បាប់ ដោយ​មិន​ប្រកាន់​និន្នាការ​ឡើយ​។​«​ការឃាត់ខ្លួន ការចោទប្រកាន់​(​សកម្មជន​សិទ្ធិមនុស្ស​) មិនមែន​ដោយសារ​ពួកគាត់​ធ្វើ​សកម្មភាព​ការពារ​សិទ្ធិមនុស្ស​ទេ គឺ​ដោយ​ការធ្វើ​បំពាន​ច្បាប់ មាន​មូលដ្ឋាន បង្កើត​ទៅជា​បទល្មើស​»​។ នេះ​ជាការ​អះអាង​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​៕

Tag:
 សិទ្ធិមនុស្ស​
  លីកាដូ
© រក្សាសិទ្ធិដោយ thmeythmey.com