ជាតិ
លោក វ៉ាន់ ស៊ីនួន ពីការងារជាងសំណង់ទៅកាក់កបនឹងប្រកបរបរដើរធ្វើកញ្ចុះឫស្សី
20, Dec 2020 , 4:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ លោក វ៉ាន់ ស៊ីនួន កំពុងកាក់កបនឹងរបរធ្វើកញ្ចុះឫស្សីលក់ ក្រោយពីបានបោះបង់ចោលការងារជាជាងសំណង់អស់រយៈពេលប្រមាណ៤ឆ្នាំមកហើយនោះ។ លោក វ៉ាន់ ស៊ីនួន ប្រាប់  Thmeythmey 25 ថា របរថ្មីនេះ បានផ្តាស់ប្តូរជីវភាពគ្រួសារលោកស្ទើរទាំងស្រុង ទាំងចំណូលច្រើនជាងមុន និងពិសេសបាននៅជួបជុំគ្រួសារ។

 
លោក វ៉ាន់ ស៊ីនួន បានប្តូរពីការងារជាជាងសំណង់ មកធ្វើកញ្ចុះឫស្សីលក់វិញ ប្រមាណ៤ឆ្នាំមកហើយ។ សិប្បកម្មធ្វើកញ្ចុះឫស្សី របស់បុរសវ័យ៤៧ឆ្នាំរូបនេះ មានទីតាំងក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោក វ៉ាន់ ស៊ីនួន ពន្យល់ប្រាប់សារព័ត៌មាន Thmeythmey 25 តាមទូរសព្ទថា មូលហេតុដែលលោកសម្រេចចិត្តឈប់ធ្វើការសំណង់ ព្រោះតែការងារនេះ តម្រូវឲ្យលោកត្រូវធ្វើដំណើរទៅធ្វើខេត្តនានាមិនសូវបាននៅផ្ទះ ហើយប្រាក់កម្រៃក៏ទាបពិបាកផ្គត់ផ្គង់ជីវភាពគ្រួសារ។ លោក វ៉ាន់ ស៊ីនួន រៀបរាប់ដូច្នេះ៖«កាលនៅធ្វើសំណង់ មិនមានពេលវេលា នៅជាមួយគ្រួសារនោះ ព្រោះត្រូវទៅធ្វើសំណង់ នៅតាមខេត្តនានា។ ម្យ៉ាងជីវភាព ក៏មានការខ្វះខាតដែរ ព្រោះទទួលបានប្រាក់កម្រៃទាប»។
 
បើតាមបុរសរូបនេះ លោកផ្តើមកញ្ចុះឫស្សីដំបូង តាមរយៈបណ្តាញយូធូប។ កាលណោះ លោក និងមនុស្ស(កម្មករ) ប្រមាណ៥នាក់ទៀត ត្រូវចំណាយពេលជិតមួយសប្តាហ៍ ដើម្បីអាចបញ្ចប់ការងារធ្វើកញ្ចុះមួយបាន។ ក្រោយមក លោកក៏ចេះចាំស្ទាត់ការងារនេះ ហើយក៏មានលទ្ធភាពធ្វើកញ្ចុះ បានចំនួន ២ ក្នុងសប្តាហ៍ អាស្រ័យតាមម៉ូដ ដោយមានការជួយជ្រោមជ្រែងពីកម្មករ ៤ទៅ៥នាក់ដដែល។ 
 
ក្រោយចាប់ផ្ដើមរបរថ្មីនេះ លោក វ៉ាន់ ស៊ីនួន អះអាងថា លោកកាកកបនឹងអាជីពថ្មីនេះ គួរសម ហើយវាបានផ្តាស់ប្តូរជីវភាពរស់នៅរបស់គ្រួសារខ្លួន ស្ទើរទាំងស្រុង។ «សព្វថ្ងៃ មានអ្នកបញ្ជាទិញកញ្ចុះឫស្សីច្រើន ពេលខ្លះផ្គត់ផ្គង់សឹងមិនទាន់។ ការផ្គត់ផ្គង់មិនទាន់ ព្រោះអ្នកធ្វើមានចំនួនតិច។ ការធ្វើកញ្ចុះឫស្សី បានកែប្រែ ជីវភាពខ្ញុំទាំងស្រុង ទាំងចំណូល និងពេលវេលា ជាមួយគ្រួសារ»។វិបត្តិកូវីដ-១៩ ក៏មិនបានធ្វើឲ្យអាជីវកម្មប៉ះពាល់ដែរ មានតែការកម្ម៉ង់ជាហូរហែទៅវិញ។ ម្ចាស់សិប្បកម្មរូបនេះបញ្ជាក់ដូច្នេះ រួចបន្តថា កញ្ចុះឫស្សីមួយ មានតម្លៃចាប់ពី ៣៥០ដុល្លារ ដល់ ១ពាន់ដុល្លារ ទៅតាមទំហំ និងម៉ូត ដែលភ្ញៀវចង់បាន។ អតិថិជនរបស់លោកភាគច្រើន ជាម្ចាស់រមណីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ ខណៈភ្ញៀវកម្ម៉ង់ដាក់ផ្ទះ មានតិចតួចប៉ុណ្ណោះ។ ជាមួយគ្នានេះ អតិថិជន ក៏និយមកម្ម៉ង់ដំបូលស្បូវដែរ ព្រោះវាជាប់ធន់បានយូរ និងត្រជាក់ជាងស្លឹកត្នោត។ ជាការបញ្ជាក់របស់ លោក វ៉ាន់ ស៊ីនួន៕
 

លោក វ៉ាន់ ស៊ីនួន









Tag:
 សិប្បកម្ម
 ឫស្សី
 កញ្ចុះ
 វ៉ាន់ ស៊ីនួន
© រក្សាសិទ្ធិដោយ thmeythmey.com