ជាតិ
សុខភាព
ក្រសួងរំឭកម្ចាស់សេវាសុខាភិបាលឲ្យចេញវេជ្ជបញ្ជាតាមកុំព្យូទ័រ កុំសរសេរដៃដោយអានមិនដាច់
25, Dec 2020 , 11:36 am        
រូបភាព
ដោយ: ថ្មីៗ
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងនាមរដ្ឋមន្ត្រី បានសរសេរលិខិតក្រើនរំឭកម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ឲ្យចេញវេជ្ជបញ្ជា និងលទ្ធផលពីមន្ទីរបទពិសោធន៍ ឬសេវាអមវេជ្ជសាស្ត្រតាមកុំព្យូទ័រ។



«កន្លែងព្យាបាលជំងឺឯកជនមួយចំនួននៅតែមិនព្រមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចេញវេជ្ជបញ្ជាដោយកុំព្យូទ័រ ដោយនៅតែបន្ត​សរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវ​តាមក្បួនខ្នាតវេជ្ជសាស្ត្រ»។ នេះជាការកត់សម្គាល់របស់​ក្រសួងសុខាភិបាល ដោយយោងតាម​សារាចរណែនាំ​ កាលពីខែមិថុនា ឆ្នាំ​២០១៦ ស្តីពីការចេញវេជ្ជបញ្ជា និងលទ្ធផលអមមន្ទីរពិសោធន៍ ឬសេវាអមវេជ្ជសាស្ត្រ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានតម្រូវ​ដល់ម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់​ចេញវេជ្ជបញ្ជាតាមកុំព្យូទ័រទាំងអស់គ្នា ក្នុងករណីមិនគោរពតាម ក្រសួងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់។

វិធានការនោះ គឺ​ការ​ផាកពិន័យជាប្រាក់៥លានរៀល តាម​ការប្រកាសអន្តរក្រសួង​រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ​ក្រសួងសុខាភិបាល ឬឈាន​ទៅដកអាជ្ញាបណ្ណ ព្រមទាំង​បិទកន្លែងព្យាបាលតែម្តង។ នេះបើតាមលិខិត​របស់​លោកស្រី ឱ​ វណ្ណឌីន ចុះកាលពីថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ២០២០៕




© រក្សាសិទ្ធិដោយ thmeythmey.com