ជាតិ
យុវជនក្រុម «ឡាឈូក» ច្នៃសម្លៀកបំពាក់ពីសំណល់ប្លាស្ទិកសម្រាប់កម្មវិធីបង្ហាញម៉ូដ
26, Dec 2020 , 9:59 am        
រូបភាព
ដោយ៖ ស៊ុល រ៉វី
 
ឡាឈូក គ្រោងច្នៃសម្លៀកបំពាក់ចំនួន៤៦ឈុត ចេញពីសំណល់ប្លាស្ទិក ដែលមានដូច្នេះវិលដបដែក ក្រវិលដបជ័រ បំពង់បឺតជ័រ និងថង់ប្លាស្ទិក និងបាវស៊ីម៉ងត៍ជាដើម សម្រាប់កម្មវិធីបង្ហាញម៉ូដ«យាត្រា០២»។ បច្ចុប្បន្ន ក្រុមនេះ កំពុងប្រកាសប្រមូលសំណល់ប្លាស្ទិកពីសាធារណជន ដើម្បីឲ្យការកែច្នៃសម្លៀកបំពាក់ពីសំណល់ប្លាស្ទិករបស់ពួកគេ បានគ្រប់ចំនួន។


 
ក្រុមឡាឈូក (La Chhouk Recycled & Creative Fashion) កំពុងប្រមែប្រមូលសំណល់ប្លាស្ទិកពីសាធារណជន ដើម្បីយកមកច្នៃជាសម្លៀកបំពាក់។ តាមរយៈលោក អ៊ិត សុវណ្ណារាជ ជាស្ថាបនិក ឡា ឈូក បានប្រាប់សារព័ត៌មានThmeythmey25 ការកែច្នៃសំណល់ប្លាស្ទិក ទៅជាសម្លៀកបំពាក់នេះ ក្នុងគោលបំណងបង្ហាញ ក៏ដូចជាលើកទឹកចិត្តដល់មហាជន យល់ដឹងពីផលវិបាកសំរាមប្លាស្ទិកមកលើបរិស្ថាន ព្រមទាំងការកាត់បន្ថយ និងការប្រើប្រាស់ឡើងវិញតាមរយៈកម្មវិធីបង្ហាញម៉ូដនាពេលខាងមុខនេះ។


 
តាមលោក សុវណ្ណារាជ កម្មវិធីបង្ហាញម៉ូដនោះឈ្មោះថាយាត្រា ០២ ដែលក្រុមឡា ឈូក នេះគ្រោងច្នៃសម្លៀកបំពាក់ដល់ទៅ៤៦ឈុត ដែលដំណើរការកែច្នៃនេះ ត្រូវការពេលប្រមាណជា ៣ខែ និងអ្នកចូលរួមសកម្មភាពប្រហែល ៣០នាក់។ លោកបន្តបន្ថែមទៀតថា៖ «យើងត្រូវការបរិមាណសំរាមប្លាស្ទិកច្រើន ក្នុងការកាត់ដេរនេះ។ ចំពោះបរិមាណប៉ុន្មាននោះ គឺមិនអាចដឹងចំនួនជាក់លាក់នោះទេ តែខ្ញុំមានជំនឿចិត្តថា ការប្រមូលនេះ នឹងគ្រប់គ្រាន់សម្រាប់យកមកកែច្នៃ»។ 


 
ស្ថាបនិកវ័យក្មេងរូបនេះ បន្ត ប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរស័ព្ទទៀតថា ឡា ឈូក នឹងរក្សាទុកសម្លៀកបំពាក់កែច្នៃទាំងនេះទុកមួយចំនួន ដើម្បីកែច្នៃនាពេលក្រោយទៀត ហើយមួយចំនួនតៀទៀត គឺសម្រាប់ជួល និងតាំងបង្ហាញពេលមានកម្មវិធីពិព័រណ៍ផ្សេងៗ។


 
គួររំលឹកផងដែរថា ឡា ឈូក ត្រូវបានបង្កើតឡើងដោយក្រុមនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងបំណងថែរក្សា និងការស្ដារបរិស្ថានឡើងវិញ, គាំទ្រការប្រើប្រាស់ឡើងវិញ និងនិរន្តភាព, គាំទ្រសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា, ផ្សព្វផ្សាយពីឧស្សាហកម្មសម្លៀកបំពាក់ និងផ្សព្វផ្សាយសិល្បៈកម្ពុជា។  ក្រុមនេះ ធ្លាប់បានរៀបចំកម្មវិធីបង្ហាញម៉ូដយាត្រានេះ ម្តងរួចមកហើយ នៅក្នុងឆ្នាំ២០១៩ ដោយកាលណោះមានអ្នកចូលរួមប្រមាណ៤០០នាក់។ បើតាម លោក សុវណ្ណារាជស្ថាបនិកក្រុមឡាឈូក ថវិកាមួយផ្នែកដែលបានពីការលក់សំបុត្រនៅក្នុងកម្មវិធីនោះ គឺត្រូវបានប្រើប្រាស់ទៅលើកម្មវិធីដំាកូនកោងកាង ក្នងសហគមន៍មួយកន្លែងនៃខេត្តកំពត៕






 

Tag:
 អ៊ិត សុវណ្ណារាជ
 ឡាឈូក
  ប្លាស្ទិក
  សម្លៀកបំពាក់
 យាត្រា
© រក្សាសិទ្ធិដោយ thmeythmey.com