ជាតិ
ក្រសួងបរិស្ថាន ព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកធ្វើអាជីវកម្មកេសរកូលព្រៃហួសកម្រិត
26, Dec 2020 , 5:09 pm        
រូបភាព
សៀមរាប៖ ក្រសួងបរិស្ថាន បានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ដើម្បីអភិរក្សពូជកេសរកូលព្រៃនៅកម្ពុជា។ កេសរកូល ឬ អ័រគីដេ មានរងការបំផ្លិចបំផ្លាញ និងខ្លះស្ទើរផុតពូជផង ដោយសារការប្រមូលផលហួសកម្រិត ពិសេសពូជកេសរកូលព្រៃ។ ដើម្បីទប់ស្កាត់បញ្ហានេះ ក្រសួងបរិស្ថាន បានព្រមានចាត់វិធានការដល់បុគ្គល ឬម្ចាស់អាជីវកម្មណា ដែលធ្វើអាជីវកម្មកេសរកូលព្រៃហួសកម្រិត។

 
តាមការសិក្សាស្រាវជ្រាវនាពេលកន្លងមក កម្ពុជាមានប្រភេទពូជកេសរកូលព្រៃចន្លោះពី៥០០ ទៅ៧០០ប្រភេទ តែបច្ចុប្បន្ននេះ អ្នកជំនាញបានស្រាវជ្រាវ និងប្រមូលបានប្រមាណ១៧០ប្រភេទប៉ុណ្ណោះ និងដែលយកមករក្សាទុក នៅសួនកេសរកូលភ្នំគូលែន ឬមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។ 


 
អ្នកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួបរិស្ថាន ឱ្យដឹងថាគោលបំណងសំខាន់នៃការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន មាន៤ គឺទី១ សិក្សាស្រាវជ្រាវ ទី២ អភិរក្សប្រមូលពូជកេសរកូលព្រៃ ទី៣ ផ្សព្វផ្សាយ និងទី៤ សម្រាប់ការកម្សាន្តសម្រាប់ប្រជាពលរដ្ឋ។ តាមអ្នកស្រី សុម៉ាលី បច្ចុប្បន្នសួនកេសរកូលនេះ មានទំហំ២០២០ហិកតា ហើយគ្រោងអភិវឌ្ឍន៍ជាតំបន់ផ្សេងៗគ្នា នាពេលអនាគត។


 
លោក អ៊ុក កុសល អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន សោម៉ា ហ្វាម ដែលផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់សួនកេសរកូលភ្នំគូលែន លើកឡើងថា ទៅអនាគតក្រុមហ៊ុនដែលផ្គត់ផ្គង់ផ្កាកេសរកូលដ៏ធំនៅកម្ពុជានេះ នឹងជួយក្រសួងបរិស្ថាន តាមរយៈការទិញផ្កាកេសរកូលនេះវិញ ដើម្បីបំពេញតម្រូវការក្នុងទីផ្សារបច្ចុប្បន្ន។ 
 
លោក នេត្រ ភក្រ្ដា អ្នកនាំពាក្យក្រសួងបរិស្ថាន បាននិយាយថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល ភ្នំគូលែន ដើរតួយ៉ាងសំខាន់ ក្នុងការអភិរក្សស្រាវជ្រាវពូជកេសរកូលព្រៃ ក្នុងប្រទេសកម្ពុជា។  កេសរកូលព្រៃកម្ពុជា រងការបំផ្លិចបំផ្លាញ និងស្ទើរផុតពូជដោយសារមានការជួញដូរ និងប្រមូលផលហួសកម្រិត។ នេះជាការគូសបញ្ជាក់របស់លោក នេត្រ ភក្រ្ដា។ អ្នកនាំពាក្យរូបនេះ បន្តថា ក្រសួងបរិស្ថានបានចេញសេចក្ដីព្រមាន និងអាចឈានដល់វិធានការផ្លូវច្បាប់ លើឈ្មួញឬម្ចាស់អាជីវកម្មណា ដែលប្រមូលផលកេសរកូលព្រៃហួសកម្រិត ដែលនឹងអាចឱ្យពូជកេសរកូលទាំងនោះផុតពូជ។ លោក នេត្រ ភក្ត្រា បន្ថែម៖« អ្នកដែលបំផ្លិតបំផ្លាញ នឹងអនុវត្តន៍វិធានការច្បាប់ កន្លងមកក្រសួងបានព្រមានរួចហើយ អ្នកដែលធ្វើអាជីវកម្មហួសប្រមាណ ឈានដល់កម្រិតការបំផ្លិចបំផ្លាញ នឹងឈានដល់ការប្រើប្រាស់ច្បាប់ ហើយច្បាប់ដែលអនុវត្តន៍ គឺច្បាប់ស្ដីពីតំបន់ការពារព្រៃធម្មជាតិ ក្នុងនោះមានការផាកពិន័យ និងការចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ក្នុងនោះបទល្មើសធ្ងន់ធ្ងរ ផ្តន្ទាទោសពី១ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១៥លានទៅ១៥០លានរៀល»៕




 

Tag:
 កេសរកូលព្រៃ
  ភ្នំគូលែន
© រក្សាសិទ្ធិដោយ thmeythmey.com