ជាតិ
សង្គមជាតិ
២០២០ ស៊ីម៉ាក់ កម្ទេច​មីន​ជិត​៤​ម៉ឺន​គ្រាប់ និង​ដាក់​ផែន​ការរក​ឲ្យ​ឃើញ​៤​ម៉ឺន​គ្រាប់​ទៀត នៅ​ឆ្នាំ​ថ្មី
03, Jan 2021 , 1:59 pm        
រូបភាព
បុរស​កំពុង​លើកដៃ ជា លោក ហេង រតនា ប្រធាន​អង្គភាព​CMAC​។ រូបថត​៖ CMAC
បុរស​កំពុង​លើកដៃ ជា លោក ហេង រតនា ប្រធាន​អង្គភាព​CMAC​។ រូបថត​៖ CMAC
​ភ្នំពេញ​៖ ពេញ​មួយឆ្នាំ​២០២០ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ (CMAC) រំដោះ​ផ្ទៃដី​ដែលមាន​គ្រាប់មីន​បាន​ជាង​៩,២​ពាន់​ហិកតា ព្រមទាំង​កម្ទេច​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​បាន​ជិត​៤​ម៉ឺន​គ្រាប់ ផងដែរ​។ លោក ហេង រតនា ប្រធាន CMAC បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០២១ CMAC មាន​ផែនការ​រុករក​ឲ្យ​ឃើញ​គ្រាប់មីន​និង​សំណល់​មិនទាន់​ផ្ទុះ​ពី​សម័យ​សង្គ្រាម ឲ្យ​បាន​យ៉ាងតិច​៤​ម៉ឺន​គ្រាប់​ទៀត នៅលើ​ផ្ទៃដី​ជាង​១,១​ម៉ឺន​ហិកតា ដើម្បី​យកទៅ​កម្ទេចចោល​។​

 
​លោក ហេង រតនា បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​៣១​ធ្នូ  ដូច្នេះ​ថា​៖«​ផែនការ​ឆ្នាំ​២០២១ ជា​ផែនការ​មាន​លក្ខណៈ​រស់​រវើក​ផ្អែកលើ​ផែនការ​យុទ្ធសាស្ដ្រ​របស់​អង្គភាព ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​សកម្មភាព​មីន ក៏ដូចជា​ផែនការ​យុទ្ធសាស្ដ្រ​ថ្នាក់ក្រោម​ជាតិ ដែលជា​កន្សោម​អាទិភាព​កំណត់​គោលដៅ​ក្នុងការ​រៀបចំ​ផែនការ​សមាហរណកម្ម​ឆ្នាំ​២០២១»​។   


 
​លោក បន្តថា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ប្រតិ​ប​តិ្ត​ការ អង្គភាព​ស៊ីម៉ាក់​ចាំបាច់​ត្រូវធ្វើ​កំណែទម្រង់ ដោយ​ពង្រឹងសមត្ថភាព​ក្រុម សម្ភារ​បំពាក់ មធ្យោបាយ​ដឹកជញ្ជូន និង​ស្ថានភាព​ភូមិសាស្ដ្រ​ចម្ការមីន​ផងដែរ​។ លោក បន្ថែមថា ក្នុងការ​រៀបចំ​យុទ្ធសាស្ត្រ​និង​យុទ្ធវិធី​ប្រតិ​ប​តិ្ក​ការ អង្គភាព​ស៊ីម៉ាក់ គឺ​ប្រកាន់​ទស្សនវិស័យ​ជា​មូលដ្ឋាន​២​គឺ ស្ថានភាព​ភូមិសាស្ត្រ​ត្រូវ​ប្រតិបត្តិការ និង​ស្ថានភាព​តម្រូវការ​ខាង​សេដ្ឋកិច្ចសង្គម​នៃ​សហគមន៍ រង​ការគំរាមកំហែង​ដោយសារ​គ្រាប់មីន​។ 
 
​ជាមួយគ្នានេះ អង្គភាព CMAC បាន​អប់រំ​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដល់​ពលរដ្ឋ​ក្រុម​គោលដៅ​បាន​ជិត​១,២​លាន​នាក់ និង​គាំទ្រ​ដល់​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដោយ​ផ្តល់​ផ្លូវ​អភិវឌ្ឍន៍ជនបទ ជំនួយ​ខាង​សេដ្ឋកិច្ចសង្គម ផងដែរ​។ នេះ​បើតាម​សំណេរ​របស់លោក ហេង រតនា ដដែល​៕ 


 
 

Tag:
 មីន​
  CMAC
© រក្សាសិទ្ធិដោយ thmeythmey.com