ជាតិ
ឧ​ទ្យា​នុ​រក្ស អ៊ុំ ស្រី​លាក់ មាន​មោទកភាព ក្នុងការ​រួមចំណែក​ថែរក្សា​ព្រៃឈើ និង​សត្វព្រៃ​កម្ពុជា​
03, Jan 2021 , 10:29 pm        
រូបភាព
អ្នកស្រី អ៊ុំ ស្រី​លាក់  កំពុងស្ថិត​នៅក្នុង​ចំណោម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជា​បុរស នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ខេត្ត​កែប​។
អ្នកស្រី អ៊ុំ ស្រី​លាក់ កំពុងស្ថិត​នៅក្នុង​ចំណោម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជា​បុរស នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ខេត្ត​កែប​។
​ភ្នំពេញ​៖ រយៈពេល​៤​ឆ្នាំ​មកហើយ ដែល​អ្នកស្រី អ៊ុំ ស្រី​លាក់ បាន​ចូល​បំពេញការងារ​ជាម​ន្ត្រី​ឧ​ទ្យា​នុ​រក្ស ក្នុងការ​ថែរក្សា​ធនធានធម្មជាតិ​របស់​កម្ពុជា​តាម​ក្តី​ស្រមៃ​របស់ខ្លួន​។ អ្នកស្រី​បានបង្ហាញ​ក្តី​ស្រលាញ់ និង​ការពេញចិត្ត​នៃ​ការ​ក្លាយខ្លួនជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ថា​៖ «​ការ​បាន​ចូលរួម​ជា​ចំណែក​ដ៏​តូច​មួយ ក្នុងការ​ថែរក្សា​ព្រៃឈើ និង​សត្វព្រៃ​របស់​កម្ពុជា គឺជា​មោទកភាព​មួយ​យ៉ាង​ធំ សម្រាប់​ខ្ញុំ​»​។

 
​អ្នកស្រី អ៊ុំ ស្រី​លាក់ ក្រៅតែពី​ស្រលាញ់​សម្រស់​ព្រៃឈើ​-​សត្វព្រៃ និង​ចូលចិត្ត​ដើរលេង​កម្សាន្ត​ក្នុងព្រៃ​ហើយ​នោះ ក៏បាន​រៀនសូត្រ​និង​ស្វែងយល់​អំពី​ធនធានធម្មជាតិ​ទាំងនេះ ដែលមាន​សារៈសំខាន់​សម្រាប់​កម្ពុជា​និង​ពិភពលោក ដោយ​មិន​ថា​មនុស្ស​ឬ​សត្វ​ទេ គឺ​សុទ្ធសឹងតែ​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​ព្រៃឈើ ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។ នេះ​កត្តា​ដែល​ជំរុញ​ឱ្យ​អ្នកស្រី អ៊ុំ ស្រី​លាក់ ជំ​នៈ​ពី​បំណង​ឪពុក​-​ម្តាយ ដោយ​សម្រេចចិត្ត​មក​ធ្វើជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ឧទ្យាន​ជាតិ​ខេត្ត​កែប ដើម្បី​ក្លាយជា​ចំណែក​មួយ​ក្នុងការ​ថែរក្សា​ធនធានធម្មជាតិ ក៏ដូចជា​ព្រៃឈើ​របស់​ខ្មែរ​។ 


អ្នកស្រី  អ៊ុំ ស្រី​លាក់ ទទួលបាន​លិខិត​សរសើរ​ពី លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​២​វិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​។  

​ថ្វី​ដ្បិត​ការងារ​ជាម​ន្ត្រី​ឧ​ទ្យា​នុ​រក្ស​នេះ ត្រូវ​ដើរចូល​ក្នុងព្រៃ​ជ្រៅៗ​ជាប្រចាំ​ដើម្បី​ចុះ​ល្បាត​ឬ​ទប់ស្កាត់​បទល្មើស​សត្វ​ព្រៃ​និង​ព្រៃឈើ​មានការ​លំបាក​ព្រោះតែ​ខ្លួន​ជា​ស្រី  ហើយ​ពេលខ្លះ​មានការ​ប្រឈម​នឹង​គ្រោះថ្នាក់​ជាមួយ​ជនល្មើស​ធនធានធម្មជាតិ​ក៏ដោយ ក៏​ឧ​ទ្យា​នុ​រក្ស​វ័យ​២៥​ឆ្នាំ​រូបនេះ មិនដែល​មានគំនិត​បោះបង់​តួនាទីរ​របស់ខ្លួន​ចោល​ម្តងណា​ឡើយ​។ ផ្ទុយទៅវិញ​អ៊ុំ ស្រី​លាក់ មានតែ​ប្រឹងប្រែង​បំពេញ​កិច្ចការងារ​របស់ខ្លួន​ឱ្យបាន​កាន់តែ​ប្រសើរ ឆ្ពោះទៅមុខ​បន្តទៀត​។ 
 
«​ខ្ញុំ​ពេញចិត្ត​អ្វីដែល​ខ្លួនឯង​ស្រលាញ់ ហើយ​ខ្ញុំ​រឹតតែ​ពេញចិត្ត នឹងធ្វើ​នូវ​អ្វីដែល​ខ្លួន​ស្រលាញ់​ថែមទៀត​»​។ មន្ត្រី​ឧ​ទ្យា​នុ​រក្ស អ៊ុំ ស្រី​លាក់ បាន​និយាយ​យ៉ាង​ដូច្នេះ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey) ដោយ​បន្តថា​«​ខ្ញុំ​គ្មាន​បំណង​បោះបង់​កិច្ចការងារ​ថែរក្សា​ធនធានធម្មជាតិ​ដែល​ខ្ញុំ​ស្រលាញ់​និង​ពេញចិត្ត​ធ្វើ​ចោល​នោះទេ​។ តែ​ខ្ញុំ​មាន​មោទកភាព​ជាខ្លាំង ដែល​បានធ្វើ​កិច្ចការងារ​ទាំងនេះ​ជូន​ជាតិ​»​។ 


អ្នកស្រី  អ៊ុំ ស្រី​លាក់  កំពុង​ឈរ​កាន់​អាវុធ ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជា​បុរស​នានា នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ខេត្ត​កែប​។  

​ចាប់តាំងពី​ឆ្នាំ​២០១៦​មកដល់​បច្ចុប្បន្ន នៃ​ការចូល​បំពេញការងារ​ជាម​ន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន ក្នុងការ​ថែរក្សា​ធនធានធម្មជាតិ​កម្ពុជា សម្រាប់​អ្នកស្រី អ៊ុំ ស្រី​លាក់ ក្រៅតែពី​មាន​មោទកភាព​លើ​កិច្ចការងារ​ដែល​ខ្លួន​កំពុង​អស់ពី​ទឹកចិត្ត​ហើយ​នោះ ក៏បាន​បំពេញ​នូវ​សេចក្តីសុខ​ឱ្យ​ខ្លួនឯង ដែល​ចង់បាន​ការរស់នៅ​ជាមួយ​ធម្មជាតិ​ដ៏​ស្រស់ស្អាត ផងដែរ​។ 
 
​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែលមាន​ស្រុកកំណើត​នៅ​ភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​រូបនេះ  បាន​លើកឡើងថា​៖«​ខ្ញុំ​រស់នៅ​បែប​ធម្មជាតិ គឺ​ពេញចិត្ត​ជាង​ការរស់នៅ​ក្នុង​ក្រុង​ស៊ីវីល័យ ដែល​ពោរពេញ​ផ្សែង​ឡាន ម៉ូតូ  និង​បរិស្ថាន​មិនល្អ ជាដើម​»​។ 
 
​បើ​តា​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជា​ស្ត្រី​ដែល​បម្រើ​ការងារ​នានា​នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​ចំនួន​៤២​នាក់​។ ក្នុងនោះ​មាន​៣៣​នាក់ កំពុង​ឈរជើង​ការពារ​ក្នុង​តំបន់ការពារធម្មជាតិ​ចំនួន​២០​ខេត្ត​-​ក្រុង​។ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ បាន​បញ្ជាក់ថា រាជធានី ខេត្តកំពង់ចាម កណ្តាល ព្រៃវែង និង​ខេត្តស្វាយរៀង គឺ​គ្មាន​តំបន់ការពារធម្មជាតិ​ឡើយ​៕ 


​​អ្នកស្រី  អ៊ុំ ស្រី​លាក់​។​

Tag:
 ឧ​ទ្យា​នុ​រក្ស​
  ធន​ជាតិ​ធម្មជាតិ​
  កែប​
© រក្សាសិទ្ធិដោយ thmeythmey.com