ព័ត៍មានសុខភាព
អត្ថបទពាណិជ្ជកម្ម
ដំបៅ​ជើង ដែល​កើតមាន​នៅលើ​អ្នកជំងឺ​ទឹកនោមផ្អែម មិនមែន​សុទ្ធតែ​មិនអាច​ព្យាបាល​ជាសះស្បើយ​នោះទេ​!
04, Jan 2021 , 10:56 am        
រូបភាព
​ស្រទាប់​មហាជន​បងប្អូន​ប្រជាជន តែងមាន​ការយល់ឃើញ​ថា​រាល់​អ្នកជំងឺ​ទឹកនោមផ្អែម ដែលមាន​ដំបៅ​ជើង​សុទ្ធតែ​មិនអាច​ព្យាបាល​បានជា​សះស្បើយ ហើយ​អាច​ប្រឈម​នឹង​ការ​កាត់​ជើង​ទៀតផង​។ តើ​ការយល់ឃើញ​ខាងលើនេះ​ជាការ​ពិត​ដែរឬទេ​?
 
​ជំងឺ​ទឹកនោមផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ប្រភេទ ដែល​កើតឡើង​ដោយសារ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នកជំងឺ​កើនឡើង​។ នៅពេលដែល​អ្នកជំងឺ កើត​ជំងឺ​ទឹកនោមផ្អែម​ច្រើន​ឆ្នាំ ពួកគាត់​អាច​ប្រឈមមុខ​នឹង​ផល​លំបាក​មួយចំនួន ដែល​ក្នុងនោះ​ក៏មាន​ដំបៅ​ជើង​ផងដែរ​។ 
 
​ដំបៅ​ជើង​នៅលើ​អ្នកជំងឺ​ទឹកនោមផ្អែម មាន​កត្តា​បង្ក​ជាច្រើន ដូចជា​៖
 
​ក​) ដំបៅ​ជើង​ប្រភេទ​ទីមួយ​៖
​ជា​ដំបៅ​ដែល​កើត​ដោយសារ​ការប៉ះពាល់​ទៅលើ​ប្រព័ន្ធ​វិញ្ញាណ​នៅ​នឹង​ជើង​របស់​អ្នកជំងឺ (Neuropathy)​។ នៅពេលដែល​អ្នកជំងឺ​កើត​ជំងឺ​ទឹកនោមផ្អែម​យូរ​ឆ្នាំ ពួកគាត់​អាចមាន​ផលប៉ះពាល់​ទៅលើ​ប្រព័ន្ធ​វិញ្ញាណ​នៃ​ជើង​ទាំងសងខាង​របស់​ពួកគាត់​។ ជើង​របស់គាត់​អាចមាន​សភាព​ស្ពឹក លែង​ដឹង​ក្តៅ​ត្រជាក់ លែង​ដឹង​ការឈឺចាប់ ជួនកាល​អាចមាន​អារម្មណ៍​ដូច​មាន​ស្រមោច​វារ​លើ បន្ទាប់មកទៀត​អ្នកជំងឺ​អាច​ប្រឈម​នឹង​កើត​ដំបៅ ជាពិសេស​ប្រសិនបើ​មានការ​ប៉ះទង្គិច​ណាមួយ​។ 
 
​ដំបៅ​ប្រភេទ​នេះ​ភាគច្រើន​កើត​នៅ​តំបន់​ដែល​អ្នកជំងឺ​ឈរ​សង្កត់​ខ្លាំង ឬ​រឹប​ដោយ​ស្បែកជើង​ដែល​ចង្អៀត ដែល​បណ្តាលអោយ​មានកា​រក​កិត​។ ដោយសារតែ​មានការ​ប៉ះពាល់​លើ​ប្រព័ន្ធ​វិញ្ញាណ អ្នកជំងឺ​មិនដឹង​ពី​ការឈឺចាប់​នោះទេ ដែលជា​ហេតុ​ធ្វើអោយ​គាត់​ធ្វេសប្រហែស មិនបាន​ចាប់អារម្មណ៍ ឬ​មិន​បានមក​ព្រឹក្សា​ជាមួយ​គ្រូពេទ្យ​។ នៅពេលដែល​មិនមាន​ការថែទាំ​ត្រឹមត្រូវ ដំបៅ​ទាំងនោះ​អាច​នឹងមាន​ការបង្ក​ជាការ​ក្លាយ​រោគ (Infection)​។​
 
​ខ​) ដំបៅ​ប្រភេទ​ទី​ពីរ​៖
​ជា​ដំបៅ​ដែល​បណ្តាលមកពី​ការស្ទះ​សរសៃឈាម​ដែល​ចិញ្ចឹម​ជើង​ទៅ​សងខាង​។ នៅពេល​ជំងឺ​ទឹកនោមផ្អែម វិវឌ្ឍន៍​រ៉ាំរ៉ៃ​យូរ​ឆ្នាំ​។ សរសៃឈាម​នៅតាម​ចុងជើង​របស់​អ្នកជំងឺ​បាន​ស្ទះ​ក្រិន ដូច្នេះហើយ កម្រិត​អុក​ស៊ី​ហ្ស៊ែ​ន និង​ចំណីអាហារ​ដែល​រត់ ទៅតាម សរសៃឈាម​ទាំងនោះ​មានការ​ថយចុះ វា​មិនអាច​ទៅ​ចិញ្ចឹម​កោសិកា​នៅតាម​ចុងជើង​របស់​អ្នកជំងឺ​បានឡើយ​។ 
 
​កោសិកា​ដែល ខ្វះ​ចំណីអាហារ វា​នឹង​ខូចខាត ដែលជា​ហេតុ​អាចធ្វើអោយ​អ្នកជំងឺ​មាន​ដំបៅ (Arteriopathy)​។ ដំបៅ​ប្រភេទ​នេះ​ដំបូង​ឡើយ គឺ​វា​បង្កអោយមាន​ការឈឺ​ចុកចាប់ ស្បែក​អ្នកជំងឺ​ចេញ​ពណ៌​ក្រហម​រលោង ជ្រុះ​រោម មានការ​ឈឺចាប់​ខ្លាំង​។ បន្ទាប់មក បន្តិច​ម្តងៗ ជើង​របស់គាត់​ចាប់ផ្តើម​ប្រែ​ពណ៌​ទៅជា​ពណ៌​ស្វាយ ឡើង​ត្រជាក់ រួចហើយ​ចាប់​ប្រែ​ពណ៌​ទៅជា​ពណ៌​ខ្មៅ​។ 
 
​ដំបៅ​អាច​ចេញ​លើ​ម្រាម​មួយ ឬ​ច្រើន ទៅតាម​ស្ថានភាព​នៃ​ការស្ទះ​សរសៃឈាម​។ ប្រសិនណាបើ​គាត់​មិន​បានមក​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួលបាន​ការថែទាំ​ត្រឹមត្រូវ​នោះទេ ដំបៅ​នោះ​ក៏​អាច​មានការ​ក្លាយ​រោគ (Infection)​ផងដែរ​។​
 
​គ​) ប្រភេទ​ដំបៅ​ទី​បី​៖
​កើតឡើង​ដោយសារ​ការរួម​ផ្សំគ្នា​នៃ​បញ្ហា​ប្រព័ន្ធ​វិញ្ញាណ (Neuropathy) និង​ការស្ទះ​សរសៃឈាម នៅ​ចុង​ម្រាមជើង (Arteriopathy)​។ 
 
​រាល់​អ្នកជំងឺ​ទឹកនោមផ្អែម​ដែលមាន​ដំបៅ​នៅ​នឹង​ជើង មិនមែន​មានន័យថា​សុទ្ធតែ​ព្យាបាល​មិនជា​នោះទេ​។ គ្រូពេទ្យ​អាចធ្វើ​រោគវិនិច្ឆ័យ​តាមរយៈ​ការពិនិត្យ ការថត​ឆ្លុះ​ដើម្បី​ឲ្យ​ដឹង​អំពី​មូល​ហេតុដែល​បណ្តាលអោយ​មាន​ដំបៅ​នោះ ថា​តើ​វា​មកពី Neuropathy ឬមួយ Arteriopathy ឬក៏​បណ្តាលមកពី​ការ​លាយ​គ្នា​រវាង Neuropathy និង Arteriopathy ។​
 
​ហេតុ​ដូច្នេះហើយ​ពេលដែល​បងប្អូន​អ្នកជំងឺ​ទឹកនោមផ្អែម មាន​ដំបៅ​ជើង សូមមេត្តា​រួសរាន់​មក​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្វែងរក​មូលហេតុ​ដែល​បង្ក​អោយមាន​ដំបៅ​ទាំងនោះ ព្រមទាំង​ឆាប់​ព្យាបាល​អោយបាន​ទាន់ពេលវេលា​។ ការយឺតយ៉ាវ​ណាមួយ ក្នុងការ​ស្វែងរក​ការព្យាបាល រឺក៏​ព្យាបាល​មិនបាន​ត្រឹមត្រូវ ឧទាហរណ៍​ការប្រើ​ឱសថ​បុរាណ រឺមួយ​ថ្នាំ​បិទ​បំពោក​ទៅលើ​ដំបៅ​នោះ ដោយ​មិនបាន​រក​មូលហេតុ​អោយបាន​ច្បាស់លាស់ គឺជា​ហានិភ័យ​ធ្ងន់ធ្ងរ ដែល​អាច​វិ​វ​ឌ្ឍ​ឈានទៅរក​ការព្យាបាល​មិនជា ឬ​អាច​ឈានដល់​ការ​កាត់​អវយវៈ​៕

បកស្រាយដោយ៖ វេជ្ជ. ស៊ុំ សត្ថា
ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និង អ័រម៉ូន នៃមន្ទីរពេទ្យកាល់ម៉ែត
ភាតរះសមាជិក American College of Endocrinology៕

© រក្សាសិទ្ធិដោយ thmeythmey.com