អត្ថបទពាណិជ្ជកម្ម
សារៈសំខាន់​នៃ​គេហទំព័រ ដែលមាន​គុណភាព​ខ្ពស់​សម្រាប់​អាជីវកម្ម​សព្វថ្ងៃ​
06, Jan 2021 , 2:29 pm        
រូបភាព
​ដើម្បី​ធ្វើឱ្យ​អាជីវកម្ម​របស់​អ្នកមាន​ភាពលេច​ធ្លោ អ្នកត្រូវការ​គេហទំព័រ​ដែលមាន​គុណ​ភាព​ខ្ពស់ ព្រមទាំង​អាច​ទាក់ទាញ​អ្នកទស្សនា​ឱ្យ​កាន់តែច្រើន និង​អាច​រក្សា​ទំនាក់ទំនង​អាជីវកម្ម​របស់​អ្នក ជាមួយ​អតិថិជន​នាពេល​អនាគត​»​។ នេះ​ជា​ប្រសាសន៍​របស់ លោក ឆេង លឹម​ឃាន់ អ្នកបង្កើត​គេហទំព័រ​នៅ​ក្រុមហ៊ុន KOUPREY Creative Solutions​។​
 
​ជាទូទៅ ដើម្បី​ស្វែងរក​ព័ត៌មាន ដែល​គួរឱ្យ​ទុកចិត្ត​អំពី​ផលិតផល​អ្វីមួយ មនុស្ស​ភាគច្រើន​ទំនងជា​ស្វែងរក និង​ទិញ​តាមរយៈ​គេហទំព័រ ច្រើនជាង​តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​។ សព្វថ្ងៃនេះ បើទោះបីជា​បណ្តាញ​ផ្សព្វផ្សាយ​សង្គម កំពុងតែ​ពេញនិយម​ក៏ដោយ គេហទំព័រ​នៅតែ​ជា​ផ្នែក​មួយ​យ៉ាងសំខាន់ នៃ​ទីផ្សារ​អាជីវកម្ម ពីព្រោះ​វា​គឺជា​ទីកន្លែង ដែល​ផ្តល់ព័ត៌មាន​ជាក់លាក់​អំពី​សេវាកម្ម និង​ផលិតផល​របស់​អ្នក​។ សំខាន់​ជាងនេះទៅទៀត ប្រសិនបើ​គេហទំព័រ​របស់​អ្នក មាន​ភាព​ទាក់ទាញ និង​លេចធ្លោ នោះ​អតិថិជន នឹងមាន​ការទុកចិត្ត​កាន់តែខ្លាំង​លើ​អាជីវកម្ម​របស់​អ្នក​។ 
 
​ទោះយ៉ាងណា លោក ឆេង លឹម​ឃាន់ អ្នកបង្កើត​គេហទំព័រ​នៅ KOUPREY Creative Solutions បាន​លើកឡើងថា អាជីវកម្ម​នៅ​កម្ពុជា កំពុងតែ​មានការ​ប្រឈម​នឹង​បញ្ហា​ធំ ក្នុងការ​បង្កើត​គេហទំព័រ ឱ្យមាន​គុណភាព​ខ្ពស់​ជាច្រើន​ដូចជា​៖ គុណភាព​នៃ​មាតិកា រយ​:​ពេល​នៃ​ការផ្ទុក​គេហទំព័រ ភាពបត់បែន​លើ​អេក្រង់​ទូរស័ព្ទ SEO និង​សុវត្ថិភាព​ជាដើម​។ ដូច្នេះ​ថ្មីៗ នេះ​ក្រុមការងារ​យើង​បាន​ជជែក​ពិភាក្សា ជាមួយនឹង​លោក លឹម​ឃាន់ អំពី​ចំណុច​សំខាន់ៗ ដើម្បី​វាស់​ស្ទង់​ថា​តើ ត្រូវធ្វើ​យ៉ាងដូចម្តេច ដើម្បីឱ្យ​គេហទំព័រ​មានគុណ​ភាពល្អ ហើយ​ម្ចាស់​អាជីវកម្ម អាច​ស្វែងយល់​បន្ថែម​អំពី​របៀប និង​គន្លឹះ​ក្នុងការ​បង្កើត និង​គ្រប់គ្រង​គេហទំព័រ ដែលមាន​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​។​
 
១. បង្កើត​ការ​រចនា​គួរឱ្យ​ចាប់អារម្មណ៍​៖ 


​រូបរាង​នៃ​គេហទំព័រ​របស់​អ្នក ត្រូវមាន​ភាព​ទាក់ទាញ និង​ងាយស្រួល​ប្រើប្រាស់ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អតិថិជន​។ ដូចគ្នានេះ​ផងដែរ លោក លឹម​ឃាន់ បាន​មានប្រសាសន៍ថា «​នៅលើ​គេហទំព័រ​របស់​អ្នក គួរតែ​មើលទៅ​ស្របគ្នា​ដូចជា​៖ ការប្រើប្រាស់​ពុម្ពអក្សរ គម្លាត ជាយ​នៃ​ទំព័រ ពណ៌ ទំហំ និង​ដំណើរការ​ទាំងស្រុង នៃ​គេហទំព័រ​របស់​អ្នក​។ ដូច្នេះ​ទាំងនេះ ពិតជា​អាច​ទាក់ភ្នែក​អ្នកទស្សនា ឱ្យចូល​មើល​គេហទំព័រ​របស់​អ្នក ឬក៏​ចាកចេញ​ដោយ​ផ្អែកលើ​រូបរាង នៃ​គេហទំព័រ​របស់​អ្នក​។ ម្យ៉ាងវិញទៀត ប្រសិនបើ​គេហទំព័រ​របស់​អ្នក អាចធ្វើឱ្យ​អតិថិជន​ជាប់ចិត្ត​នោះ ពួកគេ​នឹង​ចំណាយពេល​ច្រើន ដើម្បី​មើល​ផលិតផល​ផ្សេងៗ​ទៀត​។​» 
​លើសពីនេះទៅទៀត ដើម្បី​ទទួលបាន​គេហទំព័រ​គួរឱ្យ​ចាប់អារម្មណ៍ អ្នកបង្កើត​គេហទំព័រ​គួរតែ​ស្វែងយល់ ពី​គោលដៅ​អតិថិជន និង​និន្នាការ​ថ្មីៗ នៃ​ការ​រចនា​គេហទំព័រ​។ នៅពេល​អតិថិជន​ចូលទៅ​កាន់​គេហទំព័រ​របស់​អ្នក ពួកគេ​រំពឹងថា នឹង​ទទួលបាន​នូវ​អ្វីដែល​ពួកគេ​ចង់បាន​។ ដូច្នេះ​អ្នក​ត្រូវ​យល់​ពី​អតិថិជន​របស់​អ្នក​ឱ្យ​ច្បាស់ និង​បំពេញ​សេចក្តីត្រូវការ​របស់​ពួកគេ​។​
 
២. បង្កើត​ការអំពាវនាវ​ឱ្យធ្វើ​សកម្មភាព (Call-To-Action) ៖


​គោលបំណង​នៃ​អាជីវកម្ម​នីមួយៗ គឺ​ចង់​បង្កើន​នៃ​ការលក់ ដូច្នេះ​នៅលើ​គេហទំព័រ​របស់​អ្នក ត្រូវតែ​បញ្ចូល​នូវ​មុខងារ អំពាវនាវ​ឱ្យធ្វើ​សកម្មភាព ឬ “Call-To-Action” ដោយ​បង្កើត​ប៊ូ​តុង​មួយ​ឱ្យមាន​ភាពលេច​ធ្លោ និង​ដាក់​នៅ​ទីតាំង​ល្អ ដែលមាន​ភាព​ទាក់ទាញ​នៅលើ​គេហទំព័រ ដើម្បីឱ្យ​អតិថិជន​ងាយស្រួល​កត់សម្គាល់ នេះ​គឺជា​យុទ្ធសាស្ត្រ ដែល​ល្អ​បំផុត​សម្រាប់​ទីផ្សារ​អាជីវកម្ម​របស់​អ្នក ក្នុងការ​ទាក់ទាញ​អតិថិជន​កាន់តែច្រើន​។ 
 
​លោក លឹម​ឃាន់ បាន​ស្នើថា​៖ «​ដើម្បី​ទទួលបាន​ប្រសិទ្ធភាព ជាមួយ​យុទ្ធសាស្ត្រ​មួយ​នេះ អ្នក​គួរប្រើ​ប្រាស់​ពាក្យ (​សរសេរ​អត្ថបទ​ខ្លីៗ​) និង​ពណ៌​ឱ្យបាន​ត្រឹមត្រូវ​។ សម្រាប់​ការសរសេរ​អត្ថបទ​ខ្លីៗ អ្នក​ត្រូវ​ប្រើពាក្យ ដែល​បង្ហាញ​ពី​អារម្មណ៍​ជាក់លាក់​មួយ​។ ចំណែកឯ​ពណ៌​វិញ វា​នឹង​ជួយ​បង្ហាញ​ពី​ភាព​លេចធ្លោ​នៃ​រូបរាង​របស់​គេហទំព័​រ​របស់​អ្នក​។​»
​លើសពីនេះទៅទៀត លឹម​ឃាន់ ក៏បាន​ពន្យល់​ផងដែរ​ថា ការអំពាវនាវ​ឱ្យ​ធើ្វ​សកម្មភាព ឬ Call-to-Action គឺជា​ប៊ូ​តុង ឬ​តំណ​ភ្ជាប់​មួយ ដែល​នាំ​អតិថិជន​ទៅកាន់​គេហទំព័រ​ដើម នៃ​អាជីវកម្ម​របស់​អ្នក ដើម្បីឱ្យ​អតិថិជន​យល់ដឹង​បន្ថែម​នូវ​ព័ត៌មាន នៃ​ម៉ាក​យីហោ​របស់​អ្នក ហើយ​ទិញ​ផលិតផល​របស់​អ្នក​ភ្លាមៗ​ផងដែរ​។ និយាយ​ម្យ៉ាងទៀត អតិថិជន​របស់​អ្នក ក៏​អាចបំពេញ​ទម្រង់​បែបបទ​តាម Online ដែល​អ្នក​អាច​ប្រមូល​ព័ត៌មាន​ទាំងនោះ ឱ្យ​ក្រុមការងារ​ផ្នែក​លក់ ឬ​អតិថិជន​របស់​អ្នក ក៏​អាច​ស្នើ​សុំឱ្យ​ក្រុមការងារ​របស់​អ្នក​ទូរស័ព្ទ ឬ​ផ្ញើ​សារ​ទៅ​ពួកគេ​ផងដែរ​។​
 
៣. ពាក្យ​គន្លឹះ​សំខាន់ៗ​៖


​គេហទំព័រ​ល្អ​ប្រណិត តែងតែ​បង្កប់​នូវ​ពាក្យ​គន្លឹះ​ល្អៗ ដែល​ជួយ​អ្នក​ឱ្យសម្រេចបាន​គោលដៅ​នៃ​អាជីវកម្ម​របស់​អ្នក ពីព្រោះ​វា​អាចជួយ​ឱ្យ​មាតិកា​របស់​អ្នក​លេចឡើង នៅលើ search engine result ដែល​ទាក់ទាញ​អ្នកទស្សនា​បាន​ច្រើន ឱ្យចូល​ទៅកាន់​គេហទំព័រ​របស់​អ្នក​។ ដើម្បី​បង្កើត​មាតិកា ដែល​ជំរុញ​ឱ្យ​អ្នកទស្សនា​ចូលក្នុង​គេហទំព័រ​កាន់តែច្រើន អ្នក​ត្រូវ​ស្វែងយល់​ពី​តម្រូវការ​របស់​អ្នកទស្សនា ហើយ​ត្រូវ​ដឹងថា​ពាក្យ​ណា ដែល​ពួកគេ​តែងតែ​និយម​ស្វែងរក​នៅលើ search engine ។​
 
៤. ល្បឿន​នៃ​ប្រតិបត្តិការ​របស់គេ​ហ​ទំព័រ​៖


​ល្បឿន​នៃ​ប្រតិបត្តិការ​របស់គេ​ហ​ទំព័រ គឺជា​ធាតុ​សំខាន់ ដើម្បី​វាស់​ស្ទង់​ដំណើរការ​របស់​គេហទំព័​រ​។ ប្រសិនបើ​អ្នកមាន​បញ្ហា ជាមួយ​គេហទំព័រ​ដំណើរការ​យឺត អ្នក​ត្រូវ​បង្កើន​ប្រសិទ្ធភាព និង​ស្វែងរក​បញ្ហា​របស់​វា ពីព្រោះ​ប្រសិនបើ​គេហទំព័រ​ដំណើរការ​យឺត នោះ​អតិថិជន​របស់​អ្នកនឹង​មិនមាន​ពេល​ច្រើន ដើម្បី​រង់ចាំ​ការចូល​ទៅកាន់​គេហទំព័រ​របស់​អ្នក​ទេ ហើយ​ពួកគេ​អាច​នឹង​ចាក​ចេញពី​គេហទំព័រ​របស់​អ្នក​ភ្លាមៗ ផងដែរ​។ 
 
​សំខាន់​ជាងនេះទៅទៀត លោក លឹម​ឃាន់ បញ្ជាក់ថា​៖ «​ល្បឿន​នៅលើ​គេហទំព័រ​របស់​អ្នក អាច​នឹង​ប៉ះពាល់​យ៉ាងខ្លាំង ដល់​អត្រា​នៃ​ប្រតិបត្តិការ នៃ​គេហទំព័រ​របស់​អ្នក​។ ដើម្បី​បង្កើនល្បឿន​ប្រតិបត្តិការ​របស់​គេហទំព័​រ អ្នក​គួរតែ​បង្រួម​ទំហំ​ឯកសារ ក៏ដូចជា​រូបភាព​របស់​អ្នក ហើយ​ចៀសវាង​ការប្រើប្រាស់​វីដេអូ ដែលមាន​ទំហំ​ធំ​នៅលើ​គេហទំព័រ​។ ដូចគ្នានេះដែរ ការប្រើប្រាស់​ការ​រចនា​បែប​សាមញ្ញ ដែលមាន​ប្រសិទ្ធភាព នឹង​ជួយ​កែលម្អ​ល្បឿន​នៃ​គេហទំព័រ​របស់​អ្នក​»​។​
 
៥. ការ​ស្រួល​រុករក​ពី​ទំព័រ​មួយ​ទៅ​ទំព័រ​មួយ (Navigation)៖


​គេហទំព័រ ដែល​ត្រូវបាន​រចនា​យ៉ាង​ល្អ​ប្រណិត ទាមទារ​ឱ្យមាន​ដំណើរ​ការល្អ​នៃ​តំបន់ ដែលមាន​ព័ត៌មាន​ច្បាស់លាស់ ឬ​គោលការណ៍​ណែនាំ ដែល​អាចឱ្យ​អ្នកទស្សនា​ចូ ល​ក្នុង​គេហទំព័រ​របស់​អ្នក ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ផលិតផល និង​សេវាកម្ម​របស់​អ្នក​ដោយ​គ្មាន​ការរំខាន​។ សំខាន់​ជាងនេះទៅទៀត ប្រសិនបើ​អ្នកទស្សនា​អាច​រុករក​នៅលើ​គេហទំព័រ​របស់​អ្នក​បាន​រហ័ស search engine នឹង​កំណត់​ចំណាត់ថ្នាក់​គេហទំព័រ​របស់​អ្នក ថា​ជា​គេហទំព័រ ដែល​ដំណើរ​ការល្អ​ជាងគេ​។ គេហទំព័រ​របស់​អ្នក នឹង​លេចចេញ​នៅលើ​គេ​ក្នុង Google Search ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​គេហទំព័រ​របស់​អ្នក​។​
 
៦. សុវត្ថិភាព​ខ្ពស់​៖


​ដោយសារតែ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា លោក លឹម​ឃាន់ បាន​បន្ថែមថា សុវត្ថិភាព​នៃ​គេហទំព័រ គឺជា​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​រាល់​អាជីវកម្ម​ទាំងអស់ ហើយ​គេហទំព័រ​ដែល​ល្អ គឺ​ត្រូវតែ​មានលទ្ធភាព​ខ្ពស់​ក្នុងការ​ការពារ​សុវត្ថិភាព និង​ការពារ​ហានិភ័យ​ពី​ពួក Hacker ផងដែរ​។ ប្រសិនបើ គេហទំព័រ​របស់​អ្នក​គ្មាន​សុវត្ថិភាព ដៃគូ​សហការ​អាជីវក​ម្ម និង​អតិថិជន​របស់​អ្នក នឹងមិន​ចែករំលែក​ព័ត៌មាន​សំខាន់ៗ ជាមួយ​អ្នក​ឡើយ​។ លើសពីនេះ​ទៀត ដើម្បី​រក្សា​ដំណើរការ​សុវត្ថិភាព​ខ្ពស់ អ្នកបង្កើត​គេហទំព័រ​គ្រប់រូប គួរ​ត្រួតពិនិត្យ​គេហទំព័រ​ជាប្រចាំ បើ​មិន​ដូច្នោះ​ទេ គេហទំព័រ​របស់​អ្នកនឹង​អាចមាន​បញ្ហា​។​
 
​ជា​ចុងក្រោយ​៖ ការបង្កើត​គេហទំព័រ​សម្រាប់​អាជីវកម្ម គឺ​ពិតជា​ងាយស្រួល​ណាស់ ប៉ុន្តែ​ដើម្បី​ទទួលបាន​គុណភាព​ខ្ពស់ គឺ​ត្រូវការ​ពេលវេលា​ច្រើន​ហើយ​ទាមទា​នូវ​ការប្តេជ្ញាចិត្ត និង​យុទ្ធសាស្ត្រ​បន្ថែមទៀត​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​បង្កើត ឬ​កែលំអ​គេហទំព័រ​របស់​អ្នក អ្នក​អាចទាក់ទង KOUPREY Creative Solutions តាមរយៈ [email protected] ឬ​ទូរស័ព្ទ​មក​លេខ ០២៣ ៩៦០ ៩៨០ ។​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Kouprey
© រក្សាសិទ្ធិដោយ thmeythmey.com