ពីនេះ ពីនោះ
«បណ្ឌិត»និង«បណ្ឌិត្យ» មានន័យខុសគ្នា
× ជនអ្នកមានប្រាជ្ញា, អ្នកមានចំណេះជ្រៅជ្រះ, អ្នកឈ្លាសវៃ គឺគេហៅថា«បណ្ឌិត»។ ចំណែកពាក្យ«បណ្ឌិត្យ»វិញមិនសំដៅលើមនុស្សដែលមានចំណេះដឹងទេ តែសំដៅលើសភាវៈនៃបណ្ឌិត ,សភាព,ស្ថាន,ទី ឬតំណែងនៃបណ្ឌិតជាដើម។
បើនិយាយពីបុគ្គលណាម្នាក់ ដែលមានចំណេះដឹងខ្ពង់ខ្ពស់ ឬក៏បានរៀនដល់ថ្នាក់បណ្ឌិត គឺយើងសរសេរថា «បណ្ឌិត»។ ឧទាហរណ៍ថា៖«បងប្រុសខ្ញុំ គឺជាបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ»។
ចំណែកពាក្យ«បណ្ឌិត្យ»វិញ គឺមិនសំដៅទៅលើមនុស្ស ដែលមានចំណេះដឹង នោះទេ។ បើយោងតាម វចនានុក្រមសម្តេច ជួន ណាត «បណ្ឌិត្យ» គឺជាភាវៈនៃបណ្ឌិត, សភាព, ស្ថាន, ទី, តំណែងនៃបណ្ឌិត ដូចជាបណ្ឌិត្យសភា,ពុទ្ធសាសនបណ្ឌិត្យជាដើម។
ពាក្យ«ពុទ្ធសាសនបណ្ឌិត្យ» ក្នុងទីនេះ មិនសំដៅលើអ្នកប្រាជ្ញ ឬអ្នកមានចំណេះដឹងខាងព្រះពុទ្ធសាសនា ឡើយ។ តែពាក្យ «ពុទ្ធសាសនបណ្ឌិត្យ» គឺអាចសំដៅទៅលើ កន្លែង ដែលប្រមូលផ្តុំទៅដោយអ្នកប្រាជ្ញ ឬក្បួនច្បាប់នានា ដែលទាក់ទងនឹងព្រះពុទ្ធសាសនា។ ឧទាហរណ៍ថា៖«ខ្ញុំ បានចំណាយពេលជាងមួយខែ ក្នុងការសិក្សាស្រាវជ្រាវពីទ្រឹស្តីកម្ម-ផល នៅក្នុងពុទ្ធសាសនបណ្ឌិត្យ»៕
© រក្សាសិទ្ធិដោយ thmeythmey.com