កីឡាជាតិ
ជាតិ
សារ ទី ត្រូវកោះហៅឲ្យចូលហ្វឹកហាត់ក្នុងក្រុម U19 ជាថ្មី រីឯ ហេង សុបញ្ញា មានឱកាសជាលើកដំបូង
09, Jan 2021 , 9:30 pm        
រូបភាព
ដោយ:
 
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ បានបង្ហាញបញ្ជីឈ្មោះក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៩ឆ្នាំ(U19) ដើម្បីហ្វឹកហាត់ដំណាក់កាលទី៤ សម្រាប់ត្រៀមព្រឹត្តិការណ៍ AFC U19 Championship នៅប្រទេសអ៊ូសបេគីស្ថាន។ ក្នុងបញ្ជីឈ្មោះនេះ យើងសង្កេតឃើញមានការបន្ថែមសមាជិកថ្មីចំនួនពីររូប។



កីឡាករ ហេង សុបញ្ញា យុវជនសាលាបាល់ទាត់ជាតិបាទី និងកីឡាករ សារ ទី ត្រូវបានលោក Koji Gyotoku គ្រូបង្វឹកក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៩ឆ្នាំកោះហៅឲ្យចូលរួមហ្វឹកហាត់ក្នុងក្រុម U19 ដំណាក់កាលទី៤ ដើម្បីចម្រាញ់រកកីឡាករជើងខ្លាំង១ក្រុម ត្រៀមប្រជែងក្នុងព្រឹត្តិការណ៍ AFC U19 Championship នាអំឡុងខែមីនា ឆ្នាំ២០២១ នៅអ៊ូសបេគីស្ថាន។

វាជាលើកទី១សម្រាប់កីឡាករ ហេង សុបញ្ញា ដែលទទួលបានការចាប់អារម្មណ៍ពីលោក Koji Gyotoku ក្នុងការកោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិ U19 កម្ពុជា។ ប៉ុន្តែវាជាឱកាសសាជាថ្មីសម្រាប់កីឡាករ សារ ទី របស់ក្លិបអគ្គិសនីកម្ពុជា បន្ទាប់ពីរូបគេត្រូវបានកោះហៅឲ្យចូលហ្វឹកហាត់ដំណាក់កាលទី១ ហើយត្រូវបានជម្រុះនៅដំណាក់កាលទី២ និងទី៣។

សម្រាប់ការប្រកួត AFC U19 Championship កម្ពុជាស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះអ៊ូសបេគីស្ថាន, ឥណ្ឌូណេស៊ី និងអ៊ីរ៉ង់។ បើគ្មានការប្រែប្រួលទេ កម្ពុជា ត្រូវប្រកួតបើកឆាកជាមួយឥណ្ឌូណេស៊ីនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ មុនទទួលភ្ញៀវអ៊ូសបេគីស្ថាន និងអ៊ីរ៉ង់។   



កីឡាករជម្រើសជាតិ U19 ទាំង៣៤រូបរួមមានកីឡាករ កយ សាលីម, ទួត សារ៉ូត, រ៉េត លីហេង, រី លាភផេង, ធី លៀង, អ៊ាន ពិសី, ជូ ស៊ីនទី, ជា សុខម៉េង, សៀង ចន្ធា, សៅ វ៉ៃហ្វី, ថា ច័ន្ទឬទ្ធី, សឿត ណាវ៉ា, ជុង មករា, លី ម៉ាឯល, ស្រ៊ី ពិសិទ្ធ, ញឹម លីហូរ, វុធ តុលា, អាត អូនតូច, ចាន់ សារ៉ាពេជ្រ, គង់ ភ័ត្រា, ស រតនា, វឿន រ៉ា, សៀន សុភ័ក្ត្រា, លឹម ពិសុទ្ធ, រស់ ដារ៉ាពេជ្រ, ឆាន់ ប៊ុនមី, មិន រតនៈ, ចាន់ សុភា, កែវ ឧត្តម, លឺម អារុណ រ៉េយមិន, ប៊ុនធឿន ប៊ុនណារ៉ុង និងកីឡាករ តាំង ប៊ុនឆៃ, ហេង សុបញ្ញានិងកីឡាករ សារ ទី៕

 

Tag:
 បាល់ទាត់
  Koji Gyotoku
  U19 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com