ក្រុមអ្នកជំនាញអន្តរជាតិរបស់អង្គការសុខភាពពិភពលោក (WHO) ត្រូវបានអនុញ្ញាតឲ្យចូលប្រទេសចិននៅថ្ងៃទី១៤ ខែមករា ក្រោយការពន្យារពេលរហូតមានប្រតិកម្មពីប្រមុខ WHO ទៀតផង។ ក្រុមអ្នកជំនាញអន្តរជាតិរបស់ WHO ដែលមានសមាជិក១០នាក់ ធ្វើដំណើរទៅចិនដើម្បីសិក្សា និងស្វែងរកប្រភពនៃជំងឺឆ្លងកូវីដ-១៩។
គណៈកម្មការសុខាភិបាលជាតិចិននៅថ្ងៃទី១១ ខែមករា បានប្រកាសពីកាលបរិច្ឆេទទៅដល់របស់អ្នកជំនាញអង្គការសុខាភិបាលពិភពលោកដើម្បីស្រាវជ្រាវរកប្រភពជំងឺកូវីដ-១៩ ។ កាលពីខែតុលាឆ្នាំ២០២០ រដ្ឋាភិបាលចិន និង WHO សម្រេចបានកិច្ចព្រមព្រៀងស្តីពីការស្រាវជ្រាវប្រភពជំងឺកូវីដ-១៩។ ចាប់តាំងពីជំងឺនេះបានផ្ទុះមក ចិនបានអញ្ជើញអ្នកជំនាញ WHO ទៅបំពេញទស្សនកិច្ចនៅប្រទេសខ្លួនចំនួន២ដងរួចហើយដែរក្នុងខែកុម្ភៈ និងកក្កដា។
«ក្រោយការពិភាក្សារវាងភាគីទាំងពីរ ក្រុមអ្នកជំនាញអន្តរជាតិរបស់ WHO ស្តីពីការស្វែងរកប្រភពកូរ៉ូណាវីរុសប្រភេទថ្មី នឹងបំពេញទស្សនកិច្ចនៅចិនចាប់ពីថ្ងៃទី១៤ ខែមករា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្ររួមជាមួយអ្នកវិទ្យាសាស្ត្រចិន»។ នេះយោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការសុខាភិបាលជាតិចិន។ អាជ្ញាធរសុខាភិបាលចិន មិនបានបញ្ជាក់ពីកាលវិភាគនៃការធ្វើដំណើរ និងទីតាំងដែលក្រុមការងារនឹងចុះទៅសិក្សាឡើយ។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ធ្លាប់បានរំឭករដ្ឋាភិបាលចិនថា បេសកកម្មស្រាវជ្រាវរបស់អ្នកជំនាញនៅចិន ជាអាទិភាពរបស់ស្ថាប័នសុខាភិបាលមួយនេះ។ WHOរំពឹងថា ក្រុមការងារអាចនឹងទៅដល់ចិនតាំងតែពីដើមខែមករាមកម្ល៉េះ ប៉ុន្តែត្រូវបានអាជ្ញាធរចិនពន្យារពេលដោយអះអាងថា ត្រូវរៀបចំផែនការជាច្រើន។
ការកំណត់ពីប្រភពនៃជំងឺឆ្លង ជារឿងដ៏ស្មុគស្មាញ។ នេះបើតាមរបាយការណ៍ WHO ព្រោះការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ត្រូវមានគម្រោងត្រឹមត្រូវដែលអាចពង្រីកការយល់ដឹងពីសត្វដែលផ្ទុកជំងឺ ក៏ដូចជាវិធីសាស្ត្រដែលជំងឺនោះឆ្លងមកមនុស្ស។ ជារួម អ្នកវិទ្យាសាស្ត្រជាច្រើនជឿថា ប្រជៀវ ជាសត្វដែលផ្ទុកវីរុសនៃជំងឺកូវីដ-១៩ ប៉ុន្តែពួកគេពុំដឹងថាសត្វអ្វីដែលឆ្លងវីរុសនេះពីប្រជៀវ និងចម្លងមកមនុស្សឡើយ ឬវីរុសឆ្លងដោយផ្ទាល់ទៅមនុស្សឡើយ។
ការស្រាវជ្រាវរកប្រភពកូវីដ-១៩ មិនមែនជាការរកកំហុសអ្នកណាឡើយ។ នេះបើតាមការលើកឡើងរបស់លោក Fabian Leendertz សមាជិកម្នាក់នៃបេសកកម្មក្នុងខែធ្នូ ឆ្នាំ២០២០។ លោក Leendertz ដែលជាអ្នកជំនាញជំងឺឆ្លងមកពីវិទ្យាស្ថាន Robert Koch ដែលជាភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងរបស់អាល្លឺម៉ង់ ពន្យល់ថា បេសកកម្មនេះមានបំណងក្នុងការស្វែងយល់ពីអ្វីដែលបានកើតឡើង និងដើម្បីបង្ការហេតុការណ៍បែបនេះនាពេលអនាគត តាមរយៈការកាត់បន្ថយគ្រោះថ្នាក់។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Bloomberg នាថ្ងៃទី៦ មករា លោក Liang Wannian អ្នកជំនាញជំងឺឆ្លង និងជាអ្នកពិនិត្យវិធានការប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ចិន បញ្ជាក់ថា ក្រុមកាងារWHO និងអ្នកជំនាញចិន នឹងរួមគ្នាវិភាគទិន្ន័យ និងសំណាកតេស្តដែលយកមកពីផ្សារលក់សត្វព្រៃក្នុងក្រុងវូហាន ទីដែលជំងឺកូវីដ-១៩ ផ្ទុះឡើងដំបូង។
បេសកកម្មស្រាវជ្រាវរកប្រភពជំងឺកូវីដ-១៩ នឹងដឹកនាំដោយលោក Peter Ben Embarek អ្នកជំនាញផ្នែកជំងឺឆ្លងពីសត្វរបស់ WHO ។ លោក Ben Embarek ធ្លាប់បានទៅទស្សនកិច្ចនៅចិនក្នុងខែកក្កដា ឆ្នាំ២០២០ ដើម្បីស្រាវជ្រាវដំណាក់កាលដំបូងពីជំងឺនេះ៕