អន្តរជាតិ
លោក ត្រាំ ដាក់រដ្ឋធានីវ៉ាស៊ីនតោនក្នុងស្ថានការណ៍អាសន្ន ខណៈ FBI ព្រមានពីកុបកម្មប្រដាប់អាវុធ ឆ្មាំជាតិអាមេរិក នៅមុខវិមានកាពីតូល។ រូបភាព៖ Bloomberg
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានយល់ព្រមលើសំណើដាក់រដ្ឋធានីវ៉ាស៊ីនតោនក្នុងស្ថានការណ៍អាសន្នរហូតដល់ថ្ងៃទី២៤ ខែមករា ដោយសារមានការគំរាមវាយប្រហារលើអាគាររដ្ឋាភិបាលដូចអ្វីដែលកើតឡើងលើវិមានសភា។ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ព្រមាននៅថ្ងៃទី១០ ខែមករាពីលទ្ធភាពនៃផ្ទុះឡើងកុបកម្មហិង្សាប្រដាប់អាវុធនៅរដ្ឋទាំង៥០ និងនៅរដ្ឋធានីនាថ្ងៃលោក ចូ បៃឌិន ស្បថចូលកាន់តំណែងប្រធានាធិបតី។
ការអនុញ្ញាតដាក់រដ្ឋធានីក្នុងស្ថានការណ៍អាសន្ន ធ្វើឡើងក្រោយការស្នើសុំទៅកាន់សេតវិមានរបស់លោកស្រី Muriel Bowser អភិបាលក្រុងវ៉ាស៊ីនតោន។ ក្នុងលិខិតស្នើ លោកស្រីលើកឡើងពីព័ត៌មានសម្ងាត់បង្ហាញថា ក្រុមប្រដាប់អាវុធជ្រុលនិយម បានរៀបចំធ្វើដំណើរមកកាន់រដ្ឋធានី។ ឯ FBI ក៏បញ្ចេញរបាយការណ៍ថា មានក្រុមប្រដាប់អាវុធ មានបំណងលុកលុយអាគាររដ្ឋាភិបាលនៅរដ្ឋទាំង៥០ រួមទាំងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី២០ ខែមករា ពេលដែលលោក ចូ បៃឌិន ស្បថចូលកាន់តំណែង។
ជាមួយការប្រកាសដាក់រដ្ឋធានីវ៉ាស៊ីនតោនក្នុងស្ថានការណ៍អាសន្ននេះ កងកម្លាំងសហព័ន្ធ នឹងត្រូវពង្រាយអមកម្លាំងប្រចាំទីក្រុងដើម្បីជួយរក្សាសុវត្ថិភាព។ ជាវិធានការបង្ការគ្រោះថ្នាក់ កងឆ្មាំជាតិចំនួន១ម៉ឺន៥ពាន់នាក់ត្រូវបានអនុញ្ញាតឲ្យបញ្ជូនទៅរដ្ឋធានី ខណៈអ្នកទេសចរត្រូវបានហាមមិនឲ្យទៅទីលានវ៉ាស៊ីនតោន ដែលស្ថិតចន្លោះនៅសេតវិមាន និងវិមានសភារហូតដល់ថ្ងៃទី២៤ ខែមករា។
ទោះជាកម្លាំងឆ្មាំជាតិជាង១ម៉ឺននាក់នឹងត្រូវដាក់ពង្រាយក្តី លោក Chris Murphy សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យបារម្ភថាចំនួននេះអាចនឹងពុំគ្រប់គ្រាន់ឡើយ។ លោក បានសសេរលិខិតទៅលោក Christopher Miller រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិឲ្យបញ្ជូនកម្លាំងបន្ថែម។
ស្របពេលមានការគំរាមបែបនេះ លោក បៃឌិន មិនរុញរាក្នុងការចូលរួមពិធីស្បថចូលកាន់តំណែងដែលធ្វើនៅវិមានកាពីតូលឡើយ។ «ខ្ញុំ មិនខ្លាចនឹងស្បថនៅខាងក្រៅឡើយ»។ នេះជាការលើកឡើងរបស់លោក បៃឌិន ប្រាប់ទៅអ្នកកាសែតនៅរដ្ឋ Delaware ។ ជាប្រពៃណី ប្រធានាធិបតីស្បថចូលកាន់តំណែងនៅទីលានខាងក្រៅនៃវិមានកាពីតូល។
ជុំវិញការរៀបចំពិធីស្បថចូលកាន់តំណែងវិញ លោកស្រី Bowser ក៏បានផ្ញើលិខិតទៅលោក Chad Wolf រដ្ឋមន្ត្រីស្ដីទីក្រសួងសន្តិសុខមាតុភូមិឲ្យរំសាយចោលនូវកម្មវិធីជួបជុំជាសាធារណៈទាំងអស់រហូតដល់ថ្ងៃទី២៤ ខែមករា ព្រមទាំងស្វែងរកវិធានការការពារសន្តិសុខថ្មី ដើម្បីបញ្ចៀសកុំឲ្យហេតុការថ្ងៃទី៦ ខែមករាម្ដងទៀត។
ជាទូទៅ ពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីមានអ្នកគាំទ្រមកចូលរួម រាប់ម៉ឺននាក់។ ប៉ុន្តែដោយការឆ្លងជំងឺកូវីដ-១៩ គណៈកម្មការរៀបចំពិធី បានអំពាវនាវឲ្យពលរដ្ឋកុំធ្វើដំណើរមកចូលរួម និងបានត្រៀមដោតទង់ជាតិអាមេរិកជាង២សែនទង់ជំនួសវត្តមានមនុស្សនៅទីលានទល់មុខវិមានកាពីតូល៕
Tag:
អាមេរិក
បោះឆ្នោតអាមេរិក
ដូណាល់ ត្រាំ
ចូ បៃឌិន
© រក្សាសិទ្ធិដោយ thmeythmey.com