ជាតិ
​​​ន​យោ​បាយ​ជាតិ​
មក​ឬ​មិន​មក​?
14, Jan 2021 , 1:20 pm        
រូបភាព
លោក សម រង្ស៊ី និង អ្នកស្រី មូរ សុខហួរ រួមទាំងថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំងផ្សេងទៀត ទៅជួបអ្នកគាំទ្រនៅកូរ៉េខាងត្បូងនាពេលកន្លងមក ដើម្បីធ្វើមហាបាតុកម្មភ្លើងទៀន ហើយក្នុងអំឡុងពេលនោះ ពួកគាត់ បានទៅគោរពវិញ្ញាណក្ខន្ធបាតុករកូរ៉េ
លោក សម រង្ស៊ី និង អ្នកស្រី មូរ សុខហួរ រួមទាំងថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំងផ្សេងទៀត ទៅជួបអ្នកគាំទ្រនៅកូរ៉េខាងត្បូងនាពេលកន្លងមក ដើម្បីធ្វើមហាបាតុកម្មភ្លើងទៀន ហើយក្នុងអំឡុងពេលនោះ ពួកគាត់ បានទៅគោរពវិញ្ញាណក្ខន្ធបាតុករកូរ៉េ
​មនុស្ស​មួយចំនួន ប្រហែលជា​កំពុង​រង់ចាំ​មើល ថា​តើ​ក្រុម​អ្នកប្រឆាំង ពិតជា​ហ៊ាន​ចូល​ស្រុក​ដូច​ប្រកាស​មែន​ឬក៏​អត់​? សល់​តែ​១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់ពេល ដែល​ពួកគាត់ កំណត់​ចូល​ស្រុក​ហើយ​។​


​តាម​ការគ្រោងទុក ដំណើរ​មាតុភូមិ​និវត្ត​របស់​ក្រុម​អ្នកប្រឆាំង ដែល​ដឹកនាំ​ដោយ​អ្នកស្រី មូរ សុខ​ហួរ អនុប្រធាន​គណបក្សប្រឆាំង នឹង​ចាប់ផ្តើម​ចេញដំណើរ​នៅ​ថ្ងៃស្អែក​នេះហើយ គឺ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១​។ សេចក្តីប្រកាស​របស់​គ​ណ​បក្សប្រឆាំង​កន្លងមក បាន​ឲ្យ​ដឹងថា អ្នកស្រី និង​ប្រតិភូ​អម​អ្នកស្រី នឹង​ចាក​ចេញពី​អាមេរិក តាម​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Singagore Airlines ហើយ​បើ​គ្មានអ្វី​ប្រែ​ប្រួល​ទេ ពួកគាត់ នឹង​ដល់​ភ្នំពេញ នៅ​ល្ងាច​ម៉ោង​៥​និង​៣៥​នាទី នា​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១​។ 
 
​អ្នកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ស្នើ​ដល់​អាជ្ញាធរ​កម្ពុជា ជួយ​សម្រួល​ដល់​ក្រុម​អ្នក​ជំនា​ស់ ឲ្យ​បាន​វិលត្រឡប់​ចូល​ស្រុក​វិញ​ដោយ​សុវត្ថិភាព​។ ការដែល​ស្នើសុំ​ឲ្យ​អាជ្ញាធរ ជួយ​សម្រួល​ដល់​ការធ្វើ​មាតុភូមិ​និវត្ត​របស់​ក្រុម​អ្នកជំទាស់ ក៏​ព្រោះតែ​អ្នកស្រី ចង់​ឲ្យ​ពួកគេ បាន​ចូលរួម​សវនាការ និង​ដើម្បី​បានការ​ពារ​រឿងក្តី​របស់ខ្លួន នៅក្នុង​តុលាការ​។ 
 
​សារ​របស់​អ្នកស្រី គឺធ្វើឡើង​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Special Rapporteur Cambodia ដែល​បង្ហោះ​ចេញ នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ ហើយ​ត្រូវបាន​ចែក​រំ​លែកបន្ត​ដោយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការ​សហ​ប្រជា​តិ​ប្រចាំ​កម្ពុជា (United Nations Human Rights in Cambodia)​។​
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច ឆ្លើយតប​ថា សំណុំរឿង​របស់​ក្រុម​អ្នកប្រឆាំង គឺពាក់ព័ន្ធ​ជាមួយនឹង​តុលាការ តែ​មិន​ពាក់ព័ន្ធ​អ្វី​ជាមួយ​រដ្ឋាភិបាល​ឡើយ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា អ្នកនាំពាក្យ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​រូបនេះ បញ្ជាក់ថា​៖«​កាលណា​តុលាការ កោះហៅ ពួកគាត់ ចូល​បាន​ឬ​មិនបាន គឺជា​រឿង​របស់​ពួកគាត់ អត់​មានមក​បង្គាប់​រដ្ឋាភិបាល ឲ្យ​ជួយ​សម្រួល​ឯកសារ​ឲ្យ​ទេ​»​។ 
 
​អ្នកស្រី មូរ សុខ​ហួរ បាន​សរសេរ​លិខិត​ថ្វាយទៅ​ព្រះមហាក្សត្រ ក្រាបបង្គំ​ទូលថ្វាយ​ព្រះអង្គ ឲ្យ​ជួយ​ធ្វើ​ព្រះរាជអន្តរាគមន៍ ទៅ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យរដ្ឋាភិបាល​កម្ពុជា ផ្ដល់​សុពលភាព​លិខិតឆ្លងដែន និង​ទិ​ដ្ឋ​ការ​ដល់​អ្នកស្រី​និង​ក្រុម​អ្នកប្រឆាំង​វិញ ហើយ​អ្នកស្រី​និង​អ្នកប្រឆាំង អាចធ្វើ​ដំណើរ​ចូល​កម្ពុជា​។  
 
​កន្លងមក អ្នកស្រី​និង​ក្រុម​អ្នកប្រឆាំង ធ្លាប់​ទៅ​ដាក់សំណើ​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេ​រិ​ក ហើយ​ថែមទាំង​ផ្ញើ​សំណើ​ជូនទៅ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទៀតផង ដើម្បី​សុំ​ឲ្យ​ផ្តល់​សុពលភាព​លិខិតឆ្លងដែន ដល់​ពួកគាត់​វិញ តែ​មិន​ទទួលបាន​លទ្ធផល​អ្វី​ឡើយ​។ ពួកគាត់ ត្រូវ​ក្រសួងការបរទេស​កម្ពុ​ជា បិទ​សុពលភាព​លិខិតឆ្លងដែន កាលពី​ចុងឆ្នាំ​២០១៩​មក​។

​លោក សុខ ឥសាន សរសេរ​ទៅកាន់​ក្រុម​អ្នក​សែត តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ថា ការចង់បាន​ទិដ្ឋាការ​ចូល​កម្ពុជា គឺជា​កិច្ចការរដ្ឋបាល ដូច្នេះ ការ​ទៅសុំ​ព្រះរាជអន្តរាគមន៍​ពី​ព្រះមហាក្សត្រ គឺ​មិន​ត្រឹមត្រូវ​នោះទេ​។ លោក ចំអក​ឲ្យ​ក្រុមប្រឆាំង​ថា​៖«​បើ​ប្តេជ្ញា​យក​គុក​ធ្វើ​ផ្ទះ​ទៅហើយ នៅ​រក​អន្តរា​គម​ន៍ស្អី​ទៀត មក​តែម្តងទៅ​»​។ 
 
​តាមពិត គម្រោង​មាតុភូមិ​និវត្ត​របស់​អ្នកស្រី មូរ សុខ​ហួរ និង​ក្រុម​អ្នកប្រឆាំង គឺត្រូវធ្វើ​ឡើង​តាំងពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១​មកម្ល៉េះ ប៉ុន្តែ ពួកគាត់ ​ខកខាន​។ ហេតុផល​របស់​អ្នកស្រី មូរ សុខ​ហួរ គឺ​ដោយសារតែ​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ EVA Airway ដែល​អ្នកស្រី និង​ប្រតិភូ​អម​អ្នកស្រី ត្រូវ​ជិះ​ចេញពី​អាមេរិក បាន​ផ្អាក​ការហោះហើរ​។​
 
​ចំពោះ​សំណើ​របស់​អ្នកស្រី រ៉ូ​ណា ស្មី​ត គឺធ្វើឡើង​ស្របពេល​ដែល តុលាការ​ភ្នំពេញ ត្រូវ​បន្ត​សវនាការ​លើ​ក្រុមប្រឆាំង​ជាង​១០០​នាក់ ក្នុង​សំណុំរឿង​រួមគំនិត​ក្បត់ [​ជាតិ​] និង សំណុំរឿង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​។ អ្នកស្រី បន្តថា អ្នកស្រី កំពុង​តាមដាន​យ៉ាង​ដិតដល់​ចំពោះ​ការចាត់វិធានការ​ផ្លូវ​តុលាការ ទៅលើ​សមាជិក​និង​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​។ ភាគច្រើន​នៃ​ក្រុម​អ្នកប្រឆាំង​ទាំងនោះ គឺ​កំពុង​រស់​នៅឯ​ក្រៅប្រទេស​។ 
 
​បើ​ការបង្ហាញ​ខ្លួន​របស់​ពួកគេ​ក្នុង​សវនាការ មិនអាច​ចាត់ចែង​បាន អ្នកស្រី លើកទឹកចិត្ត​អាជ្ញាធរ ជួយ​សម្រួល​ឲ្យ​ពួកគេ អាច​ចូលរួម​សវនាការ​ពី​ចម្ងាយ ឬ​ពន្យារពេល​ជំនុំជម្រះ រហូតដល់​ពួកគេ អាចធ្វើ​ដំណើរ​ចូល​ស្រុក​បាន​។ អ្នកស្រី មានប្រសាសន៍ថា​៖«​ខ្ញុំ នៅតែមាន​កង្វល់​អំពី​ការជំនុំជម្រះ​ក្តី​ដែលមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដែល​ធ្វើឡើង​នៅ​ថ្ងៃស្អែក [​ព្រឹក​ថ្ងៃ​១៤​មករា​នេះ​]​។ [….] លើសពីនេះទៅទៀត ខ្ញុំ មាន​កង្វល់​ផងដែរ អំពី​ជនជាប់ចោទ​មួយចំនួន ដែល​ត្រូវបាន​កាត់ទោស​កំបាំងមុខ បើទោះជា​ពួកគេ​បាន​ព្យាយាម​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូលរួម​ក្នុងការ​ជំនុំជម្រះ​ក្តី​នេះ​ក៏ដោយ​»​។​
 
​លោក សុខ ឥសាន ថ្លែង​មកកាន់​សារព័ត៌មាន​ថ្មីៗ​ថា ការស្នើសុំ​របស់​អ្នកស្រី រ៉ូ​ណា ស្មី​ត ឲ្យ​ក្រុមប្រឆាំង បាន​ចូល​ស្រុក ដើម្បី​តតាំង​ក្នុង​តុលាការ និង​ការបង្ហាញ​ក្តីបារម្ភ​របស់​អ្នកស្រី អំពី​ការកាត់ទោស​កំបាំងមុខ​លើ​ពួកគេ គឺ​គ្រាន់តែ​ជាការ​យល់ឃើញ​និង​ការគិត​របស់​អ្នកស្រី​ប៉ុណ្ណោះ ប៉ុន្តែ ការសម្រេច គឺ​អាស្រ័យ​លើ​តុលាការ​។ 
 
​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ តុលាការ​ភ្នំពេញ បាន​បើក​សវ​នាកា​រលើ​ក្រុម​អ្នកប្រឆាំង​ជាង​១០០​នាក់ ប៉ុន្តែ មានតែ​ជា​ង៣០​នាក់​ប៉ុណ្ណោះ ដែល​បាន​ចូលរួម​សនាន​ការ ដោយ​ជិត​១០០​នាក់​ទៀត អវត្តមាន ដ្បិត​ភាគច្រើន គឺ​ពួកគេ នៅក្រៅ​ប្រទេស​។ ក្រោយ​ចប់​សវនាការ​នាពេលនោះ តុលាការ មិនបាន​សម្រេចសេចក្តី​អ្វី​ឡើយ ដោយ​គ្រាន់តែ​​ច្របាច់​សំណុំរឿង​ចូលគ្នា​ជា​២​សំណុំរឿង​។ តុលាការ កំណត់ថា សំណុំរឿង​ទី​១ មាន​មនុស្ស​ជាង​៥០​នាក់ ត្រូវ​បន្ត​សនា​ការ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ និង​សំណុំរឿង​ទី​២ មាន​មនុស្ស​ជាង​៧០​នាក់ នឹងត្រូវ​បន្ត​នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១​។​
 
​តាម​ការគ្រោងទុក តុលាការ​ភ្នំពេញ ត្រូវ​បន្ត​បើក​សវន​ការ ជំនុំជម្រះ​លើ​សំណុំរឿង​ទី​១ ដែល​មនុស្ស​ជាង​៥០​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​នេះ​។ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការផ្តល់​ព័ត៌មាន​ជុំវិញ​ការបើក​សនា​ការ​នេះ ពី​លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​ឲ្យ​ពួកគេ​បានឡើយ ដោយ​ហៅ​ទូរស័ព្ទ​មិន​ចូល​។​
 
​លោក សម រង្ស៊ី មេដឹកនាំ​កំពូល​របស់​ក្រុមប្រឆាំង រួមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយ​ចំ​នួ​យ​ទៀត​របស់លោក ដូចជា អ្នកស្រី មូរ សុខ​ហួរ និង លោក អេង ឆៃអ៊ាង ជាដើម ក៏​ស្ថិត​ក្នុងចំណោម​មនុស្ស​ជាង​១០០​នាក់ ដែល​ត្រូវ​តុលាការ​កោះហៅ ក្រោម​បទ​រួមគំនិត​ក្បត់ [​ជាតិ​] និងបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម។ ​
 
​អ្នកស្រី មូរ សុខ​ហួរ បញ្ជាក់ថា មូលហេតុ ដែល​អ្នកស្រី និង​ក្រុម​អ្នកប្រឆាំង​ផ្សេងទៀត ចង់​វិល​ចូល​ស្រុក គឺ​ដើម្បី​តតាំង​ក្នុង​តុលាការ​។ វា ជាគម្រោង​លើក​ទី​២ របស់​ក្រុម​អ្នកប្រឆាំង ដែល​ប្រកាស​ចូល​ស្រុក​វិញ ខណៈ​ពួកគាត់ ចាក​ចេញពី​ស្រុក​អស់​រាប់​ឆ្នាំ​មកហើយ​។ ប៉ុន្តែ គម្រោង​មាតុភូមិ​និវត្ត​លើក​ទី​២ មិនមានការ​ចូលរួម​ពី​លោក សម រង្ស៊ី ឡើយ ដោយ​ក្រុម​អ្នកប្រឆាំង ចាត់តាំង​អ្នកស្រី មូរ សុខ​ហួរ ឲ្យ​ដឹកនាំ​ការធ្វើ​មាតុភូមិ​និវត្ត​នេះ​ទៅវិញ​។ 
 
​យ៉ាងណា លោក សម រង្ស៊ី ក៏​ធ្លាប់​ប្រកាស​ដែរ ថា លោក មាន​គម្រោង​លើក​ទី​២ ក្នុង​ការវិល​ចូល​ស្រុក​វិញ ប៉ុន្តែ លោក មិនទាន់​ប្រាប់​ពី​កាលបរិច្ឆេទ​ជាក់លាក់​ឡើយ​។ គម្រោង​លើក​ទី​១ គឺ​លោក ចង់​ចូល​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ តែ​ត្រូវ​បរាជ័យ​។ លោក ចោទ​រដ្ឋាភិបាល ថា ខ្លាច​វត្តមាន​របស់រ​ប​ស់លោក នៅ​កម្ពុជា ទើប​ហាម​ក្រុមហ៊ុន​យន្តហោះ មិន​ឲ្យ​ដឹក​លោក ចូល​កម្ពុជា​។ កាលនោះ រដ្ឋាភិបាល តប​វិញ​ថា លោក មិន​ហ៊ាន​ចូល​កម្ពុជា​ដោយ​ខ្លួនឯង​៕ 
 
 
 

Tag:
 ​មូរ សុខ​ហួរ​
  មាតុភូមិ​និវត្ត​
  រ៉ូ​ណា ស្មី​ត​
  សុខ ឥសាន​
© រក្សាសិទ្ធិដោយ thmeythmey.com