ជាតិ
បុរស​ដែល​អះអាង​ជា​អាវុធហត្ថ ហើយ​ដក​កាំភ្លើង​គំរាម​យុវជន​ម្នាក់ នៅ​ម្ដុំ​ផ្សារ​ថ្មី ត្រូវបាន​ឃាត់ខ្លួន​
14, Jan 2021 , 3:19 pm        
រូបភាព
​ភ្នំពេញ​៖ បុរស​ដែល​អះអាង​ជា​អាវុធហត្ថ ហើយ​ដក​កាំភ្លើង​ភ្ជង់​យុវជន​ម្នាក់ នៅ​ម្ដុំ​ផ្សារ​ថ្មី​កាលពី​ថ្ងៃទី​១០ មករា​នោះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ​។ នេះ​បើតាម​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កាលពី​ថ្ងៃទី​១៣ មករា​។​



​លោក អេង ហ៊ី បាន​បញ្ជាក់ថា បុរស​ដែល​ត្រូវបាន​ឃាត់ខ្លួន​នេះ មានឈ្មោះ សុខ ណា​ម៉ាលី​ដូ មុខរបរ​បុគ្គលិក​រោង​ចក្រ​កាត់ដេរ មិនមែនជា​មន្ត្រី​កងរាជអាវុធហត្ថ ដូច​ការអះអាង​របស់​គេ​ឡើយ​។ ការឃាត់ខ្លួន​នេះ ក្រោម​ការដឹកនាំ និង​សម្របសម្រួល​ដោយ​លោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
 
«​កងរាជអាវុធហត្ថ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន និង​បានបញ្ជាក់​ច្បាស់​ថា ក្នុងករណី​បុគ្គល​ណា​ប្រព្រឹត្ត​ល្មើសច្បាប់ ត្រូវតែ​បញ្ជូន​បុគ្គល​នោះ​ទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់ ដូច​ទិស​ស្លោក​ដែល​បាន​ដាក់ចេញ​“​ចំពោះ​ប្រទេសជាតិ​ត្រូវតែ​ការពារ​! ចំពោះ​ប្រជា​ត្រូវតែ​បម្រើ​! ច្បាប់​ត្រូវតែ​គោរព​! បទល្មើស​ត្រូវតែ​បង្ក្រាប​”!»​។ នេះ​ជាការ​លើកឡើង​របស់លោក អេង ហ៊ី​។​
 
​កាលពី​យប់​ថ្ងៃទី​១០ មករា បុរស​ដែល​ត្រូវបាន​ឃាត់ខ្លួន​ខាងលើ បាន​បើករថយន្ត ទៅ​ប៉ះគ្នា​ជាមួយ​យុវជន​ម្នាក់​ដែល​ជិះ​ម៉ូតូ​។ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ បុរស​ត្រូវបាន​ឃាត់ខ្លួន​នោះ បាន​ដក​កាំភ្លើង​គំរាម​លើ​ភាគី​ម្ខាង​ទៀត ដោយ​អះអាងថា ខ្លួន​ជា​នាយករង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​៕
 
 

Tag:
 អេង ហ៊ី​
  អាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com